Wednesday, September 26, 2012

The Mother

កំណាព្យ = ម៉ែ .......

-ពាក្យម៉ែមួយម៉ាត់ ទោះកូនហៅ រាប់លានដង ពៅមិនធុញទេ មានភ័យអាសន្នស្រែករកម៉ែ ទោះរយឆ្នាំខែក៏ពេញចិត្ត។
-កូនស្រឡាញ់ម៉ែលើសអ្វីៗ នឹកហ័ត្ថម៉ែបីថ្នាក់ថ្នមស្នឹទ្ធ ម៉ែជាបេះដូងត្រួយជីវិត ពេលម៉ែឱបរិតកូនកក់ក្តៅ។
-សសុតសសៀជិតទ្រូងម៉ែ ស្តាប់សៀងបំពេរឲ្យកូនពៅ អ្នកគេងឲ្យស្កប់ណាឆោមឆ្លៅ រូបម៉ែនិត្យនៅក្បែរនេះទេ។
-បានគេងប្របៀតជិតអ្នកម្តាយ អារម្មណ៍រីករាយសុខកើនទ្វេ អរគុណម៉ែណាស់ចិញ្ចឹមថែ បើសិនគ្មានម៉ែ គ្មានក្តីសុខ។
-ទោះកូនខុសឆ្គងដូចម្តេចក្តី ម៉ែតែងប្រណីលើកលែងទោស ព្រហ្មវិហារធម៌ដូចមេឃខ្ពស់ ម៉ែជាព្រះរស់ក្នុងចិត្តកូន។
-ពេលកូនឈឺថ្កាត់ក្តៅរងា ថ្នាក់ថ្នមបុត្តភ្ងាទោះយប់យន់ ទ្រាំអត់ងងុយកាយទុរុន ដួងចិត្តស្រពោនដោយព្រួយភ័យ។
-មេត្តានៃម៉ែចំពោះបុត្ត ធំធេងបំផុតជាងប្រថពី បើសិនគណនាមេឃសែនទ្វី ធំជាងគីរីរាប់មុឺនដង។
-មមៃនឹកគិតគ្រប់ដង្ហើម ដល់កូនថ្លៃថ្លើម សុខទុក្ខផង បន់ព្រះទេវតា កូនបានឆ្លង ឧបស័គ្គទាំងពួងកុំឡើយយល់។
-ម៉ែហ៊ានលះបង់ទាំងជីវី ព្រមគ្រប់នាទីរងអំពល់ ឲ្យតែកូនសុខ ក្នុងមង្គល ម្លប់ម៉ែថែផ្តល់ជានិរន្នន៍។
-ឥឡូវម៉ែចាស់កាយជរា ឈឺពុំដែលជា គ្មានស្រាកស្រាន ដូចជារស្មីហៀបនឹងឈាន អស្តង្គតច្រានចូលអន្ធកា។

Khmer Poem

Khmer Poem

អរុណសួស្តីមិត្តទាំងអស់ រីករាយសោមនស្សទិវាថ្មី ចែកស្នាមញញឹមដ៏មានន័យ និងគំនិតឆ្នៃប្រឌិតជោគ។
សន្តី មេត្តា កុំបីភ្លេច មធុរសពាក្យពេចន៍ មិត្តរួមលោក ប្រកាន់ធម្មាឈប់បំពោក កិរិយាស្មោគគ្រោគលះឲ្យឆ្ងាយ។
រស់ជាមនុស្សលើផែនភព គួរខំស្កាត់ទប់ផ្លូវអបាយ សេពគប់មិត្តល្អចាកអន្តរាយ វិជ្ជាពណ្ណរាយកើនបញ្ញា។
កុំឆាប់ជឿលង់ពាក្យផ្អែមល្ហែម ត្រូវឈ្វេងយល់ថែមដោយពិចារណ៍ រៀនរស់ រៀនរក តាមមាគ៌ា សុចរិតសោតណា ទើបជួបសុខ។

Tuesday, September 25, 2012

Sport doesn't care who you are

Paralympics - London 2012 - Sport doesn't care who you are


By Sumsung



Disadvantages of selfishness

កំណាព្យ= គុណវិប័ត្តនៃអស្មិមានះ

-អស្មិមានះនៃមនុស្សខ្មែរខ្លះ ចចើងធ្វើចេះអួតក្អេងក្អាង ដូចជាកង្កែបនៅក្នុងពាង មិនដឹងមេឃ រាងធំដូចម្តេច។
-អស្មិមានះក្នុងសន្តាន លោភះជាស្ពានឈានកលកិច្ច កើនទោសវង្វេងផុងក្នុងល្បិច ជាន់ឈ្លីពន្លិចរាស្រ្តស្លូតត្រង់។
-អស្មិមានះជាដើមហេតុ ពិចារណ៍សង្កេតត្រូវបាត់បង់ ឧត្តមគតិជាតិឃ្លាតប្រាណប្រុង មនសិការជង់ក្នុងធ្នាក់ខ្មាំង។
-អស្មិមានះ ជះអាងយ៉ាង អំណាចអញអាងកុំតតាំង បើឯងធ្វើចាញ់អញសម្រាំង ជាភឿនកម្លាំង ខ្លាំងបក្សយើង។
-ឱ ម្នាលជគត់ ក្បត់មាតុភូមិ ស្តាយកេរ្ត៍ស្តុកស្តម្ភត្រូវរលើង សម្បត្តិធនធានរានកាយប៉ើង ទៅតាមទំនើងនៃលោភះ។
-រាស្រ្តរស់ទុរគតសែនវឹកវរ បង្ក្រាបបន្តរ ឃោរឃៅជាក់ សង្វេកក្នុងចិត្ត គ្មានពំនាក់ រស់សែនអួលអាក់ឈឺផ្សាក្តៅ។
-ឱ អស្មិមានះ ដ៏កោងកាច បញ្ឈប់អំណាច ល្បិចឈាមខ្មៅ អាសូររាស្រ្តឃ្លាន ក្រផុងជ្រៅ គ្មានសេរី នៅ សម្រាប់រស់។
-សូមព្រលឹងបុព្វបុរសខ្មែរ ជួយមកបំបែរជនក្បត់នោះ សង្ហរណ៍ឲ្យយល់ធម៌សង្គ្រោះ សាមគ្គីនាំយស ផុតមហន្តរាយ។
-កុំឲ្យពូជខ្មែរបង់នាមា ព្រោះលោភស័ក្តា មកកំចាយ ស្រោចស្រង់ប្រទេសកុំធ្វេសកាយ ប្រើមោក្ខុបាយជាតិនិយម។
-សាមគ្គីៗជាកម្លាំង ទើបខ្មែរឈ្នះខ្មាំងមហិច្ឆិតាធំ បើយើងមិនរួមគិតប្រមុំ នោះអាសន្នធំបាត់ទឹកដី។

កំណាព្យ =មហាបុរសខ្មែរ

-ព្រះជ័យវរ្ម័ន្នទី៧

និងព្រះរាជនីដ៏សោភា ទ្រង់ល្បីល្បាញឆ្នើមល្អនាមា ជួយរាស្រ្តប្រជាដោយករុណា។
-រជ្ជកាលនៃទ្រង់ល្បីល្បាញណាស់ ធ្វើចម្បាំងឈ្នះលើបច្ចា ស្ថាបត្យកម្មមហិមា

មានបទចម្រៀងមួយណាធ្វើអោយបងនឹកអូន- Sokun Kanha

[ RHM VCD VOL 131 ] Mean Bot Jomreang Mouy Na Tver Oy Bong Nirk Oun - Sokun Kanha


បទ: មានបទចម្រៀងមួយណាធ្វើអោយបងនឹកអូន ច្រៀងដោយ សុគន្ធកញ្ញា


ចិត្តបងសព្វថ្ងៃ- Samuth + Sothea

បទ ចិត្តបងសព្វថ្ងៃ ច្រៀងដោយ ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា

រស់ស្នេហ៍ឧត្តម- Samuth + Sothea

រសស្នេហ៍ឧត្ដម - ឬ ដើមត្រែងយោល ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត​​ + អ្នកស្រី រស់ សេរីសុទ្ធា (និពន្ធដោយលោកៈ គង្គ ប៊ុនឈឿន)


រឿងពិតរបស់អូន- Samuth & Sothea

រឿងពិតរបស់អូន

បទភ្លេង និងទំនុក ដោយ ស៊ីន ស៊ីសាមុត


ច្រៀងដោយ រស់ សេរីសុទ្ធា និង ស៊ីន ស៊ីសាមុត


ដឹកនាំភ្លេង ដោយ មែរ ប៊ុន


This song has lyric

Sunday, September 23, 2012

ព្រាត់ទាំងស្រលាញ់ - ស៊ីន​ ស៊ីសាមុត

ព្រាត់ទាំងស្រលាញ់


ចម្រៀង "ព្រាត់ទាំងស្រលាញ់" ច្រៀងដោយលោក ស៊ីន ស៊ីសាមុត


ដើម្បី ទាញយកបទចម្រៀងសូមចុចពាក្យ "Download" ខាងក្រោម


Download

Song Seng Horn - 10 year wait love

សុង សេងហ៊ន- ១០ឆ្នាំចាំស្នេហ៍


ចម្រៀង "១០ចាំផ្លូវ" ច្រៀងដោយអ្នកស្រី សុង សេងហ៊ន


Download Mp3

Night without moon!

