Friday, August 31, 2012

Power of Love

កំណាព្យ=ឥទ្ធិពលស្នេហ៍ ..

-កង្រីស៊ូស្លាប់ព្រោះតែស្នេហ៍ស្មោះ វិធាវីទុក្ខព្រោះកម្មបំបែក ទោះទ្រព្យធនស្តុកមិនអាចមកចែក ឲ្យស្នេហ៍រហែកព្រាត់គ្នារៀងៗ។
-ទាវស្លាប់តាមទុំព្រោះគិតក្នុងចិត្ត មិនអាចរស់ពិត ដូចមេឃឥតភ្លៀង ផែនដីនិងស្រស់ មានរៀមនិងនាង កម្មកាចពង្វាងឲ្យស្នេហ៍ឃ្លាតឃ្លា។
-ដូច Romeo and Juliette អំណាចបំផុតស៊ូស្លាប់រួមគ្នា ឱ ឥទ្ធិពលស្នេហ៍ រិទ្ធខ្លាំងមហិមា រៀមនិងអសុរា ច្បាំងព្រោះ តែស្នេហ៍។
-ព្រះជ័យជេដ្ឋា ទីពីរចមក្សត្រ លង់ស្នេហ៍ប្រតិព័ទ្ធ រាជនីបំបែរ ខិតព្រំសីមា ព្រោះដើម្បីស្នេហ៍ សាវតាជាតិខ្មែរបានកត់ចំណាំ។
-វិករស្នេហានាំឲ្យវង្វេង សតិបែកឆ្វេង ធ្លាក់ក្នុងក្រញ៉ាំ អាចស្មន់ក្បត់ផិតកិត្តិយសប្រេះស្រាំ ឥទ្ធិពលស្នេហ៍នាំឲ្យអន្តរាយអង្គ។
-គួរគិតពិចារណ៍ឲ្យបានត្រឹមត្រូវ ទំនៀមសល់នៅកុំឲ្យបាត់បង់ ថែប្រពៃណីឲ្យបានផូរផង់ ទៅតាមគន្លងវប្បធម៌ខេមរា។
-បើជួបស្នេហ៍ស្មោះនោះទើបប្រសើរ មង្គលដំណើរអ្នកផ្លូវចៅមហា មានទាំងពរជ័យពីលោកមេបា ភ្ញៀវច្រើនត្រៀបត្រាបាចផ្កាស្លាជ័យ។
-គ្រួសារសុខដុមទ្រនុំបវរ ស្នេហ៍ពិតស្មោះសររុងរឿងមេត្រី មេត្តា ករុណា ទ័យាខន្តី ស្នេហ៍មានរស្មីសុខសាន្តទៅអើយ។

វិករ =ជម្ងឺ រោគា

Good morning

Good Morning ....!

-អរុណោទ័យពេលព្រលឹម ធម្មជាតិប៉ប្រឹមទិវាថ្មី សុរិយាចាប់ផ្តើមសាច រស្មី ជួយភពផែនដីពីអន្ធការ។
-ផ្កាឈូករីកស្រស់ក្នុងស្រះស្រង់ ហាក់ដូចជារង់ចាំនរណា រង់ចាំឈូកស្រី ឬកណ្ណិកា? នារីរត្ននា សុម៉ាលី?
-ឬកុលធីតា ស្រីកល្យាណ នាងចុះចាកឋានមកអញ្ជលី បេះថ្វាយពុទ្ធអង្គខ្ញង់ផ្កាភ្ញី រចនាសំភីគាប់នេត្រា។
-ទូកត្នោតតូចមួយជ្រែកផ្ទៃទឹក ឮសូរសន្ធឹកភ្លឹកចិន្តា លាយឡំតន្រី្តនៃបក្សា ប្រគុំរួមគ្នាលាន់ច្រៀវច្រៃ។
-ស្រីតូចនាងងអុំ ភ័ក្រ្តញញឹម ល្អគ្មានស្រីផ្ទឹមក្នុងលោកីយ៍ នេត្រាស្រទន់គួរបេត្តី សក់វែងអន្លាយរលោងស្រិល។
-ដៃឈោងកាច់ផ្កាដាក់ក្នុងទូក បន្តរទៅមុខមិនមានខ្ជិល ស្រីតូចចំណាប់ អុំបង្វិល ព្រោះត្រូវដល់ពេលចូលគេហា។
-ផ្កាឈូកច្រើនណាស់ស្រីនាងកាច់ រៀបចំឲ្យស្រេចដោយរចនា ពត់ពេនស្រទាប់គាប់នេត្រា នេះស្រីខេមរាចេះចំណាន។
-ផ្កាឈូកចងបាច់រៀបយ៉ាងស្អាត ស្រីនាងសង្វាតទៅចង្រ្កាន រៀបចំស្លរស្លុក លាងចានក្បាន ដួសដាក់ស្រាក់បាន ទុកជូនម្តាយ។
-យកទៅវត្តវ៉ាប្រគេនសង្ឃ មានផ្កាឈូកផងសម្រាំងថ្វាយ ដល់ព្រះពុទ្ធា រតន្នត្រ័យ គុណកែវទាំងបីថ្លៃវិសេស។
-ខ្មែរយើងជាពុទ្ធសាសនិកជន ខិតខំធ្វើបុណ្យមិនមានធ្វេស ស្អិតស្អាងចិត្តកាយនៅជាតិនេះ មន្ទិលជម្រះ ប្រាថ្នាល្អ។

The Flute

កំណាព្យ = សម្លេងខ្លុយ

-ឱ សម្លេងខ្លុយសែនពិរោះ ឲ្យខ្ញុំស្រណោះអ្វីម្ល៉េះទេ ឃើញក្បាច់ចម្លាក់ ស្ថាបនិកខ្មែរ បន្សល់ជាកេរ្ត៍ជាតំណាង។
-ឱ សម្លេងខ្លុយលួងបំពេរ ដាស់សតិខ្មែរ ការពារសាង រួបរួមសាមគ្គីជាកម្លាំង ទើបជាតិយើងខ្លាំង ខ្មាំងខ្លបខ្លាច។
-ឱ សម្លេងខ្លុយជាមន្តស្នេហ៍ យប់មានដួងខែ ចាំងចិញ្ចាច នឹកស្រែនឹកស្រូវ នឹកពេលល្ងាច នឹកសៀងរហាត់ស័ព្ទទឹកហូរ។
-ឱ សម្លេងខ្លុយ នាំអារម្មណ៍ នឹកកែវតូចតន់ច្រៀងកំដរ នៅខ្ទមចាំស្រែ ខ្យល់ជំនោរ ពេលយើងឃ្វាលគោ ខែកត្តឹក។
-បងអ្នកផ្លុំខ្លុយ នាងអ្នកស្តាប់ រយពាន់ពាក្យប្រាប់ ច្រើនពន្លឹក អានុស្សាចាំ រាល់ល្ងាចព្រឹក មុំសើចកក្អឹក ដៃនាងក្តិច។
-ឱ សម្លេងខ្លុយ ផ្លុំមិនណាយ រៀបរាប់បរិយាយ ចាំមិនភ្លេច រឿងរ៉ាវអតីត ចាំពាក្យពេចន៍ ភ្លៀងរលឹមស្រេចប្រគុំអម។
-ឱ សម្លេងខ្លុយ សៀងសណ្តំ បែបបទប្រគុំមានទឹកដម លួងលោមនែបនិត្យចិត្តប្រលោម សម្លេងខ្លុយបម ថ្នមថ្នាក់ចិត្ត។
-ចង់ស្តាប់ជានិច្ចសៀងខ្លុយអើយ ចិន្តាបានស្បើយ ខ្វល់ខ្វាយគិត បើសិនដូចប៉ង ផ្សងជួបពិត សម្លេងខ្លុយស្ថិត ជិតមិនឃ្លាត។

My hometown my homeland

កំណាព្យ = នឹកភូមិ នឹកស្រុក(បទបន្ទោលកាក )

-ឃ្លាតកាយឆ្ងាយភូមិ ឃ្លាតទាំងទ្រនុំធ្លាប់នៅ ចិន្តាហ្មងសៅ ហៅសែនកណ្តោចកណ្តែង។
-នឹកវាលស្រែស្រូវ នឹកដល់ពាក្យពៅធ្លាប់ថ្លែង នឹកទីកន្លែង នឹកជ្រោះជ្រលងដងអូរ។
-នឹកខ្ទមចាំស្រែ នឹកគ្មានពេលល្ហែវាយោ បក់គន្ធពិដោរ នៃរសបុប្ផាព្រៃភ្នំ។
-នឹកសៀងសូរស័ព្ទ ពិរោះស័ព្ទគាប់រណ្តំ លលកបូលយំ ព្រោះឃ្លាតទ្រនុំធ្លាប់ជ្រក។
-ខ្ញុំសែនអាល័យ នឹកឃើញសំដីពន្លក ចចារទៅមក ឥឡូវខានស្តាប់សូរសៀង។
-សំណព្វហឫទ័យ នែបនិត្យមេត្រីជិតនាង នឹករដូវភ្លៀង យើងច្រៀងចម្រៀងឆ្លើយឆ្លង។
-ធ្លាប់ងូតទឹកអូរ រហាត់ទឹកថ្ងូរផ្តោះផ្តង សំណាងកន្លង បានជួបនួនល្អងជាគូរ។
-សម្រស់ផ្កាព្រៃ កាច់សៀតកេសី ដូចគូរ គន់មើលយូរៗ រៀមស្ទើភ្លេចភ្លឹកនេត្រា។
-មើលហ្វូងបក្សី ប្រចឹកចំណី ត្រៀបត្រា សប្បាយអស្ចារ្យ ឥតមានខ្វល់ខ្វាយរឿងអ្វី។
-បណ្តែតអារម្មណ៍ នឹកគ្រាភិរម្យក្មេងវ័យ ទិវាមានន័យ នឹកចាំចំណាំមិនភ្លេច។

Sunday, August 26, 2012

Miss you

កំណាព្យ = ចង់នៅជិតប្អូន .......

