Friday, October 12, 2012

APSARA (Apsara Khmer)

Cambodia Apsara កំណាព្យ = ឱ អប្សារាស្រី

-ឱ អប្សារាអើយខ្ញុំលួចស្នេហ៍ ចង់បាននាងក្បែរនៅនែបនិត្យ បានត្រឹមសុបិនថាវរមិត្ត ឆោមយង់ស្នាលស្នឹទ្ធជីតរៀមរ៉ា។
-ដងខ្លួនល្វតល្វន់ទន់ល្វតល្វៃ ល្អអស់លើសស្រីឋានសួគា៌ ចិញ្ចើមងរខ្វង់សមនេត្រា រីឯកេសាវែងអន្លាយ។
-ឱ អប្សារា ខ្ញុំជំពាក់ ចង់គន់មើលភ័ក្ត្រមិនជិនណាយ នាងរាំរបាំ ញញឹមខ្ចាយ ស្វាគមន៍គ្រប់កាយភ្ញៀវទស្សនា។
-រៀមប្រឹងសម្លឹងទ្រឹងភ្លេចខ្លួន បេះដូងអង្រួនលួចស្នេហា ល្អអើយសែនល្អនាងអប្សារា តំណាងធីតាកល្យាណី។
-សុភាពរមទម្យសមឥតខ្ចោះ គន់មើលគ្មានទាស់ទាំងជើងដៃ វង់ភ័ក្រ្ត ដូចខែពេញបូរមីណ៍ បានត្រឹមស្រម័យតែមិនហ៊ាន។
-បុប្ផាខេមរារីករហង់ ល្អល្អះអស់អង្គគួរចង់បាន ល្អឫកល្អរាងស្រស់ភុំផាន ប្រពៃណីជាស្ពានទំនៀមខ្មែរ។
-របាំអប្សារាជាមង្គល ប្រសើរសុខសល់ដំណែលកេរ្ត៍ ក្បូរក្បាច់ចម្លាក់គួរខំថែ ប្រាង្គប្រាសាទខ្មែរច្រើនស្អេកស្កះ។
-របាំអប្សារានៃឋានសួគ៌ ក្បាច់រាំ បវរជាមោទនះ ខ្មែរអើយរក្សាដោយស្មោះស្ម័គ្រ វប្បធម៌ចារឆ្លាក់ជាតិខេមរា។
-របាំប្រពៃថ្លៃដូចពេជ្រ អរិយធម៌រំលេចល្អអស្ចារ្យ ល្បីល្បាញនាមាលើលោកា ឱ អប្សារា កុលស្រ្តីខ្មែរ ........!

The Heart Behavior

My Heart កំណាព្យ = បេះដូងខ្ញុំមួយ...

-បេះដូងតែមួយ បែកច្រើនផ្នែក គិតចង់រំលែកខ្វល់ព្រួយភ័យ ខ្លាចជាតិបាត់បង់ សូន្យទឹកដី ណាគិតដល់ផ្ទៃឃ្លានឈឺផ្សា។
-ណាគិតដល់កូនមិនដល់ត្រើយ បេះដូងខ្ញុំអើយសែនគ្រាំគ្រា ណាគិតដល់ម្តាយចាស់ជរា បេះដូងពុះពារមិនហ៊ានឈប់។
-បេះដូងនៃខ្ញុំបរិសុទ្ធណាស់ ឧត្តមគតិមិនផ្លាស់ គ្មានថ្ងៃចប់ បេះដូងជាម្តាយតែងជាម្លប់ តស៊ូមិនឈប់ដើម្បីបុត្រ។
-ប៉ុន្តែពេលខ្លះបេះដូងខ្ញុំ ស្រពាប់ស្រពោនចង់ស្ងៀមស្ងប់ ធុញឆាកជីវិតដ៏អភ័ព្វ រស់គ្មានក្តីគាប់ក្នុងជីវិត។
-ពេលខ្លះបេះដូងប្រែក្លាហាន កម្លាំងរុញច្រានមហិមាពិត បន្តរដំណើរ ទោះកម្មកិត អំណាចទឹកចិត្តទល់ឧបស័គ្គ។ -អរគុណបេះដូងមិនទន់ជ្រាយ រឹងមាំមិនណាយ ខ្ញុំមោទនះ ទោះកម្មកំណាចជាច្រវាក់ ក៏បេះដូងឆ្លាក់ វិរភាព។