Friday, September 21, 2012

Waiting love at water well

កំណាព្យ =អណ្តូងទឹកចាំស្នេហ៍

-អណ្តូងចាំស្នេហ៍រយខែថ្ងៃ ចាំស្រស់ចរណៃនាងដងទឹក ចាំច្រើនរដូវសល់ចិត្តនឹក ហឫទ័យខ្សួលខ្សឹកភ្លឹកស្មារតី។
-ព្រលឹម ព្រលប់ ជាប្រចាំ ស្រស់កែវស្រងាំមករាល់ថ្ងៃ ដងទឹកងូតលេង ចិត្តរីករាយ ឥឡូវនាងណាយភ្លេចអស់ហើយ។
-អណ្តូងចាំស្នេហ៍ អនុស្សាហ៍ បងនិងពុំងាតែងឆ្លងឆ្លើយ រៀមខំយោងទឹកឲ្យត្រាណត្រើយ យើងសច្ចាហើយស្មោះនឹងគ្នា។
-ថ្ងៃមួយអូនលាទៅភ្នំពេញ អូននឹងវិលវិញទេជីវ៉ា ពេលនេះអូនឃ្លាតបងមួយគ្រា អូនទៅធ្វើការសន្សំប្រាក់។
-វស្សាឆ្នាំនេះអូនមកផ្ទះ បងអរខ្លាំងណាស់ហើយជឿជាក់ ខំស្កាត់ជួបអូន ដោយមោទនះ តែប្រែអួលអាក់នាងបែរខ្នង។
-អូនស្អាតហើយប្លែកមើលមិនស្គាល់ ចិន្តាបងខ្វល់ ឆ្ងល់កន្លង ម្តេចអូនបំភ្លេចស្នេហ៍ចងក្រង ភ្លេចពាក្យសាសងជាមួយគ្នា។
-ភ្លេចទាំងអណ្តូងទឹកធ្លាប់ងូត ភ្លេចពាក្យស្បែស្បថ មិនសាវា ភ្លេចស្នាមញញឹម ពេលសៀតផ្កា លំអរកេសា រាល់សាយ័ន្ត។
-សម្ពាយជីវិតចារឲ្យបែក ទោះខំយំយែក ទឹកភ្នែកជន់ ក៏មិនអាចឲ្យស្នេហ៍ដូចមុន ខ្លាចហើយទារុណស្នេហ៍អប្រិយ។
-រៀមស្រឡាំងកាំងភាំងក្នុងចិត្ត ស្នេហ៍ផ្លាស់តាមចិត្តឥតពាក្យស្តី ហេតុតែបងក្រគ្មានធនអ្វី ទើបអូនផ្លាស់ថ្មីភ្លេចដីស្រែ។
-សម្លេងឃ្មោះការធ្លាប់ស្រម័យ បាយខុនចងដៃយើងទាំងទ្វេ សល់តែស្រមោល មេឃគ្មានខែ នេះហើយក្តីស្នេហ៍ ព្រាត់ព្រោះទ្រព្យ។

0 comments:

Post a Comment