-បើសិនខ្ញុំជាបក្សីសត្វ អាចហើរច្រវាត់ពេញផែនមេឃ នឹងប្រើឋាមពលហោះកាត់ជ្រែក ទម្លុះផែនមេឃជួបប្អូនភ្លាម។
-តែសែនសង្វេគនៅក្នុងចិត្ត ឆ្ងាយអើយឆ្ងាយគិតមុំនិងរៀម បានត្រឹមចិត្តនឹកភ្លឹកក្រំក្រៀម ហឫទ័យស្ងាត់ស្ងៀមបៀមពាន់ព្រួយ។
-បេះដូងខ្សឹកខ្សួលអួលអាក់ប្រាប់ ទង្គឹះរៀបរាប់ ស្ទើររលួយ ញាប់ញ័រកញ្រ្ជោកយោគរញ្ជួយ ឱ ប្អូនជាត្រួយបណ្តូលចិត្ត។
-បានត្រឹមមើលខែថែចិត្តនឹក តារាសន្ធឹកចោមជុំជិត ចម្លែកអ្វីខ្ញុំ មុំឆ្ងាយស្នឹទ្ធ បានត្រឹមតែគិតមិនដូចប៉ង។
-បើសិនមានឫទ្ធដូចឫទ្ធិសែន ហោះរំលងដែនសមុទ្រផង ទៅជួបនាងភ្លាមមិនបង្អង់ ឱ ក្តីបំណងដូចវេហា ......

Painful

កំណាព្យ = សែនឈឺចិត្ត .......

-អុកសារ៉េនក្អួតឈាមព្រោះរឿងស្នេហា ឯរាស្រ្តប្រជាឈឺចាប់រឿងជាតិ សម្បទានដីធ្លីនៅមិនស្កប់ទៀត ឥឡូវ ខំវាត ដូរទាំងភូមិករ។
-ស្រុកខ្មែរចម្លែកខុសគេមួយចប់ បំផ្លាញមិនឈប់ធនធានសម្បូរ លក់កេរ្ត៍ដូនតាដោយគ្មានអាសូរ ឱ មេឃម្តេចពណ៌ងងឹតសូន្យឈឹង។
-ទឹកភ្នែកប្រជា ស្តែងក្តីឈឺចាប់ នគរដែលធ្លាប់ឆ្នើមនាមាម្លឹង ឥឡូវម្តេចប្រែ ខ្សោះសូន្យព្រលឹង អស់ក្តីរំពឹង នៅទ្រឹងឈប់ស្ងៀម។
-ហេតុអ្វី លោភោមានអំណាចម្ល៉េះ? លក់ជាតិ ប្រទេស ប្រជាក្រំក្រៀម វង្វេងក្នុងយស ទោសះគម្រាម រាស្រ្តខ្មែរក្រំឈាមបៀមទុក្ខរីងរៃ។
-ចិត្តជាទេវទត្តមាត់ជាទេវតា រយលានឈឺផ្សា ហួសនឹងបរិយាយ ខ្លួនក្បត់មាតុភូមិ ផ្តល់ជីវិតកាយ តែប្រែរីករាយ គ្មានសម្បជ្ជញ្ញះ។
-ងងើល ល្ងឹតល្ងង់ សំញែងខ្លួនឆ្នើម អួតអញគួរស្បើម ឫកអឿហួសថ្នាក់ លុតក្រាបហ្មបហ្មាយប្រាថ្នាយសស័ក្តិ ពិតជាមូឡ្ហះ មាយាទអន់ពេក។
-ពស់វែកលាក់ពិស តាំងខ្លួនសច្ចំ ធ្វើពើល្អខ្លាំង ក្នុងពិសអនេក សូមព្រលឹងវិរបុរសមកជួយរំលែក ប្រជាយំយែក រងទុក្ខយ៉ាងខ្លាំង។
-ជួយបណ្តាលចិត្តឲ្យខ្មែររួបរួម សាមគ្គីមូលផ្តុំ ប្រយុទ្ធតតាំង សូមប្រសិទ្ធី ជួយឲ្យខ្មែរខ្លាំង បរាជ័យពួកខ្មាំងឈ្លានពាននគរ។
-សូមឫទ្ធិទេវតាមួយម៉ឺនលោកធាតុ ចេញមកព្រោងព្រាតកម្លាំងចលករ ជួយថែកម្ពុជាឲ្យផុតវឹកវរ នាំសុខ មង្គល ធម៌ ដល់ប្រជាជន។

មូឡ្ហះ ឬ មូឡ្ហោ គុណនាម ខ្លៅ ល្ងង់ មមីងមមាំង

The wise and the foolish

អ្នកល្ងង់ អ្នកប្រាជ្ញ

-អ្នកល្ងង់ គិតម្យ៉ាងប្រយោជន៍ខ្លួន ឲ្យតែអញពូនធនធានកើន ចង់នរណាស្លាប់មិនខ្វល់ច្រើន ឫកគួរស្អប់ខ្ពើម គ្មានប្រយោជន៍។
-ជាមនុស្សអាត្មានិយមចំ ក្អេងក្អាងឫកហំឈ្មោះអសោច គ្មានគិតទឹកដីរងផ្សាខ្លោច រស់ឥតប្រយោជន៍នាំធ្ងន់ដី។
-អ្នកប្រាជ្ញប្រឹងប្រែងស្វែងរកសុខ ឃើញរាស្រ្តរងទុក្ខគិតលកលៃ ឈឺឆ្អាលយិតយោងឲ្យស្បើយភ័យ គិតដែនបូរីខ្លាចបាត់បង់។
-ជាមនុស្សប្រកបដោយគុណធម៌ ទឹកចិត្តស្មោះសរល្អត្រចង់ ឧត្តមគតិ គិតបំណង ជួយជាតិឲ្យឆ្លងភ័យន្តរាយ។
-បំណាច់កើតមកជាអង្គមនុស្ស ចៀសវៀងផ្លូវខុស ទ្រុសអបាយ ផ្ចង់កិរិយា កុំរាយមាយ កុំប្រែជិនណាយ សមាហិតចិត្ត។ -លះចេញនូវចិត្តអន្យតិរ្ថិយ ឃោរឃៅព្រៃផ្សៃសាមាណ្យពិត គួរមានមេត្តា ករុណាស្នឹទ្ធ ទើបឈ្មោះអង្គក្រិត សប្បុរសជន។
សមាហិតចិត្ត =ចិត្តដែលស្លុងក្នុងសមាធិ ដោយអារម្មណ៍ល្អ

The foolish and the Wise

  • The foolish are concerned only about themselves . 
    • Doing only what is beneficial for them . 
    •  They usually are hated.
  • The wise are concerned about the ultimate good . 
    •  Acting for the sake of all mankind. 
    •  They are always needed even though they need no one.

Rural Children in Cambodia

កំណាព្យ =កុមារនៅស្រុកស្រែ

-ក្រោកពីព្រលឹមជួយការងារ សំអាតទីធ្លាឲ្យបានស្អាត រែកទឹកដាក់ពាងពេញៗព្រៀប ចានក្បានរៀងរៀបឲ្យត្រឹមត្រូវ។
-រួចរៀបចំខ្លួនទៅសាលា ម្នីម្នាយាត្រាដើរតាមផ្លូវ ចងចាំពាក្យម៉ែតែងប្រដៅ កូនខំរៀនទៅទាន់នៅក្មេង។
-ត្រឡប់ពីរៀនស្ទុះដាំបាយ រវៀងរាងអាយ ប្អូនរត់លេង បញ្ចុកប្អូនឃ្លាន និងបន្លែង លាតខ្សែឲ្យវែងយោលឲ្យដេក។
-ឆ្លៀតជួយពុកម៉ែ ឃ្វាលគោទៀត រវាំងឆ្លាស់ឆ្លៀត ដៃញាប់ស្អេក ត្បាញមួក ដេប៉ះ អាវរហែក មិននៅជជែកឥតបានការ។
-ជួនបេះព្រលឹតគ្រាន់ស្លរស្លុក ក្រសាំងគ្រាន់បុក ឆ្ងាញ់ពិសារ ឬក៏ស្ទូចត្រីផ្សែផ្សំគ្នា ជួនបានច្រវា ឬត្រីរ៉ស់។ -មិននៅទំនេរកូនអ្នកស្រែ បានជួយពុកម៉ែចិត្តសោមនស្ស ស្រោចទឹកដំណាំ ឲ្យល្អស្រស់ ស្លឹកគ្រៃលូតលាស់ពណ៌បៃតង។
-ននោង ត្រសក់ ផ្ទី ពពាយ ត្រឡាចមិនណាយ ទ្រើងរនង ឃ្លោក ត្រប់ ម្ទេសផ្លោក មិនរំលង ដុះក្បែររបង ច្រើនស្អេកស្កះ។
-បន្លែធម្មជាតិដាំខ្លួនឯង ខ្ញុំចេះចាត់ចែងដាំក្រោយផ្ទះ បើយើងទិញគេ នាំអស់ប្រាក់ សន្សំលុយកាក់ទិញសៀវភៅ។
-រសៀលត្រជាក់ គោចូលក្រោល ការងាររួចរាល់ យប់ក៏ជ្រៅ មើលមេរៀនទៀត ស្វាធ្យាយពៅ វិជ្ជាត្រាយផ្លូវបានរុងរឿង។

