Friday, October 12, 2012

APSARA (Apsara Khmer)

Cambodia Apsara កំណាព្យ = ឱ អប្សារាស្រី

-ឱ អប្សារាអើយខ្ញុំលួចស្នេហ៍ ចង់បាននាងក្បែរនៅនែបនិត្យ បានត្រឹមសុបិនថាវរមិត្ត ឆោមយង់ស្នាលស្នឹទ្ធជីតរៀមរ៉ា។
-ដងខ្លួនល្វតល្វន់ទន់ល្វតល្វៃ ល្អអស់លើសស្រីឋានសួគា៌ ចិញ្ចើមងរខ្វង់សមនេត្រា រីឯកេសាវែងអន្លាយ។
-ឱ អប្សារា ខ្ញុំជំពាក់ ចង់គន់មើលភ័ក្ត្រមិនជិនណាយ នាងរាំរបាំ ញញឹមខ្ចាយ ស្វាគមន៍គ្រប់កាយភ្ញៀវទស្សនា។
-រៀមប្រឹងសម្លឹងទ្រឹងភ្លេចខ្លួន បេះដូងអង្រួនលួចស្នេហា ល្អអើយសែនល្អនាងអប្សារា តំណាងធីតាកល្យាណី។
-សុភាពរមទម្យសមឥតខ្ចោះ គន់មើលគ្មានទាស់ទាំងជើងដៃ វង់ភ័ក្រ្ត ដូចខែពេញបូរមីណ៍ បានត្រឹមស្រម័យតែមិនហ៊ាន។
-បុប្ផាខេមរារីករហង់ ល្អល្អះអស់អង្គគួរចង់បាន ល្អឫកល្អរាងស្រស់ភុំផាន ប្រពៃណីជាស្ពានទំនៀមខ្មែរ។
-របាំអប្សារាជាមង្គល ប្រសើរសុខសល់ដំណែលកេរ្ត៍ ក្បូរក្បាច់ចម្លាក់គួរខំថែ ប្រាង្គប្រាសាទខ្មែរច្រើនស្អេកស្កះ។
-របាំអប្សារានៃឋានសួគ៌ ក្បាច់រាំ បវរជាមោទនះ ខ្មែរអើយរក្សាដោយស្មោះស្ម័គ្រ វប្បធម៌ចារឆ្លាក់ជាតិខេមរា។
-របាំប្រពៃថ្លៃដូចពេជ្រ អរិយធម៌រំលេចល្អអស្ចារ្យ ល្បីល្បាញនាមាលើលោកា ឱ អប្សារា កុលស្រ្តីខ្មែរ ........!

The Heart Behavior

My Heart កំណាព្យ = បេះដូងខ្ញុំមួយ...

-បេះដូងតែមួយ បែកច្រើនផ្នែក គិតចង់រំលែកខ្វល់ព្រួយភ័យ ខ្លាចជាតិបាត់បង់ សូន្យទឹកដី ណាគិតដល់ផ្ទៃឃ្លានឈឺផ្សា។
-ណាគិតដល់កូនមិនដល់ត្រើយ បេះដូងខ្ញុំអើយសែនគ្រាំគ្រា ណាគិតដល់ម្តាយចាស់ជរា បេះដូងពុះពារមិនហ៊ានឈប់។
-បេះដូងនៃខ្ញុំបរិសុទ្ធណាស់ ឧត្តមគតិមិនផ្លាស់ គ្មានថ្ងៃចប់ បេះដូងជាម្តាយតែងជាម្លប់ តស៊ូមិនឈប់ដើម្បីបុត្រ។
-ប៉ុន្តែពេលខ្លះបេះដូងខ្ញុំ ស្រពាប់ស្រពោនចង់ស្ងៀមស្ងប់ ធុញឆាកជីវិតដ៏អភ័ព្វ រស់គ្មានក្តីគាប់ក្នុងជីវិត។
-ពេលខ្លះបេះដូងប្រែក្លាហាន កម្លាំងរុញច្រានមហិមាពិត បន្តរដំណើរ ទោះកម្មកិត អំណាចទឹកចិត្តទល់ឧបស័គ្គ។ -អរគុណបេះដូងមិនទន់ជ្រាយ រឹងមាំមិនណាយ ខ្ញុំមោទនះ ទោះកម្មកំណាចជាច្រវាក់ ក៏បេះដូងឆ្លាក់ វិរភាព។

Sunday, October 7, 2012

The road to be happiness

Take time to be friendly - It's the road to happiness .....

