Sunday, September 23, 2012

Remember when (នឹកឃើញគ្រាមួយ)

Remember When

កំណាព្យ = នឹកឃើញគ្រាមួយ ....

-របោមចោមរោមនៅព្រៃល្បោះ សន្ធឹកទឹកជ្រោះរត់ប្រណាំង ភិរុណបង្អុរមកយ៉ាងខ្លាំង អង្គការចាត់តាំងចូលព្រៃស្តុក។
-ឲ្យរកទំពាំងឬស្សីព្រៃ កង្វាវនៅដៃធ្ងន់កណ្តុក ខំកាវទំពាំងទាំងចិត្តស្មុគ ឮសូរធ្លាក់ខ្ពុកត្រេកអរពេក។
-រើសដាក់ក្នុងល្អីមិនបង្អង់ មិត្តប្អូនមិត្តបងផ្អាកជជែក ខ្លះទូល ខ្លះលី ខ្លះទៀតរែក រួសរាន់បំបែកគ្នាធ្វើការ។
-ដើរឆ្លងទឹកអូរហូររិញៗ ក្រពះទន្ទេញឃ្លានអាហារ ណាមួយរមាស់ក្រហាយផ្សា ទំពាំងនោះណារោលរាលស្បែក។
-ណាទាកវាទាមបឺតឈាមជាប់ ល្ហិតល្ហៃស្ទើរស្លាប់ចង់តែស្រែក កាយស្គមកំព្រឹងគួរសង្វេក ទោះយំប្រាប់មេឃៗមិនជួយ។
-ការងាររួចរាល់ថ្ងៃចង់លិច ភ្លៀងធ្លាក់ស្រិចៗរឭកភួយ មានតែរទេះគោគ្រាន់ជួយ ស្ទុះស្ទាលើកស្ទួយដឹកភោគផល។
-មេឃងងឹតឈ្លប់នៅក្នុងព្រៃ អារម្មណ៍ព្រួយភ័យជ្រួលច្របល់ រាត្រីចរអើយម្តេចមិនខ្វល់ អាណិតគិតដល់អ្នកសង្រេង។
-អ្នកមុខខំតោងរទេះជាប់ ឯអ្នកបន្ទាប់កាន់មិនលែង តោងដៃគ្នាដើរខ្លាចវង្វេង រន្ធត់សម្លេងមៀម ទីទុយ។
-ណាផ្លូវរអិល ណាងងឹត ខំលួងលោមចិត្តត្រូវតែស្លុយ បំណាច់នឹងស្លាប់ឆាប់ប្រថុយ ដើរឆ្លង ដើរលុយ ទឹកភ្លៀងហូរ។
-នេះហើយជីវិតក្នុងរបបក្បត់ អ្វីៗជូរចត់មិនហ៊ានថ្ងូរ បបរមួយវែក ក្រពះរោទ៍ រស់ទាំងត្រដរកំដរពេល។

0 comments:

Post a Comment