Trending in Cambodia

កំណាព្យ = ភូមិខ្ញុំដូរម្ចាស់

-ទឹកភ្នែកខ្ញុំហូរស្ទើរខ្សោះប្រាណ ស្រណោះភូមិឋានធ្លាប់រស់នៅ វប្បធម៌ផូរផង់ខ្ញង់ពេកកូវ ម្តេចឡើយឥឡូវត្រូវប្តូរផ្លាស់?
-ស្រណោះវាលស្រែវែងអន្លាយ ស្រះជាប់នឹងព្រៃ ឈូកដេរដាស ដើមត្នោតកេរ្ត៍តា យូយារណាស់ ឥឡូវប្តូផ្លាស់ម្ចាស់ថ្មីហើយ។
-ឱ ព្រំសីមា អ្នកទួញយំ បាត់ហើយទ្រនុំ ផ្តល់សុខអើយ អាណិតប្រជាឃ្លាតញាតិហើយ តើថ្ងៃណាឡើយនឹងវិលវិញ។
-ក្រញ៉ាំចោមារចិត្តតិរច្ឆាន ឃោរឃៅសាមាន្យលោភះពេញ រំលោភឈ្លានពាន រាស្រ្តទោម្នេញ ហាស្តីលែងចេញ ទុក្ខពេញប្រាណ។
-តម្អូញតម្អែ ចិត្តឈឺចាប់ អាណិតជាតិធ្លាប់ល្អចំណាន ពេលនេះជាតិអន់ គ្មានវិញ្ញាណ សង្ឃឹមបានថ្កាន ឆ្ងាយអនេក។
-សម្បុរសម្បក សកត្រកូល ខ្លឹមច័ន្ទបណ្តូល ស្ពោតក្រៀមបែក វប្បធម៌ត្រចង់ពួនយំយែក មាតុភូមិហួហែក គ្មានអ្វីនៅ។
-សម្បុកសម្បូរ ធនធានរ៉ែ សល់ភាពទទេរ ចិត្តដំបៅ ឱ ខ្មែរអើយខ្មែរ ផុងជ្រោះជ្រៅ សល់ឈ្មោះ ដែលនៅ តែជាតិសូន្យ។
-មិនដឹងខ្មែរក្រោយរស់យ៉ាងណា? ម្លេះរស់វេទនាដូចជាក្បូន សល់ដង្ហើមធំ តាងទុក្ខធ្ងន់ ស្រពាប់ស្រពន់ ទារុណជាតិ។
-រាស្រ្តរស់ ដូចជនអនាថា គ្មានទាំងមេបា នៅក្បែរបៀត រយសែនមុឺនព្រួយ រស់ អនាថ ជីវិតចង្អៀត ឬយ៉ាងណា? -ស្រងល់ ស្រងូតក្នុងហឫទ័យ ភូមិចាស់ម្ចាស់ថ្មី រែងឯកា លាហើយៗ ឈ្មោះខេមរា ភូមិខ្ញុំនេះណា មានឈ្មោះថ្មី?
Glossary អនាថ=ឥតទីពឹង...

Mother

I'm very hungry Mom ...! Where are you now ?

ឯណាម៉ែខ្ញុំ

-ថ្មើរណេះទៅហើយមិនឃើញម៉ែ កូនឃ្លានម្ល៉េះទេចង់ស្រែកយំ ម៉ែយ៉ាងម៉េចហើយ អាសន្នធំ ជួយរកម៉ែខ្ញុំឲ្យឃើញផង។
-បើសិនគ្មានម៉ែ កូនឯកោ កូនយំទ្រហ៊ោ គ្រានេះម្តង ព្រះពុទ្ធជាម្ចាស់ជួយខ្ញុំផង ឲ្យម៉ែបានឆ្លងផុតគ្រោះភ័យ។
-ជ្រកក្រោមទ្រូងម៉ែកូនកក់ក្តៅ ម៉ែបញ្ចុកពៅនូវចំណី ម៉ែថ្នាក់ថ្នមកូនរាល់រាត្រី បំពេរចរណៃឲ្យនាងគេង។
-ជួនម៉ែទូន្មានប្រៀនប្រដៅ អប់រំឆោមឆ្លៅកុំឫកខែង ចេះឱនលំទោននិងកោតក្រែង កុំឡើយលលេងស្តីញ៉េះញ៉ោះ។
-ជួញមិត្តជាជាងជួញសត្រូវ ត្រូវខ្ពើមណាពៅរឿងប្រឈ្លោះ អត់ធ្មត់ខន្តី អភ័យទោស កុំដួចកំហុសតូច ជាធំ។
-ចូរចាំពាក្យម៉ែជាប់នឹងខ្លួន សំបុកមាំមួនយើងសុខុម ទោះបីភ្លៀងខ្យល់អាចជ្រកពួន ទ្រនុំភិរម្យដល់ជីវិត។

Dream

កំណាព្យ =ឱ ក្តីសុបិន

-ចង់ចរចា ប្រាថ្នាប្រាប់ ស័ព្ទផ្តោះផ្តង នឹងនួនល្អង ក្រងក្តីស្នេហ៍ ថែក្នុងចិត្ត ពេលជួបស្ងួន នួនកន្និដ្ឋា គ្រានែបនិត្យ គាំងពាក្យពិត គិតមិនយល់ ខ្វល់ហឫទ័យ។
-ខឹងខ្លួនឯង ស្តែងឫកពារ ឃ្លាចង់ពោល ជួបនិមល កល់ពាក្យថ្លែង ចែងមេត្រី ចង់ប្រាប់ថា ប្រាថ្នាជួប ផ្គួបភក្តី ស្នេហ៍មានន័យ ស្រីនិងបង ប៉ងលុះសូន្យ។
-មើលបុប្ផា គ្រាសាយ័ន្ត រាន់ស្នេហ៍ស្នឹទ្ធ ម្ចាស់ជីវិត ពិតឧត្តម រមនាពូន ស្នេហ៍ត្រកាល ថ្នាលមង្គល ខ្នល់ខ្នើយស្ងួន រៀមនិងនួន មួនមាំចិត្ត ឥតប្រេះឆា។
-តែគ្រានេះ ប្រេះឱរា សាសងឃ្លាត ទ្រូងចង្អៀត សៀតអួលណែន សែនឈឺផ្សា សម្លេងឃ្លោះ ឈ្លោះរងំ ឃុំផ្កាស្លា ហាក់ចរចារ សាសងប្រាប់ គាប់និរាស។
-ឱ វេនកម្ម ចាំផ្តន្ទា គ្រានេះម្តង ចិត្តសៅហ្មង កងកម្មចែក បែកព្រាត់ប្រាស់ រជនីករ បវរគាប់ ប្រាប់ប្តូរផ្លាស់ ស្នេហ៍ ជួប ច្បាស់ ប្រាស់មិនណាយ ឆ្ងាយរៀងៗ។
-ដូចយល់សប្តិ៍ ភ្ជាប់និស្ស័យ ឆ្នៃផ្អែមល្ហែម ស្នេហ៍មែនទែន សែនវិយោគ លោកមិនទៀង ជួបម្តេចព្រាត់? កត់ចំណារ ចារឲ្យឃ្វាង បងនឹកនាង រៀងរាល់ថ្ងៃ ក្រៃលើសលន់។
-ស្មាលាស្នេហ៍ ស្បែរស្បថថា លារហូត ស្នេហ៍រោលដុត មុតបេះដូង រូងទារុណ កុំឲ្យយល់ ខ្វល់ខ្វាយគិត ត្បិតរែកពុន ទម្ងន់ទុក្ខ ស្មុគច្របល់ សល់ចំបែង ....:::.!
រជនីករ = ព្រះច័ន្ទ

Sight seeing: Flower

កំណាព្យ =មើលផ្កា ....

-ផ្ការីកស្គុសស្គាយច្រើនស្អេកស្កះ ក្រហមច្រាលដាសអួតនេត្រា ជំនោរបើុយៗបមទ័យា រាល់ពេលសុរិយាអស្តង្គត។
-ល្ហែល្ហើយ កំសាន្តឋានរម្យនា ស្រម័យសួគ៌ាឋានតុសិត ខ្នងផ្អែកដើមឈើចិត្តនឹកគិត នឹកគ្រាអតីតចិត្តរីករាយ។
-វេហាដេដាសហ្វូងបក្សា ហិចហើរប្រាថ្នានឹងវិលវៃ ដូចផ្កាក្រពុំគួរមេត្រី កន្លង់ឃ្មាតខ្មីពុំកន្តើយ។
-ឯនាយម្ខាងណោះមេអំបៅ ត្រដាងស្លាបទៅល្អដល់ហើយ ដូចរជនកម្មវិចិត្រករអើយ តុបតែងឲ្យហើយជាស្នាដៃ។
-សោភ័ណនៃផ្កាអួតសម្រស់ ឆដាសម្ផស្សពេលរាត្រី ផ្កាយោលរេរាំនាំភិសម័យ សន្សើមបមបីប្រស់ព្រំស្រព។
-ហិមះ ករុណាដល់បុប្ផា ដូចព្រះសុរិយាមេត្តាភព ដូចវិញ្ញូជនតែងជាម្លប់ ប្រាជ្ញប្រាយផ្សាយផ្សពចិត្តជាបុណ្យ។
-ផ្ការីកហើយរោយជាធម្មតា ប្រៀបដូចសង្ខាតែងទោរទន់ កើតចាស់ឈឺស្លាប់ជីវិតពុន ច្នេះគិតឲ្យទាន់ខំសាងល្អ។
Glossary: រជនកម្ម=ការលាបថ្នាំរំលេចពណ៌ ហិម:=សន្សើម ឆដា =ពន្លឺ