Night without moon

កំណាព្យ = រនោចគ្មានខែ

-ខែមួយចំណិតឥតរស្មី ដូចជីវិតស្រីជួបអន្ធការ លួងចិត្តខ្លួនឯងកុំទុក្ខា ធ្វើម្តេចវាសនាជួបអភ័ព្វ។
-មើលហ្វូងប្រវឹកគង់រីករាយ ឆាបឆ្វែលមិនណាយមើលត្រីខ្នាប់ ដួងខែរនោចហាក់ស្ងៀមស្ងាត់ រត្តិចរចាត់ ស្ងាត់សូន្យឈឹង។
-ក្បូនអើយៗក្បូនកាត់នទី ព្យុះគួចវក់វី ក្បូនគ្មានពឹង អណ្តែតត្រសែតបាត់លំនឹង ក្បូនប្រឹងសម្លឹងត្រើយកោះឆ្ងាយ។
-រាត្រីរនោចខ្លោចផ្សាចិត្ត អន្និច្ចាជីវិតកម្មតាមកាយ បញ្ញត្តសន្និវាសគ្រហឹមខ្ចាយ រែកពុនសម្ពាយឆ្ងាយក្តីគាប់។
-ឱ ភវាភព ម្តេចកម្រិត? ឲ្យមានជីវិត ពិតធុញថប់ ខំសាងកុសលក្រែងផ្តល់ភ័ព្វ តែប្រែអួអាប់ឥតរស្មី។
-ដួងខែរនោចគង់មានខ្នើត ខ្ញុំតាំងពីកើត ទល់តរុណី មិនដែលយល់ឡើយពេលរីករាយ ទោះពេចន៍លានស្តីក៏មិនអស់។
-ចង់ប្តឹងនឹងព្រហ្ម ម្តេចកម្រឹត? ទ្រង់ផ្តល់ជីវិតដែលក្រៀមក្រោះ ដូចជាធរណីគ្មានភ្លៀងសោះ ដូចផ្កាស្វិតខ្សោះអស់គន្ធា។
-វិនាសអស់ហើយក្តីសង្ឃឹម... ទាំងស្នាមញញឹម ធ្លាប់ស្រស់ថ្លា ទោះដួងខែខ្នើត ក៏អន្ធការ ពពកត្រៀបត្រាបាំងពន្លឺ។
-ដូចទឹកដែលហូរក្នុងសវន្តី មិនត្រឡប់វៃ បានត្រឹមឮ សម្លេងលួងលោមឲ្យស្បើយឬ? ស្អប់ជីវិត ឌឺ និរាសគាប់ .......!

រត្តិចរ =រាត្រីកាល
ភវាភព =ភពដែលកើតចាស់ឈឺស្លាប់

A hundred time of missing

កំណាព្យ =រយចាំមិនភ្លេច .....:

-ទូកនៅកំពង់រង់ចាំម្ចាស់ ម្តេចក៏អ្នកផ្លាស់ផ្តាច់និស្ស័យ ស្រពោនក្នុងចិត្តឥតឧបម័យ ម្តេចគ្មានអាល័យភ្លេចសន្យា។
-វត្តសសរ១០០ ជាសាក្សី ព្រះពុទ្ធសក្ខីក្តីស្នេហា សម្បថឥតន័យអស់ខ្លឹមសារ ភ្លេចអនុស្សាហ៍ សាងរួមគ្នា។
-ស្រណោះទូកតូច អុំកាត់បឹង បងនិងព្រលឹង យើងសន្ទនា រយលានពាក្យពេចន៍ ផ្អែមម្ល៉េះណា រាល់ពេលសន្ធយា សែនត្រជាក់។
-បងភ្លេចស្នាមក្តិច ភ្លេចលែងចាំ ស្នេហ៍ប្រែប្រេះស្រាំ ឈានបែកបាក់ រនោចគ្មានខែ ថែចិត្តស្ម័គ្រ អូនយំសស្រាក់ព្រោះឈឺចិត្ត។
-ស្នេហ៍ដូចជាផ្សែង ត្រសែតចោល ស្នេហ៍ដូចស្រមោល ឆ្ងាយលែងជិត និរាសក្តីស្មោះ សល់ក្បត់ផិត ព្រានចិត្តឧក្រិដ្ឋគ្មានមេត្តា។
-ធ្វើម្តេចអូនក្រគ្មានទ្រព្យធន មិនអាចផ្គាប់ផ្គុនប្រុសជីវ៉ា មានបេះដូងស្មោះ ជូនរៀមរ៉ា មិនឈ្នះដុល្លា បងលាស្រី។
-នឹកពេលណាត់ជួប ភ្លៀងធ្លាក់ខ្លាំង ចាំលុះភ្លៀងរាំង មិនឃើញថ្លៃ ចាំ ចិត្តរកាំ ចាំគ្មានន័យ កំពង់ទូកស្រី ស្មាលាហើយ។
-លា លែងជួបស្នេហ៍ ប្រុសមិនស្មោះ សូមអ្នកទៅចុះ ឈប់ឆ្លងឆ្លើយ ធ្នាក់ព្រានអប្រិយស្រីលាហើយ គុកកម្មឥតស្បើយស្នេហ៍អភ័ព្វ។
-ទឹកភ្នែកអូនហូរ លានតំណក់ ទឹកភ្នែកដែលស្រក់ តាងឈឺចាប់ ព្រះនាងកង្រីសុខចិត្តស្លាប់ តឹកតាងស្នេហ៍ភ្ជាប់គាប់ភក្តី។
-តែអូនមិនស្លាប់ព្រោះស្នេហ៍ក្បត់ លេបក្តីជូរចត់ ស្នេហ៍គ្មានន័យ អូនតស៊ូរស់ព្រោះម្តាយថ្លៃ ស្នេហ័ក្បត់ភក្តីស្រីលាហើយ។

