Tuesday, August 14, 2012

Good temper is like a sunny day , it sheds its brightness everywhere .

-កំទេចពណ៌មាសនៃសុរិយា ចាំងធ្លុះវេហាកាត់ព្រឹក្សព្រៃ ទោះជាទិនករឆ្ងាយផែនដី ក៏ផ្សាចរស្មីពុំជិនណាយ។
-ដូចតារាបថដែលគោចរ ហ្វូងផ្កាយសាទរនឹងរាត្រី សម្ផស្សច័ន្ទចោមលោមហឫទ័យ ព្រិចៗពណ្ណរាយល្អអនេក។
-លួងលោមសត្វលោកដែលប្រចិត្ត ឲ្យឆ្ងាយខ្វល់គិត ជួយរំលែក ឱ ដួងតារាភ្មាសពេញមេឃ អ្នករួមជជែកជាភឿនផៅ។
-សម្រស់ធម្មជាតិពិតមានន័យ បរិសុទ្ធឥតបីល្អពេកកូវ សមរចាត់ឆ្លាក់បន្សល់នៅ ស្រាស់ព័ទ្ធជ្រកនៅក្នុងបេះដូង។
-ហេមះស្រិចៗដូចពេជ្រឆ្នៃ ដល់អស់ផ្កាព្រៃសព្វទាំងពួង អធិមុត្តិមេត្តាមិនរំលង វាយោបមផងនាំសោមនស្ស។
-សូម្បីផ្ទៃមេឃពណ៌ល្អណាស់ ពពកដេរដាសគន់ឥតទាស់ ជាបទពណ៌នាមិនរីងខ្សោះ កវីផ្តងផ្តោះក្បោះក្បាយពេក។
-សុរិយោទ័យរស្មីខ្ចាយ ឧត្បលទាំងឡាយរីកស្គាយប្លែក ទាំងហរិតជាតិឆ្លៀតមកញែក បង្អួតកែវភ្នែកឲ្យស្តាយគន់។
-អភិប្រាយរីករាយឥតឧបមា អរគុណទ្វីប៉ាផ្តល់សោភ័ណ ព្រលឹម រាត្រីនិងសាយ័ណ្ណ ប្រៀបនឹងទឹកមន្តសណ្តំចិត្ត។
-ភួងម្លិះលំអរដល់កេសា ធម្មជាតិនោះណានាំជីវិត ឲ្យសុខរម្យនាសោភាពិត ច្នេះគួររួមគិតថែឲ្យល្អ។

0 comments:

Post a Comment