Friday, August 17, 2012

Avocados ផ្លែអាវូកាឌូ

ផ្លែអាវូកាឌូ

ផ្លែអាវូកាឌូ ត្រូវបានប្រជាជនខ្មែរមួយចំនួននិយមហៅថា ផ្លែបឺរ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើង ផ្លែនេះត្រូវបានគេដាំនៅតាម តំបន់ដែលមានអាកាសធាតុត្រជាក់ ជាពិសេសគឺតំបន់ភ្នំ ដូចជានៅខេត្ត រតនៈគីរី ខេត្តមណ្ឌលគីរី និងខេត្ត កោះកុងជាដើម។ ផ្លែអាវូកាឌូ ពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់វ័យ។ វីតាមីន K នៅក្នុងផ្លែឈើនេះ អាចជួយធ្វើអោយឆ្អឹងរបស់យើង រឹងមាំ។ សារធាតុ ហ្វាយប័រ (Fiber មានប្រមាណ ៣៨%) របស់វា មានប្រយោជន៍ចំពោះសុខភាពបេះដូងរបស់យើង។
វីតាមីន E វីតាមីន C និងវីតាមីន B6 ជាប្រភពនៃសារធាតុ ទប់ស្កាត់ចំពោះ សារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidant) អាចជួយថែរក្សាស្បែក អោយស្រស់ស្អាត និង ជួយការពារនឹងជំងឺមហារីកស្បែកជាដើម។ ការទទួលទាន អាវូកាឌូ ក៏ជាប្រភពយ៉ាងល្អ សំរាប់ការផលិតថាមពល វីតាមីន B5 និង ជាតិប៉ូតាស្យូមសំរាប់ការប្រើប្រាស់របស់សាច់ដុំ។ វាក៏ផ្ទុកនៅសារធាតុសំខាន់ៗមួយចំនួនដូចជាកាប៉ូហាយដ្រាត ស្ករ Solube and Insolube fiber សូដ្យូម អាស៊ីតខ្លាញ់ អាមីនូអាស៊ីត ។ល។ ជាតិស្កររបស់វាមានកំរិតទាប បើធៀបជាមួយផ្លែឈើដទៃ។ អ្នកដែលមានជំងឺ ទឹកនោមផ្អែម អាចទទួលផ្លែឈើនេះបានច្រើន ពិសេសទៅទៀត គេបានរកឃើញថាការបរិភោគផ្លែអាវូកាឌូ គឺជួយអោយកំរិតជាតិស្ករនៅក្នុងឈាមមានភាពទៀតទាត់។

Papaya ផ្លែល្ហុង

ផ្លែល្ហុង

ផ្លែល្ហុងគឺជាផ្លែឈើម្យ៉ាងដែលសំបូរទៅដោយសារធាតុសំខាន់ៗសំរាប់ទប់ស្កាត់ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសគឺ ផ្លែល្ហុងទុំ។ វាសំបូរទៅដោយ ឃែរ៉ូធេនីស(Carotenes) វីតាមីន C, វីតាមីន B, វីតាមីន A, វីតាមីន E, វីតាមីន K, អាស៊ីត ហ្វូលីច (Folic Acid), ហ្វូលេត (Folate ជាសារធាតុជំនួយដល់ការបង្កើនគ្រាប់ឈាម ក្រហម និងប្រឆាំងជំងឺលើសឈាម), ប៉ូតាស្យូម, និង ហ្វាយប៊ឺ (Fiber) ជាដើម។ ការនិយមទទួលផ្លែល្ហុងទុំ អាចផ្តល់អោយអ្នកនៅសារប្រយោជន៍ជាច្រើនដូចជា៖

  • ទប់ស្កាត់នឹងការមានជំងឺបេះដូង និងប្រឆាំងនិងការកើតមហារីក
  • ធ្វើអោយប្រព័ន្ធបញ្ចេញកាកសំនល់ដំណើរការបានល្អ
  • ប្រឆាំងនិងការរីករាលដាលនៃមុខរបួសដែលកើតដោយសារការរលាក និងជួយផ្សះមុខរបួសបានលឿន
  • ដោយភាពសំបូរបែបនៃ វីតាមីន A និង វីតាមីន C ផ្លែល្ហុងអាចជំនួយប្រព័ន្ធការពាររាងកាយ ការពារនឹង ជំងឺ ផ្តាសាយនិងការឈឺត្រចៀកជាដើម។
  • បំបនសួត
  • ជំនួយស្បែក ។ល។

Banana ចេកណាំវ៉ា

ចេកណាំវ៉ា

ចេកណាំវ៉ា ផ្តល់វីតាមីន A ខ្ពស់ជាងគេ បំផុតក្នុងចំណោម ចេកទាំងអស់។ មិនតែប៉ុណ្ណោះ វាថែមទាំងមាន វីតាមីន B1 វីតាមីន B2 វីតាមីន C និង វីតាមីន B6 ក្នុងបរិមាណ ប្រហាក់ប្រហែលគ្នា។ ជាងនេះទៅទៀត ចេកណាំវ៉ាក៏មាន គុណប្រយោជន៍ ខាងសារធាតុ អាហារពិសេសជាង ចេកប្រភេទផ្សេង ពីព្រោះវាមាន ប្រូតេអ៊ីន មាន អាស៊ីដអាមីណូ អារ៍ជិនីន និង ហ្វីស្ទីឌីន ដែលមានភាពចាំបាច់ ចំពោះការលូតលាស់ របស់ទារក។ ក្រៅពីនេះ ចេកណាំវ៉ា ក៏មានប្រសិទ្ធភាព ខាងផ្នែកឱសថ ទៀតផង ដូចជា ៖
  1. ជួយសម្រាល អាការឈឺ-ក : ឬអាការ ឈឺដើមទ្រូង ដោយសារក្អក ដោយទទួលទាន មួយថ្ងៃ ៥-៦ ផ្លែ។
  2. កាត់បន្ថយក្លិនមាត់ នៅពេលព្រឹក : ចេកណាំវ៉ាជួយ កាត់បន្ថយក្លិនមាត់ បានល្អ ។ យើងអាចធ្វើបានដោយ ទទួលទានចេកណាំវ៉ា ក្រោយពីភ្ញាក់ ពីដំណេកភ្លាម សឹមទៅដុសធ្មេញ នោះវាអាច ជួយបន្ថយក្លិនមាត់។
  3. ធ្វើជាថ្នាំបំបាត់ ទល់លាមក : ឬប្រព័ន្ធបញ្ចេញ កាកសំណល់ ដំណើរការមិនធម្មតា។ សារធាតុផេកទីន (Pectin) ដែលមានក្នុង ចេកណាំវ៉ា នឹងធ្វើជាភ្នាក់ងារបង្កើត ជាតិសរសៃអាហារ ឱ្យទៅពោះវៀន បង្កើតប្រតិកម្ម រហូតទាល់តែធ្វើឱ្យ មាន អារម្មណ៍ចង់បត់ជើងធំ ។ ដូច្នេះវិធីបំបាត់ អាការទល់លាមក គឺត្រូវទទួលទាន ចេកណាំវ៉ាទុំ ១-២ ផ្លែមុនចូលដំណេក រួចផឹកទឹកឱ្យច្រើនៗ នោះវានឹងអាចជួយ ឱ្យបត់ជើងស្រួល នៅព្រឹកស្អែកឡើង។
  4. បំបាត់រាករូស : ចេកណាំវ៉ា មានសារធាតុថេននីន យ៉ាងច្រើន ទើបវាអាចជួយព្យាបាល អាការរាករូស ប្រភេទមិនខ្លាំង ដោយប្រើចេកណាំវ៉ាខ្ចី ឬស្រគាល យកមកបកសម្បកចេញ ហាន់ជាចំណិតស្តើងៗ ចាក់ទឹកចូលឱ្យល្មមលិច រួចដាក់ ដាំដោយ ប្រើភ្លើងល្មមៗ ប្រមាណជាកន្លះម៉ោង ផឹកមួយដងពី កន្លះទៅមួយពែង ដោយផឹករៀងរាល់លើក ពេលដែលបត់ជើង។
  5. ព្យាបាលរោគក្រពះ : យកចេកណាំវ៉ាមក បកសម្បករួច យកមកហាន់ជាចំណិតស្តើងៗ ដាក់ហាលថ្ងៃពីរថ្ងៃឱ្យស្ងួត បន្ទាប់មកយកមក កិនឱ្យម៉ដ្ឋ ប្រើទទួលទាន មួយដង ១-២ ស្លាបព្រាបាយ ដោយជ្រលក់ទឹកអង្ករ ឬទឹកឃ្មុំទទួលទាន មុនអាហារ កន្លះម៉ោង ឬមុនចូលដេក រៀងរាល់ថ្ងៃ។
  6. សម្បកចេកណាំវ៉ា ជួយសម្រាល អាការរមាស់ : ដោយសារសត្វល្អិត ទិចខាំ និង ស្នាមកន្ទួលក្រហម ដោយសារអាការរមាស់។ មិនតែប៉ុណ្ណោះ សាច់ និង សម្បកចេកណាំវ៉ា ក៏មានឥទ្ធិពល ក្នុងការទប់ស្កាត់រោគផ្សិត និង បាក់តេរី ដែលធ្វើឱ្យកើត ខ្ទុះ បានទៀតផង។

Custard Apple (ផ្លែជម្ពូ)

