Saturday, September 8, 2012

Sugar Palm (ស្ករត្នោត)

កំណាព្យ= នឹកស្ករត្នោតពុក

-នឹកស្ករត្នោតពុកផ្អែមឈ្ងុយឆ្ងាញ់ ទឹកត្នោតចម្រាញ់ រម្ងាស់មក ចាក់ជាស្ករផែន ពណ៌ល្អះល្អ ម៉ែកូរវឹក ម៉ោជើងអង្រ្កង។

-កូនយកស្លឹកត្នោតកេវដាក់មាត់ ឈ្ងុយឆ្ងាញ់ពេកក្តាត់មិនស្កៀបផង រសៀលត្រជាក់ពុកឡើងត្រង បំពង់រយោងនៅចង្កេះ។

-ជួនម៉ែធ្វើទ្រាប ដាក់លាចថ្មី កូនអរពេកក្រៃ ឆ្ងាញ់អ្វីម្លេះ ទ្រាបម៉ែសម្រាំងថែមដូងខ្ទិះ នំខ្មែរពិសេសញ៉ាំមិនទ្រាន់។

-ស្ករត្នោតច្រើនពាងតម្រៀបគ្នា ជាភោគផល្លា បានទ្រព្យធន ដំណាំជុំវិញ ថែរួសរាន់ មានគោជ្រូកមាន់ ស្រែកខ្ញៀវខ្ញា។

-ម៉ែពុក ហត់ណាស់មិនទំនេរ រួចកិច្ចការស្រែដល់ចម្កា ឱឡឹក ត្រឡាច ល្ពៅចេញផ្កា ត្រសក់អែបគ្នា មានត្រប់ស្រួយ។

-ពពាយពពូន ផ្លែពេញទ្រើង ននោងវារឡើង ទងបោះពួយ ម្ទេសខំចំកោង មិនមានព្រួយ ពុកម៉ែមិនព្រួយខ្វះលុយចាយ។
-ស្ករពុក សស្គុសមិនដាក់ថ្នាំ ឈ្មួញតែងផ្តែផ្តាំ រវៀងអាយ បើលក់បានប្រាក់ គ្រាន់នឹងចាយ ជីវិតរីករាយ ដោយការប្រឹង។
-ដើមត្នោតកេរ្ត៍ តាទុកឲ្យពុក ហើយលោកផ្តាំទុក ថាត្នោតហ្នឹង អត្តសញ្ញាណជាតិកូនត្រូវដឹង ខំដាំ គ្រាន់ពឹងបានផ្កាផ្លែ។

-ប្រយោជន៍ច្រើនយ៉ាងត្នោតខេមរា កូនគួររក្សា ប្រឹងប្រែងថែ កុំកាប់បំផ្លាញ ដើមត្នោតកេរ្ត៍ ត្រូវគិតរិះរេឲ្យមុតមាំ។
-ការអ្វីត្រូវថ្លឹងប្រឹងគិតគូរ ព្យាយាមតស៊ូ ដោយថែទាំ រៀនសូត្រ រៀនរក ផលពីដាំ កុំគិតតែចាំព្រេងវាសនា។

0 comments:

Post a Comment