Cambodia's rainy season

Rainy Season in Cambodia

កំណាព្យ = វស្សានរដូវ

-ភិរុណបង្អុរទឹកព្រៀបស្រែ កសិករខ្មែរសាប ដក ស្ទូង ប្រវាសដៃគ្នា មិនបង្អង់ ភ្ជួររាស់ គន្លង អ្នកស្ទូងដាំ។
-សន្ទូងរត់ជួរពណ៌បៃតង អ្នកភូមិត្រសង តាមចំណាំ ការងាររួចរាល់យើងសស្រាំ សំរាកដណ្តាំ រៀបម្ហូបម្ហា។
-ខ្ទមស្រែទ្រុឌទ្រោមក៏រីករាយ ស្វាគមន៍មិនណាយ អ្នកគ្រប់គ្នា អែអុកជួបជុំបរិភោក្តា ម្ហូបច្រើនត្រៀបត្រាមិនមានខ្វះ។
-សន្ទូងរេរាំតាមវាយោ នៅក្រោមមេឃពណ៌ខៀវត្រចះ ដួងព្រះទិនករភ្លឺស្រឡះ ហ្វូងសត្វដេដាសហើរពេញមេឃ។
-លលក សារិកា ហើរច្រវាត់ មានច្រើនពេកក្តាត់គន់គាប់ភ្នែក លម្ហាចទឹកស្រែ ទាក់ហ្វូងក្អែក កុក ក្រៀល រារែក មិនហ៊ានចុះ។
-វាលស្រែបៃតងលាតសន្ធឹង កសិកររំពឹង រែងសោមនស្ស សង្ឃឹមភោគផលបានយ៉ាងខ្ពស់ បន្តរជន្នរស់ ដោយមោទនះ។
-លម្ហែ មើលស្រែ បង្ហូរទឹក សន្សើមពេលព្រឹក សែនត្រជាក់ មើលទ្រូនិងលបដាក់ជាធ្នាក់ ប្រឡាយទឹករាក់បានត្រីខ្នាប់។
-មានផ្ទក់ អណ្តែងនិងត្រីក្រាញ់ ស្លរម្ជូរយ៉ាងឆ្ងាញ់ ត្រីអាំងស្រាប់ ផ្ទាប់ម្ជូរក្រសាំងឬស្វាយសាប់ បាយក្តៅលូកញាប់ នេះម្ហូបស្រែ។
-មានទំពាំងជ្រក់ភ្លក់មិនណាយ ប្រហុកកប់កាយចុចញាប់ស្មេរ ត្រប់ដុត ពពាយ ននោងដែរ នេះសុទ្ធបន្លែ អ្នកភូមិខ្ញុំ។
-សាសង សសៀរ សន្ធនាប្រាប់ ម្ហូបខ្មែរ ឆ្ងាញ់គាប់ ចិត្តសុខដុម ប្រហើរ កកូរ ដាក់ស្លឹកម្រុម មិននៅច្រិមច្រុមឆីទា

Remember when (នឹកឃើញគ្រាមួយ)

Remember When

កំណាព្យ = នឹកឃើញគ្រាមួយ ....

-របោមចោមរោមនៅព្រៃល្បោះ សន្ធឹកទឹកជ្រោះរត់ប្រណាំង ភិរុណបង្អុរមកយ៉ាងខ្លាំង អង្គការចាត់តាំងចូលព្រៃស្តុក។
-ឲ្យរកទំពាំងឬស្សីព្រៃ កង្វាវនៅដៃធ្ងន់កណ្តុក ខំកាវទំពាំងទាំងចិត្តស្មុគ ឮសូរធ្លាក់ខ្ពុកត្រេកអរពេក។
-រើសដាក់ក្នុងល្អីមិនបង្អង់ មិត្តប្អូនមិត្តបងផ្អាកជជែក ខ្លះទូល ខ្លះលី ខ្លះទៀតរែក រួសរាន់បំបែកគ្នាធ្វើការ។
-ដើរឆ្លងទឹកអូរហូររិញៗ ក្រពះទន្ទេញឃ្លានអាហារ ណាមួយរមាស់ក្រហាយផ្សា ទំពាំងនោះណារោលរាលស្បែក។
-ណាទាកវាទាមបឺតឈាមជាប់ ល្ហិតល្ហៃស្ទើរស្លាប់ចង់តែស្រែក កាយស្គមកំព្រឹងគួរសង្វេក ទោះយំប្រាប់មេឃៗមិនជួយ។
-ការងាររួចរាល់ថ្ងៃចង់លិច ភ្លៀងធ្លាក់ស្រិចៗរឭកភួយ មានតែរទេះគោគ្រាន់ជួយ ស្ទុះស្ទាលើកស្ទួយដឹកភោគផល។
-មេឃងងឹតឈ្លប់នៅក្នុងព្រៃ អារម្មណ៍ព្រួយភ័យជ្រួលច្របល់ រាត្រីចរអើយម្តេចមិនខ្វល់ អាណិតគិតដល់អ្នកសង្រេង។
-អ្នកមុខខំតោងរទេះជាប់ ឯអ្នកបន្ទាប់កាន់មិនលែង តោងដៃគ្នាដើរខ្លាចវង្វេង រន្ធត់សម្លេងមៀម ទីទុយ។
-ណាផ្លូវរអិល ណាងងឹត ខំលួងលោមចិត្តត្រូវតែស្លុយ បំណាច់នឹងស្លាប់ឆាប់ប្រថុយ ដើរឆ្លង ដើរលុយ ទឹកភ្លៀងហូរ។
-នេះហើយជីវិតក្នុងរបបក្បត់ អ្វីៗជូរចត់មិនហ៊ានថ្ងូរ បបរមួយវែក ក្រពះរោទ៍ រស់ទាំងត្រដរកំដរពេល។

My Dream

កំណាព្យ = សុបិនមួយ ..:::::

-បើសិនមានផ្ទះលើមាត់អូរ ស្តាប់សូរទឹកហូរសែនពិរោះ ខ្យល់ផាត់ត្រជាក់រែងសោមនស្ស ផ្ការាំង អួតឈ្មោះថាភក្តី។
-ផ្កាចារ រីកស្គាយពណ៌ក្រហម លួងលោមប្រលោមដល់ហឫទ័យ ក្រអូបគន្ធរសរំដួលព្រៃ គួចនឹកមមៃវ័យកុមារ។
-សម្លេងទឺកហូរកាត់ផ្ទាំងថ្ម ឮសូរឈូរឆ លាយវាតា យើងងូតទឹកលេងប្រឡែងគ្នា កញ្ជ្រោកទឹកថ្លាសប្បាយក្រៃ។
-ឯសត្វបក្សីខំអួតខ្លួន យោលស្លឹកអង្រួនលាន់ច្រៀវច្រៃ ប្រឡូកប្រឡែងឥតព្រួយភ័យ នៅក្នុងព្រឹកព្រៃឋានរមនា។
-បដិសណ្ឋារះភ្ញៀវទេសចរ សន្តិបវរហួសពណ៌នា ម្លប់ឈើត្រឈៃញ៉ាំងចិន្តា រីករាយឧវមាគ្មានអ្វីប្រៀប។ -ផ្តេកកាយណាយខ្វល់ សុខដុមពេក គន់មើលពណ៌មេឃរចនារៀប ពពកដេដាស់មានខ្ពស់ទាប សាងជាក្បួនកាព្យដល់កវី។
-បើសាកុណិកមិនមកក្បែរ សែនសុខម្ល៉េះទេដែនព្រឹក្សព្រៃ ម្រឹគីម្រឹគានិងបក្សី ស្វែងរកចំណីឥតកង្វល់។
-សំណាត់ស្លឹកឈើជ្រុះរាយប៉ាយ លាយឡំផ្កាព្រៃហូរមកដល់ យើងមុជទឹកលេងជ័យមង្គល ព្រោះផ្កាបានផ្តល់ក្លិនក្រអូប។
-ស្នាមញញឹមស្រស់លាយក្លិនផ្កា ពាសពេញកាយាមិនណាយស្រូប មហៃសូរស្នេហ៍ក៏មិនដូច ប្រាថ្នាចិត្តគួចដូចបំណង។
-ពេលបើកភ្នែកឡើងទើបដឹងច្បាស់ ខកចិត្តស្រឡះមិនដូចប៉ង គ្រាន់ជាសុបិនឆ្ងាយកន្លង តែសូមបន់ផ្សងឲ្យបានពិត។