ផ្លែជម្ពូ

ផ្លែជម្ពូ ត្រូវបានគេ ចាត់ទុកថាជា ឪសថធម្មជាតិ អាចការពារប្រឆាំង ជំងឺទឹកនោមផ្អែម ដោយសារវាមាន ប្រសិទ្ធភាព សម្រួលដំណើរការ ក្រពេញទឹកនោម របស់មនុស្សយើង។
សាច់ និងគ្រាប់ របស់ផ្លែឈើមួយនេះ មានផ្ទុកនូវសារធាតុ អាចជួយកាត់បន្ថយ ជាតិស្ករគ្លុយកូស នៅក្នុងសរីរាង្គ។ អ្នកអាចទទួលទាន បានការព្យាបាល បែបធម្មជាតិ ដោយគ្រាន់តែទទួលទាន ផ្លែឈើនេះស្រស់ៗ។ ប៉ុន្តែសម្រាប់នៅ ប្រទេសឥណ្ឌា ក្រៅពីការទទួលទាន ផ្លែស្រស់ គ្រាប់របស់វា ត្រូវបានគេបុកធ្វើជាម្សៅ សម្រាប់កែរោគ ទឹកនោមផ្អែម។ ថ្វីត្បិតតែ អ្នកវិទ្យាសាស្ត្រ បានរកឃើញថា គ្រាប់និងផ្នែកខ្លះ នៃដើមជម្ពូមានផ្ទុក ជាតិពុលតិចតួច ប៉ុន្តែប្រជាជន នៅអាស៊ីជាច្រើន បានចាត់ទុកផ្លែនេះ ថាជាឪសថធម្មជាតិ ការពាររោគខួរក្បាល ថ្លើម និង ជំងឺទឹកនោមផ្អែម។
នៅពេលយើង ត្រូវប្រើភ្នែកសម្លឹងច្រើន វានឹងធ្វើឱ្យភ្នែក របស់យើងរួយ ស្រពន់ និង ងាយចុះខ្សោយ ប្រសិទ្ធភាព។ ដូច្នេះយើងត្រូវធ្វើ យ៉ាងណារក្សាកែវភ្នែក ដើម្បីប្រើការបាន យូរទៅមុខទៀត។ ជម្រើសទីមួយ គឺការទទួល ទានបន្លែពណ៌បៃតង នានា ដែលមានចំណែក ជួយថែរក្សាភ្នែក បានយ៉ាងប្រសើរ ប៉ុន្តែចំពោះអ្នកដែល មិនចូលចិត្តទទួលទាន បន្លែ ក៏អាចទទួលទាន ផ្លែឈើជំនួយភ្នែក បានដែរ ហើយស្វាយត្រូវបាន គេចាត់ទុកថាជា កំពូលផ្លែឈើ ជំនួយភ្នែក ដ៏ល្អបំផុត ជាពិសេសភ្នែក របស់មនុស្សចាស់ ដែលច្រើនតែចុះខ្សោយ ទៅតាមពេលវេលា។
ការពិសាស្វាយ អាចជួយភ្នែកបាន ព្រោះវាសម្បូរទៅដោយវីតាមីន C វីតាមីន E និង បេតាឃែរ៉ូទីនដែលជាភ្នាក់ងារ ទប់ស្កាត់រ៉ាឌីកាល់សេរី ។ សារធាតុទាំងបីមុខនេះនឹងជួយទប់ស្កាត់រ៉ាឌីកាល់សេរី ដែលជាដើមចមធ្វើឱ្យ ភ្នែកចុះខ្សោយ។ ប្រ សិនបើមិនចង់ ទទួលទានស្វាយទេ យើងក៏អាចជ្រើសរើស ទទួលទានផ្លែគីវីវិញ ក៏បានដែរ ពីព្រោះផ្លែគីវីមាន ប៉ូតាស្យូមខ្ពស់ ជួយកាត់បន្ថយ ការប្រឈមការខូចភ្នែក របស់មនុស្សចាស់ ដែលមានអាការលើសឈាម បានដែរ។
ដូច្នេះចំពោះអ្នកណា ដែលមិនអាចចៀសវាងការ នៅមុខកុំព្យូទ័រយូរៗបានទេ ក៏ត្រូវជំនួយភ្នែកដោយបន្លែ និង ផ្លែឈើដែល មានប្រយោជន៍ខាងលើ។

Custard (ផ្លែទៀប)

ផ្លែទៀប

ផ្លែទៀប មានផ្ទុកទៅដោយ ជាតិវិតាមីនសេ ប្រឆាំងនឹងសារ ធាតុប្រឆាំង អុកស៊ីដករ ហើយអាចជួយផ្តល់ ជីវជាតិព្យាបាល កោសិកា ផ្តាច់ខ្លួន ។ វីតាមីន A ដែលមាននៅក្នុង ផ្លែឈើប្រភេទនេះ ល្អសម្រាប់សម្ជស្ស សក់ ភ្នែក និងសុខភាពស្បែក។ ផ្លែទៀប មានជាតិ ម៉ាញ៉េស្យូម ដើរតួយ៉ាងសំខាន់ ធ្វើឲធូរស្បើយដល់ សាច់ដុំ និងការពារបេះដូង ទប់ទល់នឹងជំងឺនានា។ វាជាប្រភពដ៏សម្បូរ បែបសម្រាប់ ជាតិសរសៃ ដែលជួយដល់ ការរំលាយអាហារ ។ ផ្លែទៀប មានផលល្អ ក្នុងការរក្សា តុល្យភាព អាហារ ដោយសារវាមានកម្រិត ជាតិខ្លាញ់ ទាប ។ ចំពោះអ្នកនិយម ឪសថផ្សំ ពីរុក្ខជាតិ ផ្លែទៀបខ្ចី អាចត្រូវបាន យកមកហាល កិនបំបែក និងយកមក ប្រើព្យាបាល ជំងឺរាគមួល ផងដែរ។

Thursday, August 16, 2012

Look at the moon

កំណាព្យ =មើលព្រះច័ន្រ្ទា

-ច័ន្ទចរគ្រឿនៗតឿននភា ថាវេនវេលាច័ន្ទយាងមក បំភ្លឺផែនដីសព្វសត្វលោក ឲ្យបានស្បើយសោកដោយរស្មី។
-សាយឆពណ្ណគ្របភ្លឺរលង់ ជាមួយនឹងដួងតារានាយ រលករលេញប្រដេញឆ្ងាយ ធម្មជាតិទាំងឡាយក៏អបអរ។
-ទោះសត្វលោកណារលកដង្គំ រំលត់ចិត្តងំ និរាសចរ ដោយស័ទ្ទបក្សីលោមជាថ្នូរ ស្កាត់បមសៀងសូរប្តូរវិយោគ។
-ស្កល់ស្កប់ហឫទ័យច័ន្ទមានរិទ្ធ ដូចជាមន្តទិព្វថ្នមសត្វលោក អង្វរលួងលោមឲ្យស្បើយសោក ដោយបេះដូងឈ្ងោកមានមេត្តា។
-សត្វលោករស់នៅលើផែនភព ខ្លះគ្របដណ្តប់ដោយឥច្ឆា នាំកើតកង្វល់ក្នុងអាត្មា លោភលន់ស្រវាតាមចំណង់។
-រស្មីស្រទន់មានមេត្រី ឥតមានមោះមៃ អញ្ជលីផ្ចង់ ផ្សាចផ្សាយករុណាដោយតម្រង់ លោមសត្វគ្រប់អង្គពុំជិនណាយ។
-សូមសុខសួស្តីនៅសណ្ឋិត ដល់អស់ជីវិត ផងទាំងឡាយ សូមក្តីឧបាទវ៍ចាកចេញឆ្ងាយ សន្តិ មេត្រី សត្វលោកអើយ។

Tuesday, August 14, 2012

Ambition likes a torrent never looks back

-អញ លោភអញកើបធ្វើមានបាន ចង់នរណាគ្មានក៏គ្មានទៅ ចង់នរណាឃ្លានគ្មានលំនៅ មិនខ្វល់ នាំសៅហ្មងចិន្តា។
-លោភលន់ ទាល់ស្លាប់ឥតបើគិត ទ្រព្យធនមានឬទ្ធិមហស្ចារ្យ អំណាចក៏មានយសស័ក្តា ទៅណាមកណាគេហែរហម។
-ទៅខ្វល់រឿងឈ្មោះបានការអី បើវាអប្រិយ មិនបង្ខំ សំខាន់ស័ក្តិយសទ្រព្យស្តុកស្តម្ភ ហ៊ឺហាឫកហំសមចិត្តអញ។
-អភិវឌ្ឍន៍ ស្រុកទេស ទ្រព្យអញកើន អាណាព្រហើនមិនព្រមចាញ់ ប៉ែងវា សម្ល៉េះ កាប់ ចាក់បាញ់ ទុកទើសមុខអញជាបន្លា។
-បំណាច់នឹងឈ្មោះអសោចហើយ លោភអញមិនស្បើយ ឱប ស្រវា សន្និពន្ធនឹងធនជាគ្រួសារ រឹងមាំជាមហាគ្រឹះ ត្រកូល។
-ប្រសប់ចាត់ចែងរែងហើយត្រង តម្រែតម្រង់ខ្លឹមបណ្តូល មរតកវិសេសប្រសិទ្ធមូល អមតះត្រកូលរបស់អញ។
-អសុរ លោភោ ត្រួតត្រាចិត្ត ឃ្លានឥតបើគិត បំពោកពេញ មិនស្កប់ មិនស្កល់ ហល់ចម្ងាញ់ ស្លាប់នាំទោម្នេញទៅអបាយ។
-អបល័ក្ខណ៍ ជាក់ធ្លាក់ទៅនរក ជាទីស្មោគគ្រោកភ្លើងអវិចីយ៍ សន្ធោសន្ធៅឆេះរាល់ថ្ងៃ នេះហេតុបុណ្យឆ្ងាយ សាងតែបាប។
-សល់ឈ្មោះអាស្រូវស្អុយរហ៊ុំ ដូចដង្កូវជុំក្លិនស្អុយឆ្អាប នេះមកពីលោភ អកុសលព្រៀប យមបាលមកខាបទារព្រលឹង។
-ទោះធនសម្បូរជួយមិនបាន ទុរាចារយានគ្មានរំពឹង កាលខ្លួននៅរស់មិនគិតប្រឹង សាងល្អ ទុនពឹង ពេលមរណា។

Good temper is like a sunny day , it sheds its brightness everywhere .

