កំណាព្យ = ខ្ទមស្រែសុភមង្គល
-សាយ័ន្តសោភាខ្យល់ត្រជាក់ ភ្លៀងរលឹមធ្លាក់លោមទ័យា ទោះបីខ្ទមតូចតែសុខា មានស្រែ ទឹកថ្លាព័ទ្ធជុំវិញ។
-សំណាបបៃតងយោលរេរាំ ផ្គលាន់គ្រាំៗ ដូចទន្ទេញ ផ្លេកបន្ទោរឆ្វាច ហាក់ទោម្នេញ ព្រះពាយផាត់ចេញពពកខ្មៅ។
-បក្សីបក្សារកទ្រនុំ ហើរជាហ្វូងធំឆ្ពោះសំដៅ រកទីរមនាអាស្រ័យនៅ សំបុកកក់ក្តៅ ជុំគ្រួសារ។
-ដូចជាខ្ទមតូចរបស់ខ្ញុំ ផ្តល់ក្តីសុខដុមក្សាន្តឱរា រសៀលជ្រៀលជ្រេព្រះសុរិយា យាងចូលក្រឡាព្រះបន្ទុំ។
-ទេសភាពស្ងប់ស្ងាត់ មិនអផ្សុក បន្លែស្លរស្លុក ននោងស្អំ ត្រឡាច ត្រសក់ មានតូចធំ ខ្ញុំជ្រួយពូនដាំមិនឲ្យខ្វះ។
-មានជីរ ស្លឹកគ្រៃ រមាតខ្ជាយ ផ្លែដូងទាំងធ្លាយនៅក្បែរផ្ទះ មានដាំផ្កាម្លិះក្រអូបណាស់ ព្រឹកព្រាងស្រឡះសាយគន្ធា។
-នៅពេលទំនេរជញ្ជាត់ត្រី គ្រាន់នឹងលកលៃជាម្ហូបម្ហា បានក្តាមបានខ្យងស្លរលាយគ្នា ម្ជូរល្ហុង ត្រីចង្វា ឈ្ងុយប្រហុក។
-ពេលយប់ខែខ្នើតមើលដួងខែ ហាក់មន្តបំពេរផ្តល់ក្តីសុខ ខ្យល់បក់រំភើយ អារម្មណ៍ស្មុគ រសាត់ត្រសុក តាមវាតា។
-ខ្ទមតូចមែនពិតចិត្តសែនស្នេហ៍ ចិត្តមិនប្រួលប្រែកែសាវា ចង់រស់ផ្ញើរកាយលុះមរណា ឱ ខ្ទមជរា មេត្តាខ្ញុំ។
0 comments:
Post a Comment