Saturday, September 22, 2012

Life without support

កំណាព្យ =អាសូរជីវិតឥតបង្គង

-ភ្លៀងអើយរាំងទៅខ្ញុំរងា ញ័រទាំងកាយាថ្គាមរណ្តំ ទទឹកខ្លួនជោគ វិយោគធំ រស់ខ្វះទ្រនុំវេទនាភ្នែក។
-វេហ៌ាមានហ្វូងបក្សាសត្វ ហិចហើរច្រវាត់ពេញផែនមេឃ ប្រសើរជាងខ្ញុំរស់សង្វេក ខំពួនយំយែកពីរនាក់ប្អូន។
-នេះហើយជីវិតគ្មានមេបា ក្រពះឃ្លានផ្សាក្រៀមស្រពោន រសាត់អណ្តែតដូចជាក្បូន កម្មកាចច្រានលូនកាត់ព្យោមា។
-ឱ ព្រហ្មលិខិតកំណាចម្ល៉េះ ឲ្យខ្ញុំជំនះ នឹងសង្ឃរា ផ្តល់ជីវិតហើយ ម្តេចកំព្រា តតាំងវេរាផ្តន្ទាជាប់។
-អាសូរប្អូនតូចយំរកម្តាយ បងលួងឆោមឆាយ ថ្នមថ្នាក់ឱប ធ្វើម្តេចជីវិតឃ្លាតក្តីគាប់ រស់នៅឥតភ័ព្វ រែងវេទនា។
-វេនអើយ ពេលអើយ លឿនលយទៅ យប់អើយយប់នៅ ម្តេចយូរយា ចង់ឲ្យមច្ចុមកឆាប់រ៉ា មកផ្តាច់សង្ខាឥឡូវភ្លាម។
-ដើររើសសំណល់ម្ហូបអាហារ បញ្ចុកប្អូនភ្ងា យំរហាម អត្តខាត់ អាហារ ចិត្តក្រំក្រៀម ដង្កាប់គម្រាម គ្រប់វេលា។
-សង្ឃឹមនៅឆ្ងាយដូចមេឃខ្ពស់ ឬក៏ស៊ូរស់ក្នុងអន្ធកា រហទដ្ឋាននិត្យអាត្មា គ្មានវរលាណាបានធូរស្បើយ។
-ឱ រស្មីជោគនៃវាសនា សូមកម្រិតចារឲ្យដល់ត្រើយ សូរសែងនៃព្រះសុរិយាអើយ ឮ ខ្ញុំដង្ហើយរកអ្នកទេ?
-អ្នកមានមហិទ្ធិរិទ្ធសូមមកជួយ យិតយោងផុតព្រួយឲ្យល្ហើយល្ហែ សូមសុខេធិតនិត្យមកក្បែរ មកជួយបំបែរទុក្ខឲ្យឆ្ងាយ។

Friday, September 21, 2012

The red flower (ផ្កាពណ៌ក្រហម)

កំំណាព្យ = ផ្កាពណ៌ក្រហម

-ផ្កាពណ៌ក្រហមលួងលោមទ័យា
ឲ្យស្បើយទុក្ខារយពាន់អំពល់
គន់មើលគាប់នេត្រសុខដុមពេកសល់
ជីវិតមង្គលប្រសើរលើសលែង។
-បុប្ផាក្រហមត្រូវការសន្សើម
ព្រោះជាដង្ហើម រីករាយខែងរ៉ែង
សាយគន្ធពិដោរឈ្ងប់ឆ្ងាយកន្លែង
សួនផ្កាតាក់តែងលំអរគយគន់។

អរុណសួស្តី

-ស្វាគមន៍ប្រិយមិត្តពីសួនផ្កា នាដែនព្រឹក្សាពណ៌បៃតង រីករាយថ្ងៃថ្មីឥតមានហ្មង សូមមិត្តគ្រប់អង្គជួបតែសុខ។
បុប្ផាច្រើនណាស់មានគ្រប់ពណ៌ លឿង ក្រហម ស រីកគ្រប់មុខ សួនផ្កាល្អស្អាតសែនផាសុខ អារម្មណ៍ផុតទុក្ខ រិតក្សេមក្សាន្ត។
-សូរស័ព្វចាបច្រៀងឆ្លើយឆ្លងគ្នា ហាក់បទសន្ទនាមិត្តកល្យាណ វេញជាចំណងស្រាយមិនបាន ជីវិតសុខសាន្តនិងធម្មជាតិ។

Symbols of Cambodia (និម្មិតសញ្ញានៃប្រទេសកម្ពុជា)

និម្មិតសញ្ញានៃប្រទេសកម្ពុជា

-គោព្រៃ ច្រើនរស់នៅព្រៃស្តុក ស៊ីស្មៅគ្រប់មុខជាអាហារ ស្លឹកឈើ ខ្ចីៗ ក្នុងព្រឹក្សា គីរីបព្វតាទីអាស្រ័យ។
-ឯសត្វត្រយងតែងហិចហើរ ទុំលើមែកឈើ ផុតពីដី ស៊ីផ្លែឈើទុំឬមួយខ្ចី ជាពូជបក្សីនៃខេមរា។
-ឯអណ្តើកហ្លួងរស់រយឆ្នាំ រស់ជាប្រចាំក្នុងគង្គា គួរយើងមមៃថែរក្សា កុំបំផ្លាញគ្នាតាមចំណង់។
-រីដើមត្នោតវិញប្រយោជន៍ច្រើន នាំផលចម្រើនល្អផូរផង់ ទឹកដមកៀបស្ករ ត្រងបំពង់ ផ្លែខ្ចី ឆ្ងាញ់ខ្ញង់ជាបង្អែម។
-ផ្លែទុំធ្វើនំអាកោត្នោត ក្មេងយំបញ្ឆោត អាកោផ្អែម លៃលកខំដាំ ច្រើនបន្ថែម បានភោគផលថែមបើឧស្សាហ៍។
-រំដួលបុប្ផាដុះក្នុងព្រៃ គួរគួចភិសម័យថ្នមស្នេហា ក្រអូបក្រអែបសាយគន្ធា តំណាងបុប្ផា កុលស្រ្តី។
-គល់រាំងពូជត្រីដ៏កម្រ គួរចិត្តស្មោះសរគិតឃ្មាតខ្មី កុំឲ្យដាច់ពូជបាត់សូន្យអី ថែទាំលកលៃក្រែងក្មេងស្គាល់។
-ឯចេកពងមាន់ សោភ័ណគាប់ បើធ្វើដំណាប់ញ៉ាំមិនសល់ នំក្រម៉ៅថតអំបុកផ្ទាល់ ខាំក្រុបនឹកដល់កូននៅផ្ទះ។
-គួរឈប់បំផ្លាញព្រៃព្រឹក្សា គ្រាន់សត្វផងគ្នាជ្រកនៅខ្លះ នេសាទខុសច្បាប់ អន្តរាយណាស់ ឯត្នោតដេរដាសឥឡូវស្បើយ។
-ធនធាន លើដី និងក្រោមដី ពិចារណាជាថ្មីអ្នកធំអើយ អភិវឌ្ឍន៍ ៗ អស់រលីងហើយ កូនចៅខ្មែរក្រោយតើបានអី?

Happy Cottag (ខ្ទមស្រែសុភមង្គល)

កំណាព្យ = ខ្ទមស្រែសុភមង្គល

-សាយ័ន្តសោភាខ្យល់ត្រជាក់ ភ្លៀងរលឹមធ្លាក់លោមទ័យា ទោះបីខ្ទមតូចតែសុខា មានស្រែ ទឹកថ្លាព័ទ្ធជុំវិញ។
-សំណាបបៃតងយោលរេរាំ ផ្គលាន់គ្រាំៗ ដូចទន្ទេញ ផ្លេកបន្ទោរឆ្វាច ហាក់ទោម្នេញ ព្រះពាយផាត់ចេញពពកខ្មៅ។
-បក្សីបក្សារកទ្រនុំ ហើរជាហ្វូងធំឆ្ពោះសំដៅ រកទីរមនាអាស្រ័យនៅ សំបុកកក់ក្តៅ ជុំគ្រួសារ។
-ដូចជាខ្ទមតូចរបស់ខ្ញុំ ផ្តល់ក្តីសុខដុមក្សាន្តឱរា រសៀលជ្រៀលជ្រេព្រះសុរិយា យាងចូលក្រឡាព្រះបន្ទុំ។
-ទេសភាពស្ងប់ស្ងាត់ មិនអផ្សុក បន្លែស្លរស្លុក ននោងស្អំ ត្រឡាច ត្រសក់ មានតូចធំ ខ្ញុំជ្រួយពូនដាំមិនឲ្យខ្វះ។
-មានជីរ ស្លឹកគ្រៃ រមាតខ្ជាយ ផ្លែដូងទាំងធ្លាយនៅក្បែរផ្ទះ មានដាំផ្កាម្លិះក្រអូបណាស់ ព្រឹកព្រាងស្រឡះសាយគន្ធា។
-នៅពេលទំនេរជញ្ជាត់ត្រី គ្រាន់នឹងលកលៃជាម្ហូបម្ហា បានក្តាមបានខ្យងស្លរលាយគ្នា ម្ជូរល្ហុង ត្រីចង្វា ឈ្ងុយប្រហុក។
-ពេលយប់ខែខ្នើតមើលដួងខែ ហាក់មន្តបំពេរផ្តល់ក្តីសុខ ខ្យល់បក់រំភើយ អារម្មណ៍ស្មុគ រសាត់ត្រសុក តាមវាតា។
-ខ្ទមតូចមែនពិតចិត្តសែនស្នេហ៍ ចិត្តមិនប្រួលប្រែកែសាវា ចង់រស់ផ្ញើរកាយលុះមរណា ឱ ខ្ទមជរា មេត្តាខ្ញុំ។

What does love do?