-កំទេចពណ៌មាសនៃសុរិយា ចាំងធ្លុះវេហាកាត់ព្រឹក្សព្រៃ ទោះជាទិនករឆ្ងាយផែនដី ក៏ផ្សាចរស្មីពុំជិនណាយ។
-ដូចតារាបថដែលគោចរ ហ្វូងផ្កាយសាទរនឹងរាត្រី សម្ផស្សច័ន្ទចោមលោមហឫទ័យ ព្រិចៗពណ្ណរាយល្អអនេក។
-លួងលោមសត្វលោកដែលប្រចិត្ត ឲ្យឆ្ងាយខ្វល់គិត ជួយរំលែក ឱ ដួងតារាភ្មាសពេញមេឃ អ្នករួមជជែកជាភឿនផៅ។
-សម្រស់ធម្មជាតិពិតមានន័យ បរិសុទ្ធឥតបីល្អពេកកូវ សមរចាត់ឆ្លាក់បន្សល់នៅ ស្រាស់ព័ទ្ធជ្រកនៅក្នុងបេះដូង។
-ហេមះស្រិចៗដូចពេជ្រឆ្នៃ ដល់អស់ផ្កាព្រៃសព្វទាំងពួង អធិមុត្តិមេត្តាមិនរំលង វាយោបមផងនាំសោមនស្ស។
-សូម្បីផ្ទៃមេឃពណ៌ល្អណាស់ ពពកដេរដាសគន់ឥតទាស់ ជាបទពណ៌នាមិនរីងខ្សោះ កវីផ្តងផ្តោះក្បោះក្បាយពេក។
-សុរិយោទ័យរស្មីខ្ចាយ ឧត្បលទាំងឡាយរីកស្គាយប្លែក ទាំងហរិតជាតិឆ្លៀតមកញែក បង្អួតកែវភ្នែកឲ្យស្តាយគន់។
-អភិប្រាយរីករាយឥតឧបមា អរគុណទ្វីប៉ាផ្តល់សោភ័ណ ព្រលឹម រាត្រីនិងសាយ័ណ្ណ ប្រៀបនឹងទឹកមន្តសណ្តំចិត្ត។
-ភួងម្លិះលំអរដល់កេសា ធម្មជាតិនោះណានាំជីវិត ឲ្យសុខរម្យនាសោភាពិត ច្នេះគួររួមគិតថែឲ្យល្អ។

ភាពកត្តញ្ញូចំពោះមាតុភូមិ

កំណាព្យ =ភាពកត្តញ្ញូចំពោះមាតុភូមិ

-អវជាតិបុត្រ អកត្តញ្ញូ មិនដែលគិតគូរតបស្នងលោក ម៉ែឪ មានគុណផ្តល់ម្លប់ជ្រក ទ្រគោះបោះបោកពោលមាក់ងាយ។
-បើសិនស្លាប់ទៅធ្លាក់នរក ព្រោះពាលលាមក នាំអន្តរាយ នឹងរងទុក្ខទោស ក្នុងចរុរាបាយ ព្រោះចិត្តព្រៃផ្សៃកាលខ្លួនរស់។
-ដូចជាមាតុភូមិផ្តល់ក្តីសុខ កំណើតកើតមកគួរស្ម័គ្រស្មោះ បើជាតិលិចលង់ប្រឹងសង្រ្គោះ នោះទើបមានឈ្មោះល្អប្រពៃ។
-រីពលរដ្ឋណាទ្រុស្តចិត្តខ្មៅ ជាតិជាលំនៅផ្តល់រមណីយ៍ បែរក្បត់មាតុភូមិលក់ខ្ទេចខ្ទី មានឈ្មោះពេញទីរាស្រ្តក្បត់ជាតិ។
-ប្រៀបដូចអវជាតិបុត្រ អកត្តញ្ញូក្បត់មានល្បិចស្នៀត ម៉ែឪមានគុណ គួរឆ្លាស់ឆ្លៀត ផ្តល់ផលខ្មីឃ្មាតតបគុណលោក។
-កើតមានជីវិតលើផែនដី គួររៀបចំឆ្នៃ កុសលភោគ គ្រប់ៗជីវិត អវចរឈ្ងោក ច្នេះគិតនឹកភ្នកជ្រកម្លប់ធម៌។
-រីវិភាវីតែងពិចារណ៍ សន្សំសទ្ធា អំពើល្អ នោះទើបវិមោក្ខចាកវឹវរ ដោយចរិយាធម៌ជាពំនឹង។
-អតិជាតិបុត្តពិតវិសេស តបគុណមិនធ្វេសដោយសញ្ជឹង លះបាប អាក្រក់ដោយប្រឹតប្រឹង នោះចិត្តសន្ធឹងផ្សាយមេត្តា។
-ជាពលរដ្ឋល្អក្នុងសង្គម មានការអប់រំធម្មចរិយា ស្រឡាញ់ប្រទេសជាងអាត្មា មិនក្បត់មនសិការ ដើម្បីខ្លួន។
-ច្នេះរាស្រ្តម្នាក់ៗគួរថ្លែងថ្លឹង ជាតិបាត់ព្រលឹង ទុក្ខផ្ទួនៗ គួរនាំគ្នាភ្ញាក់គិតឲ្យមួន ដើម្បីនរជន ខ្មែរជាន់ក្រោយ។

The Cicada (សត្វរៃ)

ចម្រៀង =ស្រណោះរៃយំ

១=សែនស្រណោះរៃយំ លើកំពូលភ្នំ ព្រះជីសូរ សែនស្រណោះ ៗទោចថ្ងូរ អាសូរដែនព្រឹក្ស។
២=សែនស្រណោះរៃយំ រៃផ្លាស់ទ្រនុំ អារម្មណ៍សែននឹក ទីឋានធ្លាប់រមនាល្ងាចព្រឹក អាសូរបេងផ្ចឹក គេដឹកយកទៅ។
៣=សែនស្រណោះរៃយំ ទុក្ខអើយទុក្ខធំ ព្រោះឃ្លាតលំនៅ ធ្លាប់រស់ៗ ក្នុងដងព្រៃជ្រៅ ប៉ុន្តែឥឡូវ ត្រូវមនុស្សពាធា។
៤=សែនស្រណោះរៃយំ ទ្រូងអើយអួលងំចុកណែនក្តៅផ្សា ឃ្លាតជ្រោះជ្រលងដងអូរបព្វតា មិនដឹងថ្ងៃណា បានជួបគ្នាវិញ។
៥=សែនស្រណោះរៃយំ សព្វម្រឹគតូចធំ រណ្តំទោម្នេញ មនុស្សចិត្តខ្មៅ បានមកបរបាញ់ ដើម្បីបំពេញ មហិច្ឆតាខ្លួន។
៦=សែនស្រណោះរៃយំ អណោចអធម អួលងំផ្ទួនៗ និរាសបាត់បង់ឈើធំផ្តេកខ្លួន វិយោគអង្រួន ព្រោះក្តីឈឺចាប់។
៧=រៃសូមដាក់បណ្តាសា ដល់នរជនណាដែលបំផ្លាញកាប់ សូមអស់ទេវតាបរាមុខឆាប់ សូមឲ្យលោកច្បាប់ ឆាប់ដាក់ទោសទ័ណ្ឌ។
៨=រៃខ្ញុំសូមផ្តាំ សូមរាស្រ្តសស្រាំ ថែទាំរួសរាន់ ព្រៃឈើថ្លៃថ្លាអនេកអនន្ត ទាក់ទាញភិរុណ ជួយដល់កសិករ។

Looking at the moon

កំណាព្យ =មើលព្រះច័ន្រ្ទា

-ច័ន្ទចរគ្រឿនៗតឿននភា ថាវេនវេលាច័ន្ទយាងមក បំភ្លឺផែនដីសព្វសត្វលោក ឲ្យបានស្បើយសោកដោយរស្មី។
-សាយឆពណ្ណគ្របភ្លឺរលង់ ជាមួយនឹងដួងតារានាយ រលករលេញប្រដេញឆ្ងាយ ធម្មជាតិទាំងឡាយក៏អបអរ។
-ទោះសត្វលោកណារលកដង្គំ រំលត់ចិត្តងំ និរាសចរ ដោយស័ទ្ទបក្សីលោមជាថ្នូរ ស្កាត់បមសៀងសូរប្តូរវិយោគ។
-ស្កល់ស្កប់ហឫទ័យច័ន្ទមានរិទ្ធ ដូចជាមន្តទិព្វថ្នមសត្វលោក អង្វរលួងលោមឲ្យស្បើយសោក ដោយបេះដូងឈ្ងោកមានមេត្តា។
-សត្វលោករស់នៅលើផែនភព ខ្លះគ្របដណ្តប់ដោយឥច្ឆា នាំកើតកង្វល់ក្នុងអាត្មា លោភលន់ស្រវាតាមចំណង់។
-រស្មីស្រទន់មានមេត្រី ឥតមានមោះមៃ អញ្ជលីផ្ចង់ ផ្សាចផ្សាយករុណាដោយតម្រង់ លោមសត្វគ្រប់អង្គពុំជិនណាយ។
-សូមសុខសួស្តីនៅសណ្ឋិត ដល់អស់ជីវិត ផងទាំងឡាយ សូមក្តីឧបាទវ៍ចាកចេញឆ្ងាយ សន្តិ មេត្រី សត្វលោកអើយ។