-មិត្តល្អកម្រនឹងរកបាន មិត្តពាលសាមាណ្យងាយរកណាស់ មុនសេពគប់មិត្តគិតឲ្យច្បាស់ មិត្តខ្លះនាំយើងផុងអបាយ។
-បុគ្គលិកលក្ខណះជាមនុស្សល្អ ប្រកបដោយធម៌ភ្លឺពណ្ណរាយ មិត្តល្អជាទ្រព្យបុណ្យសម្ពាយ ណែនាំមិនណាយផ្លូវសុចរិត។
-បាបមិត្តផ្អែមពិតតែមាត់ក្រៅ កេងកិបនាំផ្លូវ អាក្រក់ពិត ពេលយើងមានប្រាក់ឫកជិតស្នឹទ្ធ ពេលយើងដាបពិតចិត្តប្រែប្រួល។
-ប្រៀបដូចពាឡម្រឹគស្វែងចំណី យើងដូចឈ្លូសព្រៃកំពុងដួល គេគ្មានមេត្តា អាសូរដល់ ត្របាក់គ្មានសល់តាមគម្លាន។
-ប្រើភ្នែកសម្លឹងប្រឹងពិនិត្យ គប់មិត្តត្រូវគិតចិត្តជាឈាន ស្មោះស្ម័គ្រមិនគិតរឿងក្រមាន នេះហៅកល្យាណមិត្តប្រាកដ។
-ជួយយើងពេលជួបភ័យអាសន្ន ទោះគ្មានទ្រព្យធន ចិត្តបរិសុទ្ធ ជួយលួង ទឹកចិត្ត ដោយសន្មត់ ទោះក្រកំសត់អត់ធ្មត់ក្បែរ។
-យើងជួបមិត្តល្អជាសំណាង បុព្វេបានសាងកុសលទ្វេរ ស្មើនិស្ស័យគាប់ភ្ជាប់ស្ថិតស្ថេរ យូលង់រយខែមិនប្រែចិត្ត។

Friday, October 5, 2012

The Evening's view after rain

កំណាព្យ =សាយ័ន្តសោភាក្រោយពេលភ្លៀងរួច

-អារម្មណ៍ស្រស់ថ្លាសាយ័ន្តត្រជាក់ ក្រោយពេលភ្លៀងធ្លាក់ស្រោចស្រពបុប្ផា បង្អួតបង្អែបសាយក្លិនគន្ធា ពេញល្វែងនាសានារសៀលនេះ។
-បំពេញកាតព្វកិច្ចជាពលរដ្ឋរួច ឥឡូវដេកហួចសំរាកនៅផ្ទះ មើលមេឃស្រទុំពពកដេរដាស់ ផ្ទៃពណ៌ត្រចះគួរគួចចេតនា។
-សត្វហើរត្រសងវិលរកទ្រនុំ ដើម្បីជួបជុំជាមួយបុត្រភ្ងា មានទាំងចំណីទុកបរិភោក្តា ម្ល៉េះកូនឃ្លានផ្សានៅក្នុងសំបុក។
-សត្វហើរជាហ្វូងហាក់ដូចក្បួនទ័ព មិនអាចនឹងរាប់ ខ្លះហើរក្រោយមុខ ហិចហើរក្រវែលហាក់មានក្តីសុខ ច្រៀវច្រៃទំនុកស្តែងភាពរីករាយ។
-រស់ជាបក្សីបក្សាម្យ៉ាងដែរ រស់មួយឆ្អែតគែ គ្មានគិតខ្វល់ខ្វាយ មិនមានចិត្តលោភ ដូចមនុស្សទាំងឡាយ ស៊ីឆ្អែតក្អាកក្អាយជជែកអឺងកង។
-មិនដូចពួកមនុស្សខ្លះស្មូរកំណាញ់ អាក្រក់គួរខ្នាញ់មើលងាយអ្នកផង អាងខ្លួនមានទ្រព្យឫកធំកន្លង ក្អេងក្អាងបំណងចង់ឲ្យគេកោត។
-ភ្លេចគិតសីលទានបំពានហួសហេតុ អប្រិយដូចប្រែត ទោសះលន់លោភ គ្មានក្តីមេត្តាប្រាថ្នាក្រសោប មានលុយវាល់កោដិក៏មិនស្កប់ដែរ។
-ធម្មជាតិត្រកាលមេឃពណ៌ខៀវខ្ចី នាពេលរាត្រីរស្មីដួងខែ សុរិយាយាងយាស វេនច័ន្ទបំពេរ មនុស្សសត្ចផងដែរឲ្យលក់ស្កប់ស្កល់។