Love , ......

-ស្នេហា ប្រាថ្នា ភក្តីស្មោះ ស្នេហា ប្រាថ្នា ភាពសោមនស្ស ស្នេហា ប្រាថា្ន គូររួមរស់ ស្នេហា សន្តោស ដោយខន្តី។
-ស្នេហា ប្រាថ្នា រស់មានន័យ ស្នេហា ប្រាថ្នា ជួបលុះក្ស័យ ស្នេហា ប្រាថ្នា ចិត្តប្រណី ស្នេហា ពីរបី មិនឲ្យយល់។
-ស្នេហា ផុសចេញ ពេញសុខសល់ ស្នេហា បរិបូរ ដោយមង្គល ស្នេហា ប្រៀបដូច មេឃនិងខ្យល់ ស្នេហា រួមផ្តល់ ស្នាមញញឹម។
-ស្នេហា រស្មី ក្តីសង្ឃឹម ស្នេហា វាសរះ ស្រស់ប៉ប្រឹម ស្នេហា ខ្លាំងក្លា មិនអាចផ្ទឹម ស្នេហា ជានឹម នៃជីវិត។
-ស្នេហា វាសនា ចារគូរពិត ស្នេហា រក្សា ភាពស្នាលស្នឹទ្ធ ស្នេហា គន្ធរស ផ្អែមស្អំស្អិត ស្នេហា ក្បត់ចិត្ត មិនមានឡើយ។
-ស្នេហា ជាក្បូន ជូនដល់ត្រើយ ស្នេហា មេត្រី ជាគូរហើយ ស្នេហា វេញជាប់ មិនឃ្លាតឡើយ ស្នេហា គូរអើយ លុះមរណា។


វាសរះ= អរុណោទ័យ វេលាព្រះអាទិត្យរះ

The teacher's love toward students

កំណាព្យ =ទឹកចិត្តគ្រូបង្រៀន

-ទោះប្រាក់ខែតិចចាយមិនគ្រាន់ ក៏គ្រូរួសរាន់គិតដល់សិស្ស ចង់ឲ្យអ្នកល្អ ថ្កើងចំណេះ ជួយមាតុប្រទេស ពេលអ្នកធំ។
-បង្ហាត់បង្រៀនផ្តល់គំនិត ទូន្មានមធ្យ័ត ពាក្យអប់រំ សីលធម៌រស់នៅ ផ្លូវឧត្តម ចរិយាពូនជ្រុំរស់ថ្លៃថ្នូរ។
-តួលេខ អក្ខរាចារប្រាយប្រាប់ សាស្រ្តាក្បួនច្បាប់ដ៏បវរ ប្រាស្រ័យរាក់ទាក់ដោយស្មោះសរ បណ្តុះគំនរនៃវិជ្ជា។
-តក់ៗគង់នឹងពេញបំពង់ យូរៗគង់ត្រងបានផ្លែផ្កា អនាគតផូរផង់ណាសិស្សណា ចូរខំសិក្សាទាន់នៅក្មេង។
-កុំឲ្យវេលាកន្លងហួស ខំក្រេបជញ្ជក់ចេះទើបខែង វិស័យពេជ្រឆ្នៃភ្លឺលើសលែង បើរេបែកឆ្វេងមុខយ៉ាប់ហើយ។
-វិជ្ជាជាស្ពានដ៏ត្រចង់ ម្នីម្នាប្រែងប្រុងកុំកន្តើយ សម្បតិ្តដំរេះក្នុងខ្លួនហើយ គ្មានចោរណាឡើយនឹងលួចបាន។
-ហៃសិស្សប្រុសស្រី ចូរអ្នកស្តាប់ សម្បធានខ្ជាប់គឺខំរៀន ជោគជ័យអាស្រ័យខំព្យាយាម ចំណេះរបៀនកុំបីធ្វេស។
-ឧត្តុងឧត្តមប្រសើរក្រៃ ប្រៀបដូចរស្មីសុរិយារះ ចាំងចែងពន្លឺភ្លឺត្រចះ លើនភាច្បាស់ដល់សត្វលោក។
-ទឹកចិត្តនៃគ្រូ តែងមេត្តា សិស្សគ្រប់អង្គា ជាម្លប់ជ្រក ខំត្រងត្រាប់ស្តាប់ គ្រប់ពាក្យលោក ស្វាធ្យាយ រាន់រក អនាគតល្អ។

Waiting love at water well

កំណាព្យ =អណ្តូងទឹកចាំស្នេហ៍

-អណ្តូងចាំស្នេហ៍រយខែថ្ងៃ ចាំស្រស់ចរណៃនាងដងទឹក ចាំច្រើនរដូវសល់ចិត្តនឹក ហឫទ័យខ្សួលខ្សឹកភ្លឹកស្មារតី។
-ព្រលឹម ព្រលប់ ជាប្រចាំ ស្រស់កែវស្រងាំមករាល់ថ្ងៃ ដងទឹកងូតលេង ចិត្តរីករាយ ឥឡូវនាងណាយភ្លេចអស់ហើយ។
-អណ្តូងចាំស្នេហ៍ អនុស្សាហ៍ បងនិងពុំងាតែងឆ្លងឆ្លើយ រៀមខំយោងទឹកឲ្យត្រាណត្រើយ យើងសច្ចាហើយស្មោះនឹងគ្នា។
-ថ្ងៃមួយអូនលាទៅភ្នំពេញ អូននឹងវិលវិញទេជីវ៉ា ពេលនេះអូនឃ្លាតបងមួយគ្រា អូនទៅធ្វើការសន្សំប្រាក់។
-វស្សាឆ្នាំនេះអូនមកផ្ទះ បងអរខ្លាំងណាស់ហើយជឿជាក់ ខំស្កាត់ជួបអូន ដោយមោទនះ តែប្រែអួលអាក់នាងបែរខ្នង។
-អូនស្អាតហើយប្លែកមើលមិនស្គាល់ ចិន្តាបងខ្វល់ ឆ្ងល់កន្លង ម្តេចអូនបំភ្លេចស្នេហ៍ចងក្រង ភ្លេចពាក្យសាសងជាមួយគ្នា។
-ភ្លេចទាំងអណ្តូងទឹកធ្លាប់ងូត ភ្លេចពាក្យស្បែស្បថ មិនសាវា ភ្លេចស្នាមញញឹម ពេលសៀតផ្កា លំអរកេសា រាល់សាយ័ន្ត។
-សម្ពាយជីវិតចារឲ្យបែក ទោះខំយំយែក ទឹកភ្នែកជន់ ក៏មិនអាចឲ្យស្នេហ៍ដូចមុន ខ្លាចហើយទារុណស្នេហ៍អប្រិយ។
-រៀមស្រឡាំងកាំងភាំងក្នុងចិត្ត ស្នេហ៍ផ្លាស់តាមចិត្តឥតពាក្យស្តី ហេតុតែបងក្រគ្មានធនអ្វី ទើបអូនផ្លាស់ថ្មីភ្លេចដីស្រែ។
-សម្លេងឃ្មោះការធ្លាប់ស្រម័យ បាយខុនចងដៃយើងទាំងទ្វេ សល់តែស្រមោល មេឃគ្មានខែ នេះហើយក្តីស្នេហ៍ ព្រាត់ព្រោះទ្រព្យ។

The sorrow of man

កំណាព្យ = ព្រួយ ........