Acid war

កំណាព្យ: សង្គ្រាមនិងទឹកក្រុដ

-ស្នេហាត្រីកោណពូនចិត្តឆន្ទា រោលរាលមោហាកើនជាទោសះ ភ្នំភ្លើងស្នេហាឆេះងំឥតអាក់ បង្ករឲ្យខ្វាក់ប្រព្រឹត្តអបាយ។
-ស្នេហ៍និរាសបង់លង់ក្នុងមហាសមុទ្រ ដោយសារទឹកក្រុដដុតឲ្យក្រហាយ ស្នេហ៍ស្មានថាគាប់ប្រែជាអន្តរាយ នឹកគួរឲ្យស្តាយតែហួសអស់ហើយ។
-លោមពណ៌នៃផ្កាទាក់ចិត្តភូមិរា ឲ្យលង់ចិន្តាប្រាថ្នាផ្កាអើយ ទំពក់នៃប្រាក់ជំពាក់ចិត្តហើយ ស្នេហ៍មិនដល់ត្រើយ ស្នេហ៍ប្រែឈឺចាប់។
-បំភាន់ចិត្តក្តៅ ឲ្យដើរផ្លូវខុស នាងអើយចាំចុះ ត្រូវខន្តីជាប់ សង្រ្គាមអាស៊ីដមិនគួររករាប់ កើននូវភាពស្អប់ ឫទ្ធធំមហិមា។
-កើតជាមនុស្សគួរចេះរិះគិត ទើបញ៉ាំងជីវិតឲ្យផុតវេរា ខំសាងចិត្តបុណ្យរម្ងាប់នូវពៀរ ត្រិះរិះមាគ៌ានៃរតន្នត្រ័យ។
-ស្រឡាញ់បំផុតដុតរោលឲ្យក្តៅ គួររំលត់ទៅបាបកម្មចង្រៃ កុំប្រព្រឹត្តឡើយអំពើព្រៃផ្សៃ អ្នកឈ្នះក្នុងក្តី រងទុក្ខអ្នកផ្សេង។
-គួរចាត់ជាសារប្រាថ្នាសន្តិ លះបង់អរិ នាំផុងវង្វេង ទោសះ ក្តីក្តាំក្រញ៉ាំល្បិចល្បែង ជាធ្នាក់ខ្លួនឯងគេចមិនរួចឡើយ។
-លក្ខិណានារី ដោយចិត្តជាបុណ្យ មិនមូទូជន រួសរាយឆ្លងឆ្លើយ ថែបុត្រធីតា ឲ្យបានដល់ត្រើយ វេនវេលាឆ្លើយប្រៀបដូចលក្ស្មី។
-កុំអុជអាលចិត្តដូចពាយុគុល្ម ងងឹតងងល់បំពានញាំញី ស្វាមីបែកឆ្វេងគួរគិតសំភី បំពេញនាទីជាភរិយាល្អ។
-ដណ្តើមប្រជែងខែងរ៉ែងខាងឈ្លោះ នាំរិតទោមនស្សនាំល្អក់កករ ទឹកអម្រឹតម្តេច ពាក្យពេចន៍នៃធម៌ ត្រួសត្រាយដោយពណ៌ស្មោះនៃបេះដូង។

The Poet and his poem, poetry

កំណាព្យ = កវីនិងកាព្យ

-ឃ្លោងឃ្លាកំណាព្យ កវីព្រោះសាប ដោយសារមនោរម្មណ៍ អណ្តែតអណ្តូង សំណេររៀបចំ គតិឧត្តម ផ្សែផ្សំអត្ថរស។
-បេះដូងកវី ដួចចិត្តមមៃ អារម្មណ៍គិតឆ្ពោះ ក្លែបល្បោយវោហា ប្រាថ្នាសោមនស្ស លោមមិត្តទាំងអស់ ឲ្យស្បើយកង្វល់។

-បំភ្លៃពាក្យពេចន៍ ណែងណងក្រងល្បិច អានឈ្លេចឲ្យឆ្ងល់ បង្កប់សំនួន សួនកាព្យនិមល ទ័យាសុខសល់ ដោយពាក្យលួងលោម។
-ប្រៀបដូចតន្រ្តី បំពេររីករាយ ដល់អ្នកស្តាប់ព្រម ខ្លុយទ្រតាខេ សូរសៀងហាក់ថ្នម ត្អូញត្អែរប្រលោម ឲ្យដួចស្រម័យ។
-កំណាព្យច្នោះដែរ សីល្បសាស្រ្តបំពេរ ទង្គឹះដួងចៃ អារម្មណ៍បានក្សាន្ត សុខសល់ពេកក្រៃ នាំចិត្តទៅឆ្ងាយ តាមឃ្លោងឃ្លាកាព្យ។
-ពុធជនខេមរា សម្បូរកាព្យា ពូកែរៀបរាប់ ចងក្រងនិទាន រឿងព្រេងចង់ស្តាប់ បុរាណសាស័ព្ទ ច្បាប់ច្រើនអនេក។
-អាយៃចាប៉ី សិល្បះកាព្យក្រី ទស្សនាគាប់ភ្នៃក មានល្ខោនបាសាក់ មោទនះល្អឯក យីកេក៏ប្លែក ដំណែលដូនតា។
-អរគុណកវី ខេមរាលកលៃ ចាត់ចែងចំណារ ទុកឲ្យខ្មែរក្រោយ បន្តររក្សា កំណាព្យតម្រា សិល្បះផូផង់។

Monday, August 13, 2012

Counted one's chicken before they're hatch.

-ការអ្វីមុនធ្វើត្រូវពិចារណ៍ មិនបង់អសារខូចប្រយោជន៍ ត្រូវគិតមុនគូរឲ្យល្អិតល្អោច មិនខុសខាតហោចខាតទទេរ។
-ខ្លះគិតឆុងៗដូចសាវជៃ កញ្ជើរធ្លុះធ្លាយ មិនខ្វល់ថែ យកហេះដូរហោះខ្សោះឥតល្ហែ យីកយាកហូរហែររហោកធ្លុះ។
-បុរាណលោកពោលត្រូវព្យាយាម គិតស្រេចទើបឈាន មិនសូវខុស ខន្តី អត់ធ្មត់ ការងារឆ្ពោះ ជោគជ័យទំលុះឈានរុងរឿង។
-កើតជាមនុស្សគ្រប់ជីវិត ខ្លះជួបភ័ព្វពិតរស់ថ្កុំថ្កើង ខ្លះរស់ក្នុងក្រ ខ្វល់គ្រប់រឿង ចូរខំប្រឹងឡើង ទល់ឧបស័គ្គ។
-កាប់ឆ្ការបន្លាផ្លូវជីវិត តស៊ូរឹងរិត ដោយចិត្តស្ម័គ្ម នោះមុខជាជួបល្អអន័គ្ឃ ដោយបេះដូងអ្នកហ៊ានពុះពារ។
-ដុសខាត់ចរិយាឲ្យប្រពៃ រាប់រកមេត្រីញាតិផងគ្នា កុំឆ្មើងហួសបុណ្យភ្លេចវន្ទា ឃើញចាស់ព្រឹទ្ធា ចាត់ស្មើខ្លួន។
-អនុភាពឥរិយាដោយធម្មា នាំបានសុខា មង្គលពូន មាត់មនុស្សនាំសុខ ភាពមាំមួន ច្នេះឫកទន់ភ្លន់ញាតិចូលចិត្ត។
-កុំស្រម័យខ្ពស់ដូចតារា កុំលោភ ហ័ត្ថាឈោង មិនជិត ការអ្វីសម្រេចព្រោះគំនិត ច្នេះប្រឹងរិះគិតតាមលទ្ធភាព។
-ខ្លះបណ្តោយលោភចង់ហួសហេតុ ចង់ធ្វើនរទេព ធំហួសមាឌ ប្រាថ្នាគិតអ្វីកុំហួសខ្នាត វាស់ឲ្យប្រិតប្រៀបសោះវាខ្ចាយ។

Siem Reap (Angkor Wat): Kravan

1/7/12

កំណាព្យ =ក្រវ៉ាន់សៀមរាប

-ក្រវ៉ាន់សៀមរាបស្ទាបហឫទ័យ ឲ្យនឹកមមៃដល់នួនល្អង បានជួបនិមលត្រឹមតែម្តង ចិន្តារៀមប៉ងជាគូរគាប់។
-រៀមអ្នកទេសចរនៅភ្នំពេញ គួចចិត្តស្រឡាញ់ កែវសំណប់ អូនល្អម្លឹងៗមេត្រីរាប់ បើសិនបានភ្ជាប់ ជាគូរស្នេហ៍។
-ម្ល៉េះសមអំណរពន់ប្រមាណ ព្រោះកែវកល្យាណធីតាខ្មែរ សុភាពរាបសាររួសរាយទ្វេរ ចង់ប្រលោមថែផ្កាក្រវ៉ាន់។
-សំដីពិរោះដូចសារិកា ឯវង្យភ័ក្រ្តាមូលដូចច័ន្ទ ល្អអើយសែនល្អរៀមភាំងភាន់ ចង់ប្រាប់តូចតន់ថាខ្ញុំនឹក។
-ភ្នំពេញ សៀមរាបមិនឆ្ងាយគ្នា ក្តីប៉ងប្រាថ្នាឆ្ងាយពន្លឹក ធ្វើម្តេចនាងដឹងថាបងនឹក បេះដូងខ្សួលខ្សឹករាល់រាត្រី។
-សូមផ្តាំតាមខ្យល់ជួយប្រាប់ឆោម ពពកជួយនាំនូវពាក្យស្តី ច័ន្ទអើយដួងច័ន្ទ ដឹងឬអ្វី? ថាខ្ញុំស្នេហ៍ស្រីប៉ុផែនមេឃ។
-សូមច័ន្ទចរចារប្រាប់នាងផង វេលានេះម្តងចង់ជជែក បើមិនបានជួបទ្រូងនឹងបែក ស្រពោនប្រេះបែកឥឡូវហើយ។
-បានត្រឹមលួចគន់ពីចម្ងាយ បានត្រឹមនឹកស្តាយខានឆ្លងឆ្លើយ សូមទេព្តាជួយជួបត្រាណត្រើយ ជាគូរគាប់អើយលុះអវសាន។

