និម្មិតសញ្ញានៃប្រទេសកម្ពុជា
-គោព្រៃ ច្រើនរស់នៅព្រៃស្តុក ស៊ីស្មៅគ្រប់មុខជាអាហារ ស្លឹកឈើ ខ្ចីៗ ក្នុងព្រឹក្សា គីរីបព្វតាទីអាស្រ័យ។
-ឯសត្វត្រយងតែងហិចហើរ ទុំលើមែកឈើ ផុតពីដី ស៊ីផ្លែឈើទុំឬមួយខ្ចី ជាពូជបក្សីនៃខេមរា។
-ឯអណ្តើកហ្លួងរស់រយឆ្នាំ រស់ជាប្រចាំក្នុងគង្គា គួរយើងមមៃថែរក្សា កុំបំផ្លាញគ្នាតាមចំណង់។
-រីដើមត្នោតវិញប្រយោជន៍ច្រើន នាំផលចម្រើនល្អផូរផង់ ទឹកដមកៀបស្ករ ត្រងបំពង់ ផ្លែខ្ចី ឆ្ងាញ់ខ្ញង់ជាបង្អែម។
-ផ្លែទុំធ្វើនំអាកោត្នោត ក្មេងយំបញ្ឆោត អាកោផ្អែម លៃលកខំដាំ ច្រើនបន្ថែម បានភោគផលថែមបើឧស្សាហ៍។
-រំដួលបុប្ផាដុះក្នុងព្រៃ គួរគួចភិសម័យថ្នមស្នេហា ក្រអូបក្រអែបសាយគន្ធា តំណាងបុប្ផា កុលស្រ្តី។
-គល់រាំងពូជត្រីដ៏កម្រ គួរចិត្តស្មោះសរគិតឃ្មាតខ្មី កុំឲ្យដាច់ពូជបាត់សូន្យអី ថែទាំលកលៃក្រែងក្មេងស្គាល់។
-ឯចេកពងមាន់ សោភ័ណគាប់ បើធ្វើដំណាប់ញ៉ាំមិនសល់ នំក្រម៉ៅថតអំបុកផ្ទាល់ ខាំក្រុបនឹកដល់កូននៅផ្ទះ។
-គួរឈប់បំផ្លាញព្រៃព្រឹក្សា គ្រាន់សត្វផងគ្នាជ្រកនៅខ្លះ នេសាទខុសច្បាប់ អន្តរាយណាស់ ឯត្នោតដេរដាសឥឡូវស្បើយ។
-ធនធាន លើដី និងក្រោមដី ពិចារណាជាថ្មីអ្នកធំអើយ អភិវឌ្ឍន៍ ៗ អស់រលីងហើយ កូនចៅខ្មែរក្រោយតើបានអី?
0 comments:
Post a Comment