-មួយជាតិ ជាតិមួយ ព្រួយនិរាស ពាសពោរ ពោរពាស រាស្រ្តទួញយំ ល្បិចខ្មាំង ខ្មាំងល្បិច កិច្ចបង្ខំ ព្រំខិត ខិតព្រំ ពុំកោតក្រែង។
-វឹកវរ វរវឹក នឹកឡើងខឹង ពឹងគ្មាន គ្មានពឹង ប្រឹងសំញ៉ែង ពលឈ្លោះ ឈ្លោះពល ខ្វល់បែកផ្សែង ឯងគ្នា គ្នាឯង ស្តែងរិទ្ធខ្លាំង។
-ហ្មាយហ្មប ហ្មបហ្មាយ ស្តាយនាមា គេសាសន៍ សាសន៍គេ គ្នេរមិនច្បាំង អែបអប អបអែប បែបមិនខ្លាំង ភាំងភាន់ ភាន់ភាំង គាំងយ៉ាងនេះ?
- ខ្មែរអើយ អើយខ្មែរ បែរខុសមុន ធ្ងន់ទុក្ខ ទុក្ខធ្ងន់ ពុនស្ទើរប្រេះ ថ្ងៃណា ណាថ្ងៃ ប្រិយប្រឹមអេះ? ចេះធ្យាន ធ្យានចេះ ត្រិះសាមគ្គី។
-យើងស៊ូ ស៊ូយើង ថ្កើងឡើងវិញ ម្នេញម្នោ ម្នោម្នេញ ពេញមូលមីរ ជាតិគង់ គង់ជាតិ ឃ្មាតសំភី ទ្ធីឫ ឫទ្ធី ទីជោគជ័យ។
-ក្រោកឡើង ឡើងក្រោក ពួកយើងអើយ ហើយប្រឹង ប្រឹងហើយ ស្បើយទុក្ខភ័យ ស្វះស្វែង ស្វែងស្វះ អ្នកនាំថ្មី ល្បីប្រាជ្ញ ប្រាជ្ញល្បី នៃខេមរា។
-ចងចាំ ចាំចង ប៉ងពិនិត្យ ល្អិតល្អន់ ល្អន់ល្អិត គិតពិចារណ៍ រើសជ្រើស ជ្រើសរើស ទ្រើសនរណា ក្លាហាន ហានក្លា មារក្ស័យបង់។

Saturday, September 15, 2012

iPhone 5

iPhone 5, The world thinnest and lightest smart phone

After waiting for a long time, iPhone 5, the world thinnest and lightest smart phone in the world has been announced on September 12,2012. iPhone 5 was completely redesigned to feature a new 4inch Retina display which deliver more pixels than iPhone 4S. It the most beautiful device that Apple has ever created. iPhone 5 supports ultrafast wireless standards including LTE and DC-HSDPA, so you can browse, download and stream content even faster. It use the latest iOS 6 of Apple.

To see the Specification

View iPhone 5 Specification

What is the world thinnest smart phone?

iPhone 5 (September 15, 2012)

Tuesday, September 11, 2012

Internet Download Manager V.6.11 build 17

IDM (Internet Download Manager)
How to download:

1. Click "Download" to download the this file។



Password: 'RUPPG12'


Download

2. Extract the file



Password:'RUPP University Friends 12 Generation'


Saturday, September 8, 2012

Sugar Palm (ស្ករត្នោត)

កំណាព្យ= នឹកស្ករត្នោតពុក

-នឹកស្ករត្នោតពុកផ្អែមឈ្ងុយឆ្ងាញ់ ទឹកត្នោតចម្រាញ់ រម្ងាស់មក ចាក់ជាស្ករផែន ពណ៌ល្អះល្អ ម៉ែកូរវឹក ម៉ោជើងអង្រ្កង។

-កូនយកស្លឹកត្នោតកេវដាក់មាត់ ឈ្ងុយឆ្ងាញ់ពេកក្តាត់មិនស្កៀបផង រសៀលត្រជាក់ពុកឡើងត្រង បំពង់រយោងនៅចង្កេះ។

-ជួនម៉ែធ្វើទ្រាប ដាក់លាចថ្មី កូនអរពេកក្រៃ ឆ្ងាញ់អ្វីម្លេះ ទ្រាបម៉ែសម្រាំងថែមដូងខ្ទិះ នំខ្មែរពិសេសញ៉ាំមិនទ្រាន់។

-ស្ករត្នោតច្រើនពាងតម្រៀបគ្នា ជាភោគផល្លា បានទ្រព្យធន ដំណាំជុំវិញ ថែរួសរាន់ មានគោជ្រូកមាន់ ស្រែកខ្ញៀវខ្ញា។

-ម៉ែពុក ហត់ណាស់មិនទំនេរ រួចកិច្ចការស្រែដល់ចម្កា ឱឡឹក ត្រឡាច ល្ពៅចេញផ្កា ត្រសក់អែបគ្នា មានត្រប់ស្រួយ។

-ពពាយពពូន ផ្លែពេញទ្រើង ននោងវារឡើង ទងបោះពួយ ម្ទេសខំចំកោង មិនមានព្រួយ ពុកម៉ែមិនព្រួយខ្វះលុយចាយ។
-ស្ករពុក សស្គុសមិនដាក់ថ្នាំ ឈ្មួញតែងផ្តែផ្តាំ រវៀងអាយ បើលក់បានប្រាក់ គ្រាន់នឹងចាយ ជីវិតរីករាយ ដោយការប្រឹង។
-ដើមត្នោតកេរ្ត៍ តាទុកឲ្យពុក ហើយលោកផ្តាំទុក ថាត្នោតហ្នឹង អត្តសញ្ញាណជាតិកូនត្រូវដឹង ខំដាំ គ្រាន់ពឹងបានផ្កាផ្លែ។

-ប្រយោជន៍ច្រើនយ៉ាងត្នោតខេមរា កូនគួររក្សា ប្រឹងប្រែងថែ កុំកាប់បំផ្លាញ ដើមត្នោតកេរ្ត៍ ត្រូវគិតរិះរេឲ្យមុតមាំ។
-ការអ្វីត្រូវថ្លឹងប្រឹងគិតគូរ ព្យាយាមតស៊ូ ដោយថែទាំ រៀនសូត្រ រៀនរក ផលពីដាំ កុំគិតតែចាំព្រេងវាសនា។

Learn to boast (រៀនអួត)

កំណាព្យ = រៀនអួត ....

-អ្នកឯងបណ្ឌិតនៅចាញ់ខ្ញុំ អំណាចយើងធំមហិមា វាស់សាច់ដុំមើល៍ តើស្មើគ្នា? ច្នេះគួរពិចារណ៍មុនហាស្តី។

-យើងមិនអួតទេ អ្នកចេះដប់ មិនស្មើប្រសប់ មួយ សែនថ្លៃ យើងចេះបត់បែន ចេះលកលៃ កែកុនល្បិចឆ្នៃទាន់ហេតុការណ៍។

-នរណាៗ ក៏ខ្លាចយើង អាម៉ីលើកជើងយើងគ្រប់គ្នា លុតក្រាបសំពះចេះវន្ទា នោះទើបហៅថាឯងគ្រាន់បើ។

-បើឯងប្រឆាំងមុខអន្តរាយ យើងនឹងកំចាយ ឲ្យឯងមើល៍ ប្រាជ្ញឯងនៅខ្ចី ចេះស្ទើរៗ កុំចង់ល្ងីល្ងើជាមួយយើង។

-យើងរៀនអួតនេះមួយជីវិត ចេះចាំពិតៗ ឯងស្ទើរភ្លើង កុំចង់ប្រជែងជាមួយយើង តិចគាស់រំលើងដាច់ពូជផៅ។

-រៀនអួត រៀនអែប រៀនសមគួរ រៀនស្មូម រៀនជួរ ឆ្អិនមិនឆៅ រៀនច្រឡោតខឹង ហាពាក្យក្តៅ យើងនេះមិនខ្លៅ ចេះគ្រប់ដប់។

-ចេះខាងចំណេញប្រាក់ហូរចូល កើនច្រើនចំណូល ជំនួញសព្វ ក្រុមហ៊ុនយើងច្រើនចំណូលគ្រប់ លុយរាប់ឥតឈប់ វាល់កោដិលាន។

-ចង់បានឯកទគ្គកម្មពិភពលោក ថាយើងនេះភោគសម្បត្តិមាន លំដាប់ដាច់គេ ប្រៀបមិនបាន ជាមុនុស្សដែលមានក្រោមមេឃនេះ។

