កំណាព្យ =សាយ័ន្តសោភាក្រោយពេលភ្លៀងរួច
-អារម្មណ៍ស្រស់ថ្លាសាយ័ន្តត្រជាក់ ក្រោយពេលភ្លៀងធ្លាក់ស្រោចស្រពបុប្ផា បង្អួតបង្អែបសាយក្លិនគន្ធា ពេញល្វែងនាសានារសៀលនេះ។
-បំពេញកាតព្វកិច្ចជាពលរដ្ឋរួច ឥឡូវដេកហួចសំរាកនៅផ្ទះ មើលមេឃស្រទុំពពកដេរដាស់ ផ្ទៃពណ៌ត្រចះគួរគួចចេតនា។
-សត្វហើរត្រសងវិលរកទ្រនុំ ដើម្បីជួបជុំជាមួយបុត្រភ្ងា មានទាំងចំណីទុកបរិភោក្តា ម្ល៉េះកូនឃ្លានផ្សានៅក្នុងសំបុក។
-សត្វហើរជាហ្វូងហាក់ដូចក្បួនទ័ព មិនអាចនឹងរាប់ ខ្លះហើរក្រោយមុខ ហិចហើរក្រវែលហាក់មានក្តីសុខ ច្រៀវច្រៃទំនុកស្តែងភាពរីករាយ។
-រស់ជាបក្សីបក្សាម្យ៉ាងដែរ រស់មួយឆ្អែតគែ គ្មានគិតខ្វល់ខ្វាយ មិនមានចិត្តលោភ ដូចមនុស្សទាំងឡាយ ស៊ីឆ្អែតក្អាកក្អាយជជែកអឺងកង។
-មិនដូចពួកមនុស្សខ្លះស្មូរកំណាញ់ អាក្រក់គួរខ្នាញ់មើលងាយអ្នកផង អាងខ្លួនមានទ្រព្យឫកធំកន្លង ក្អេងក្អាងបំណងចង់ឲ្យគេកោត។
-ភ្លេចគិតសីលទានបំពានហួសហេតុ អប្រិយដូចប្រែត ទោសះលន់លោភ គ្មានក្តីមេត្តាប្រាថ្នាក្រសោប មានលុយវាល់កោដិក៏មិនស្កប់ដែរ។
-ធម្មជាតិត្រកាលមេឃពណ៌ខៀវខ្ចី នាពេលរាត្រីរស្មីដួងខែ សុរិយាយាងយាស វេនច័ន្ទបំពេរ មនុស្សសត្ចផងដែរឲ្យលក់ស្កប់ស្កល់។
0 comments:
Post a Comment