Friday, September 7, 2012

Kolap Meas Bang - កុលាបមាសបង (ស្រី)

ចម្រៀង: កុលាបមាសបង ច្រៀងដោយអ្នកស្រី ប៉ែន រ៉ន (ដកស្រង់ចេញពីភាពយន្តខ្មែរ)
Download

Keng Kang Bat Koun កេងកងបាត់កូន

ចម្រៀង: កេងកងបាត់កូន ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា (ដកស្រង់ចេញពីភាពយន្តខ្មែរ រឿង​ពស់កេងកង)
Download

កេងកងបាត់កូន


I. កេងកងបាត់កូន បោកខ្លួនស្រែកយំអើយស្រែកយំ ទួលលើទ្រនំស្វែងរក បុត្រភ្ងាៗ ធ្លាប់ចាំសំបុកទទួលអាហារនិត្យនៅនិទ្ទ្រាក្រោមស្លាបរាល់ថ្ងៃ បែរទៅគូគាប់ប្រែស្លាប់ ចាកឋានអើយចាកឋាន ដោយសារដៃព្រានលបបាញ់ ប្រល័យៗ មុននឹងស្លាប់ចោលផ្តាំមើលបុត្រថ្លៃ កម្មអ្វីចង្រៃបាត់កូនទៅណា?

R. បង្កងធ្លាប់សួតាម X វល្លិជ្រៃ សំបុកកាច់ថ្មីលើខ្ទមអ្នកតា ឱកូនសំលាញ់ទុកស្មើសង្ខា តើលោកអ្នកណាយកកូនខ្ញុំទៅ?

II. ឱសត្វលោកអើយនេះហើយវាសនាអើយវាសនា រឿងអនាថាលោកា ទៀងនៅៗ ព្រាត់ប្តីព្រាត់កូន ព្រាត់សូន្យអស់ទៅ ជីវិតគិតទៅរស់នៅមិនទៀង។

(ត្រឡប់ទៅ R -> II)

Chotmay Machoreach _ ចុតហ្មាយមច្ចុរាជ.mp3

ច្រៀងដោយ: អ្នកស្រី រស់ សេរីសុទ្ធា Download Click here

Teav Ery Srey Teav ទាវអើយស្រីទាវ

Song by Sin Si Samoth and Ros Serey Sothea ទាវអើយស្រីទាវ- សាមុត+សេរីសុទ្ធា Download Click Here

Sunday, September 2, 2012

The mother's wish

កំណាព្យ =ប្រាថ្នាឲ្យកូនរស់

-ពេលកូនទំផ្ទៃម៉ែហេវហត់ខ្សោះ ដើម្បីកូនរស់ម៉ែស៊ូអត់ធន់ ពេលឃើញមុខស្ងួនត្រេកអរលើសលន់ ក្តីនឿយពីមុនម៉ែភ្លេចអស់ហើយ។
-ស្នាមញញឹមកូនមានន័យពន់ពេក ពេញចិត្តអនេកកង្វល់បានស្បើយ កូនជាបទភ្លេងកំដរឆ្លងឆ្លើយ គឺអ្នកនេះហើយជាជីវិតម៉ែ។
-អត់មាត់ឯងចុះឲ្យតែបានកូន ឆ្អែតផ្ទៃគ្រប់គ្រាន់ រួចម៉ែបំពេរ ឲ្យកូនលង់លក់ ម៉ែនិត្យនៅក្បែរ ដៃម្ខាងទាញខ្សែ ឲ្យអង្រឹងយោល។
-ពេលកូនភ្ញាក់ឡើងដឹងថានាងឃ្លាន អាហារម៉ែមានបញ្ចុកនិមល ឱ កូនមាសម្តាយ អ្នកជាបណ្តូល រយពាក្យម៉ែពោល រយលានស្រឡាញ់។
-ទំយើរថ្នាក់ថ្នមបមបីឱបរិត ទ័យាស្នាលស្នឹទ្ធចិត្តពិតខ្នក់ខ្នាញ់ កូនមើលច័ន្ទចរដួងផ្កាយចោមពេញ ដូចម្តាយ ស្រឡាញ់កូនប៉ុនផែនមេឃ។
-ម៉ែមានព្រហ្មធម៌ជានិច្ចនឹងស្ងួន មេត្តារលូនធំធេងអនេក ករុណា ដល់បុត្រពិតជាចំណែក មុទិតាចែក សូមសុខចម្រើន។
-ឧបេក្ខា នៃម៉ែដូចព្រហ្មសូត្រ ត្រឈៃជាម្លប់ត្រជាក់សុខកើន ហ័ត្ថម៉ែបមបី និងពាក្យម៉ែក្រើន កូនចាំ .....ដាស់តឿនចិត្តរាល់ៗថ្ងៃ។

Patriotism of Khmer's Ancestors

កំណាព្យ =វិរភាពនៃបុព្វបុរសខ្មែរ

-សុស្ម័នអង់អាចនៃយុទ្ធជន តស៊ូអត់ធន់មិនរួញរា ប្រយុទ្ធទល់នឹងខ្មាំងពាធា ដើម្បីការពារដែននគរ។
-ពលីជីវីមិនរាថយ សុហ្រឹទចិត្តមួយដោយស្មោះសរ កសាងកាពារមហានគរ គង់វង្សបន្តរដល់កូនខ្មែរ។
-ប្រាង្គប្រា ក្បូរក្បាច់រចនាឆ្នើម កិត្តិនាមគួរស្បើមល្បីពូកែ អរិយធម៌ ចម្លាក់ទុកជាកេរ្ត៍ ច្នេះខ្មែរត្រូវថែកេរ្ត៍ដូនតា។
-ប្រាង្គព្រះវិហារនាមាល្បី អង្គរជាញជ័យដែនធារា បាយ័ន បាពួនឬទ្ធិចេស្តា បន្ទាយស្រីធីតា អប្សារាសួគ៌។
-ព្រះខ័ន តាមាន់ តាក្របី តេជះបារមី ស័ក្តិសឹទ្ធធ្លោ កំទេចសត្រូវជីវិតមរ ជួយថែភូមិករបានសុខសាន្ត។
-សមរភូមិជ័យខ្មាំងខ្លបខ្លាច បុព្វបុរសអង់អាច ចិត្តក្លាហាន ស្នេហ៍ជាតិទឹកដី ស៊ូក្ស័យប្រាណ ឲ្យតែជាតិថ្កានជន្នមិនស្តាយ។
-អរគុណវិរបុរសខ្មែរ លោកខំរិះរេកសាងឆ្នៃ សុលាចារិកនូវស្នាដៃ បាត់ឆោមឈ្មោះល្បីក្នុងសាវតា។
-ឱ ខ្មែរអើយខ្មែរថែគម្រូ ដូនតាតស៊ូ បង់សង្ខា ដើម្បីការពារដែនសីមា ឈ្មោះកម្ពុជាជ្រោយសុវណ្ណភូមិ។

សុស្ម័ន =ភាពក្លាហានមុះមុត
សុហ្រឹទ =ភាពជាមិត្តភ័ក្តិ
សុលា =កែ= សិលា

IF I WERE....

កំណាព្យ = បើសិន ..:....:::

-បើសិនខ្ញុំជាស្តេចហនុមាន ប្រយុទ្ធរុញច្រានខ្មាំងពាធា បញ្ចេញមហិទ្ធិឫទ្ធដ៏អស្ចារ្យ កំចាត់ជនណាដែលក្បត់ជាតិ។
-បើសិនខ្ញុំជាព្រះឥន្រ្ទា នឹងជួយប្រជាសុខមិនឃ្លាត រស់ក្នុងសន្តី ភ័យមិនបៀត ឯរោគាពាធចៀសចេញរ៉ា។
-ដាក់ទោសជនណាដែលឧក្រឹដ្ឋ ធ្វើបាបរាស្រ្តឥតក្តីមេត្តា ជួយដល់មនុស្សចាស់ក្មេងកំព្រា ឲ្យមានអាហារទីស្នាក់នៅ។
-ចែកដីចម្ការច្បារដំណាំ ដល់រាស្រ្តរងកម្មក្រផុងជ្រៅ ឲ្យមានជីវិតឥតហ្មងសៅ រស់ក្នុងលំនៅជុំគ្រួសារ។
-ផ្តល់យុត្តិធម៌មិនលំអៀង នរណាមិនទៀង តាមមាត្រា ច្បាប់ដាក់ទោសទ័ណ្ឌ ត្រឹមត្រូវថ្លា ដល់ជនផ្តាច់ការ ចិត្តព្រៃផ្សៃ។
-បើសិនខ្ញុំជាប៉ាវចិន អយុត្តិ គឺមិន ឲ្យអន្តរាយ សង្គមសមភាពរាស្រ្តមន្រ្តី ជនណាអប្រិយផ្តន្ទាទោស។
-បើសិនខ្ញុំជាពលាហក បង្អុរភ្លៀងមកដោយសន្តោស ទិន្នផលដំណាំកើនឡើងខ្ពស់ ប្រជាបានរស់ ដោយរីករាយ។
-បើសិនខ្ញុំជារុក្ខទេវតា ដាក់ទោសជនណាធ្វើឲ្យពាយ បំផ្លាញព្រៃឈើឲ្យខ្ចាត់ខ្ចាយ សត្វឃ្លាតឃ្លាឆ្ងាយពីទ្រនុំ។
-ផ្តល់ទីសុខសាន្តសែនផាសុខ ជីវិតសត្វលោករស់សុខុម មិនមាននរណារងទុក្ខធំ រស់នៅជួបជុំសុខមង្គល។
-សូមឲ្យយុគគ្រោះនិរាសបង់ មនសិការតម្រង់ មកពន្យល់ ដល់នរជនខ្លះវង្វេងខ្វល់ នឹងលោភះ ដល់ លក់ជាតិឯង។

Importance of Country Solidarity

កំណាព្យ = ដើម្បីជាតិ យើងរួមសាមគ្គី

- កកាយ ស្មារតីជាតិនិយម គតិឧត្តមពូនឲ្យខ្ពស់ រួបរួមសាមគ្គីខ្មែរទាំងអស់ ដោយបេះដូងស្មោះការពារថែ។
-ខិតខំ កុំធ្វេសសង្រ្គោះជាតិ ដោយការុញ្ញភាពមនសិការខ្មែរ ជាតិដង្ហើយហៅគួរគ្នាន់គ្នេរ រួសរាន់រិះរេកុំជិនណាយ។
-គិតគូរ កសាងនិងការពារ បើខ្មាំងពាធាយើងកំចាយ វប្បធម៌ត្រចង់ខ្ញង់ពណ្ណរាយ ប្រាសាទទាំងឡាយជាភ័ស្តុតាង។
-ឃោសនា ពន្យល់ប្រាប់ប្រជា យើងពួតដៃគ្នាជាតំណាង ឆន្ទះមុតស្រួចខំស្អឹតស្អាង កុំឲ្យបាត់តាងជាតិខេមរា។
-ងំ ភ្លើងឈាមខ្មែរស្នេហាជាតិ ប្រយុទ្ធ ខ្មីឃ្មាតដែនសីមា កេរ្ត៍តំណែលល្បីនៃដូនតា រុងរឿងកិត្យាលើសាកល។
-ចាត់ចែង ចរចារជាធ្លុងមួយ រួមគ្នាគិតស្ទួយឲ្យផុតខ្វល់ កុំឡើយចចេសគ្មានហេតុផល នោះនាំអំពល់ ជាតិនឹងបង់។
-ឆន្ទះ ព្រមព្រាងអធ្យាស្រ័យ ពេចន៍ពោលមេត្រីគ្រប់ៗអង្គ លៃគិតយ៉ាងណាឲ្យជាតិគង់ សតិតម្រង់ល្អឆ្នើមអើយ។
-ជួបជុំ ភិរម្យមូលសន្ទនា ប្រាស្រ័យសាមគ្គាកុំកន្តើយ ជជែកពិភាក្សារកចម្លើយ ដោះស្រាយឲ្យស្បើយពីអន្លង់។
-ឈប់ ជាន់ពន្លិចខ្មែរគ្នាឯង រឿងឈ្លោះទាស់ទែង ខន្តីអង្គ សតិសម្បជញ្ញះរះត្រចង់ ករុណាជាថង់ នៃគំនិត។
-ញាណី បញ្ញវ័នរាស្រ្តមន្រ្តី ពិចារណ៍ជាថ្មីយ៉ាងសុក្រិត ឈាមខ្មែរដូចគ្នាគួររួមចិត្ត មាតុភូមិស្ថេរស្ថិតបើសាមគ្គី៕


ការុញ្ញភាព =ភាពដែលមានចិត្តមេត្តា អាណិតអាសូរ។
ញាណី=អ្នកឈ្លាសវៃ អ្នកប្រាជ្ញ ។

The Mountain's Speech

កំណាព្យ =ទំនួញបរពត

-រយលានតំណក់ទឹកនេត្រា អង្វរប្រាប់ថាសូមអាណិត ព្រៃស្រោងត្រឈៃមិត្រស្នាលស្នឹទ្ធ ជាគូរជីវិតរាប់ពាន់ឆ្នាំ។
-ជាទីសុខសាន្តផ្តល់មនោរម្យ ម្រឹគសត្វតូចធំតាមចំណាំ ឋានសិនិទ្ធភាពប្រៀបទ្រនុំ ដូចសិនេរុភ្នំធ្លាប់គោរព។ -រដូវលំហើយវាយោផាត់ ហ្វូងបក្សីសត្វទុំឈរឈប់ នឹងបង្គងមែកដែលជាម្លប់ ប្រៀបឋានសួគ៌ភពនៃជីវិត។
-ដងអូរជ្រោះជ្រៅទឹកហូរច្រាវ បែកផ្សែងមើលស្រៀវ រមណីយ៍ចិត្ត ភាណុមាចាំងរស្មីស្នឹទ្ធ ដូចពេជ្រឆ្នៃពិតចែងសោភ័ណ។
-អាណាច័ក្របរពតខ្ចាយសម្ផស្ស ទេសចរសោមនស្សពេលអារុណ ទស្សនាមិនណាយមមៃគន់ អក្ខរារយពាន់ចារមិនអស់។
-ឥឡូវបរពតទង្គឹះថ្ងូរ ទ័ណ្ឌកម្មលោភោឲ្យទោមនស្ស ព្រៃធ្លាប់ស្តុកស្តម្ភម្តេចឡើយខ្សោះ បង់អស់សម្ផស្សធ្លាប់ប្រណីត។
-ទឹកធ្លាប់ថ្លាឈ្វេងប្រែជាល្អក់ ខ្សឹកខ្សួលដង្ហក់ដិយវិប្បរិត វិនាសកម្មហើយគ្មានអ្វីឋិត ដូចមានជីវិតឥតវិញ្ញាណ។
-សាលព្រឹក្សសោភាទីមណ្ឌល ធ្លាប់សុខសាន្តផ្តល់ ម្លប់ជាទាន បុប្ផា ឈើព្រៃ រំពៃឋាន អួតគន្ធរសបានដល់ភូមិរា។
-ឥឡូវក្រៀមក្រោះអស់សង្ឃឹម បរពត ត្រូវយំបង់សង្ខា ម្តេចឡើយមនុស្សលោកមកពាធា គ្មានទេករុណាចិត្តអប្រិយ។
-មល្លីកា ផ្កាព្រៃ ស្រីឆ្នើមចិត្ត បរពត ធ្លាប់ឋិតក្នុងចិត្តស្រី ឥឡូវសូន្យបង់ ទីរមណីយ៍ ទាំងដងព្រឹក្សព្រៃ យើងមរណា។

បរពត ឬបព៌ត =គីរី ភ្នំ
ភាណុមា =ព្រះអាទិត្យ
មល្លិកា=ជាឈ្មោះផ្កា ...
សាលព្រឹក្ស =ឈ្មោះឈើមួយប្រភេទ មានស្លឹកវែងស្រួច ជាឈើធំ មានផ្កាចេញទងពីតួដើម និងពីមែកធំៗ ផ្កាមូលធំៗ សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករាយលើផែនដី។ ឈើនេះមានឈ្មោះហៅបីយ៉ាង =សាលព្រឹក្ស អស្សកណ្ណព្រឹកហស និថសជ្ជព្រឹក្ស។