Farmer's life

3/7/12

កំណាព្យ =ជីវិត ជាកសិករ

-មើលគុម្ពសន្ទូងខៀវស្រងាត់ សូរសៀងរហាត់ទឹកចូលស្រែ ប្រឡាយទឹកថ្លាហូរផងដែរ សន្ទូងដុះក្បែរម្អមក្លិនឈ្ងប់។
-មើលទ្រូមានជាប់ផ្ទក់អណ្តែង កសិករចាត់ចែងដោយប្រសប់ មានអាំង ស្លរម្ជូរ ប្រហុកកប់ ស្វាយខ្ចី ត្រីផ្ទាប់ឆ្ងាញ់អស្ចារ្យ។
-ជីវិតអ្នកស្រែ មិនព្រួយភ័យ ជីវិតមានន័យ រស់សុខា ចិត្តមិនលោភលន់កេងស្រវា រស់តាមសម្មា ជីវោខ្លួន។
-វស្សាមកដល់ខ្វល់សាបព្រោះ កត្តិកវិញនោះ ខំរួសរាន់ ច្រូតកាត់បោកបែនដឹកជញ្ជូន ដាក់ជង្រុនពូនផលចាក់ធារ។
-រួចស្រូវរួចស្រែខំឡើងត្នោត បានស្កររាប់បោ៉ត លក់ឯផ្សារ ចិញ្ចឹមមាន់ទា ក្បែរគេហា ដំណាំផងណាគ្រាន់ស្លរស្លុក។
-មិនខ្វល់ភ្លើតភ្លើនស៊ីវីល័យ អួតគ្នាឡានថ្មី វីឡាស្តុក ទោះរស់ក្នុងខ្ទមល្មមផ្តល់សុខ ចំណីចំណុកមិនខ្វះឆី។
-ជីវិតស្ងប់សុខរស់សុខដុម កូនចៅជួបជុំ ដោយរីករាយ ធម្មជាតិបំព្រង រីកស្គុសស្គាយ ហ្វូងសត្វមិនណាយហើរឆ្វែលឆ្វាត់។
-អ្នកភូមិ នៃខ្ញុំចេះជួយគ្នា រួបរួមសាមគ្គាជាផៅញាតិ រស់ដោយសន្តី ភាតរភាព ក្នុងភូមិល្អស្អាតអនាម័យ។

Electricity of Cambodia

5/7/12

បើសិនភ្លើងអគ្គិសនីឡើងថ្លៃមែន .....

-ដល់ថ្ងៃបង់ភ្លើងសែនព្រួយចិត្ត មុខស្អុយ ព្រោះពិតចង់ដាច់ខ្យល់ បើសិនភ្លើងឡើង ទាល់សែនទាល់ រាស្រ្តក្រ ហេតុផល អ្វីទៅហ្ន? -ថ្លៃភ្លើង ថ្លៃម្ហូប ថ្លៃកូនរៀន បើសិនអ្នកមាន មិនខ្ចីថ្ងូរ តែពិតជាយ៉ាប់ម៉ែឪក្រ ត្រដេរត្រដរអង្វរមេឃ។ -ស្រុកអីខុសគេ គ្មានមេត្តា រាស្រ្តក្រវេទនាពួនយំយែក សង្កត់ឲ្យស្លាប់ កុំចាំស្អែក រស់ប្រេះទ្រូងបែក រស់ធ្វើអ្វី?

Nature Voice

កំណាព្យ = ........

-សម្ផស្សរុក្ខជាតិធ្លាប់ល្អស្រស់ ឥឡូវព្រឹក្សព្រៃកាប់ស្ទើរអស់ ដីប្រេះក្រហែងស្ងួតក្រៀមក្រោះ ជីវិតរស់នៅហត់ហេវខ្សោះ។ -សង្ឃឹមលើច្បាប់ដូចមេឃខ្ពស់ យុត្តិធម៌ពេលស្តាប់សែនពិរោះ អ្នកក្រប្តឹងប្តល់តែងរងគ្រោះ ចាញ់លោកដុល្លាតែងសាបព្រោះ។ -បង្គោលព្រំដែនចេះរង្គោះ មហិច្ឆតាលោភលន់បុណ្យស័ក្ខិយស មនុស្សខ្លះអាងខ្នងស្តីអសុរស ទ្រព្យធនអំណាចតោងលោតផ្លោះ។ -ខ្លះផ្អែមមាត់ក្រៅក្នុងទុរយស សាហាវខ្លាំងណាស់ដូចសត្វពស់ ជីវិតក្នុងសោក ចាំសង្រ្គោះ តវ៉ាខ្លាំងក្លាត្រូវជាប់ខ្នោះ។ -ពុករលួយខ្លាំង ជាតិហិនខ្សោះ សម្បត្តិធនធានត្រូវរលស់ រាស្រ្តរស់ទុគតឃ្លានផ្សាពោះ ចូលព្រៃបោចវល្ល៍គេចងបោះ។ -មច្ឆាក្នុងទឹកភ័យទោមនស្ស សំណាញ់អួនថ្នងបង់គ្មានលោះ ម្រឹគីម្រឹគាសុំតែរស់ ម្តេចព្រានឫស្យាប្រល័យអស់? -នឹកគ្រាថ្កុំថ្កើងរែងស្រណោះ ប្រទេសធ្លាប់ល្បីល្អឥតខ្ចោះ ចមក្សត្រទសពិធចិត្តសន្តោស រាស្រ្តរស់សុខសាន្តឥតមៃមោះ។ -ខ្មែរគួររួបរួមជួយរំដោះ សាមគ្គីចិត្តមួយជួយជាតិរស់ ដេញខ្មាំងឈ្លានពានឲ្យខ្ចាយអស់ ដោយវិរភាព និងបេះដូងស្មោះ។

What is you skill?

កំណាព្យ =ជំនាញខ្ញុំ......

-ជំនាញខ្ញុំប៉ិនខាងដូរដោះ ផ្លាកឡានសេះហោះអត់បង់ពន្ធ ចេះអែបចៅហ្វាយរឿងផ្គាប់ផ្គុន បញ្ជោរក្រាបលូនចេះទាំងអស់។ -ចេះគោះ ខ្សិបខ្សៀវលុយក្រោមតុ ប៉ិនដាក់យកមុខ ល្អឥតទាស់ នរណាប្រឆាំង ខ្លោចទាំងរស់ នរណាចិត្តស្មោះ បក្យពួកយើង។ -ជំនាញរឿងពុក ......លក់ឈើព្រៃ ប្រវញ្ញបានដី គាស់រំលើង ហ៊ានកាប់ហ៊ានចាក់ អុជជាភ្លើង នរណាចចើង ហ៊ានតតាំង។ -ចង់ស ជាខ្មៅខ្ញុំធ្វើបាន ឃោរឃៅចំណាន អំណាចខ្លាំង នរណាហ៊ានសាកចង់ប្រណាំង អារឿងធ្លាប់ច្បាំង ចេះស្ទាត់ណាស់។ -ស្រុកខ្មែរ ស្រុកខ្ញុំកុំចង់ ល ធ្វើភ្លៀងធ្វើផ្គរ ខ្យល់រន្ទះ រឿងឈ្លោះខ្ញុំខែងកុំចង់ឈ្នះ ឯច្បាប់ ក្រឡាស់ស្រេចលើខ្ញុំ។ -ជំនាញស្ទាត់ស្តាស់ផ្លូវលោកីយ៍ ប៉ុន្តែដល់ថ្ងៃអាសន្នធំ មច្ចុគម្រាម ខ្ញុំពួនយំ ខុសជំនាញខ្ញុំ មិនហ៊ាន ត ......!

Happy with the rain

7/7/12

កំណាព្យ =រីករាយជាមួយតំណក់ភ្លៀង

-រាប់លានតំណក់ ឮសូរក្លិកក្លក់ ស្រក់ចាកមេឃា អង្គុយម្នាក់ឯង ក្នុងខ្ទមជរា ញ័រញាក់រងា ឯងឯកាកាយ។ -តែឃើញរុក្ខជាតិ សន្ទូងខ្មីឃ្មាត រីកស្រស់ត្រសាយ សម្លេងទឹកហូរ នៅក្នុងប្រឡាយ ក្មេងៗប្រញាយ លប្រណាំងគ្នា។ -ខ្លះរាវក្តាមខ្យង ស្រែកហ៊ោអឺងកង កញ្ជ្រៀវខ្ញៀវខ្ញា ធ្វើឲ្យខ្ញុំនឹក កាលវ័យកុមារ សប្បាយម្ល៉េះណា រត់ក្រោមទឹកភ្លៀង។ -ពេលភ្លៀងម្តងៗ កង្កែបហ៊ីងហង ឆ្លើយឆ្លងទាត់ទៀង ននោងលាស់ត្រួយ បោះពួយអួតរាង រីឯស្លឹកល្ងៀង ឈ្មៀងនេត្រគយគន់។ -ពោះកូរសញ្ញា នឹកឃ្លានអាហារ ប្រញាប់រួសរាន់ បាយកកប្រហុក ម្ហូបឆ្ងាញ់មិនអន់ ដណ្តើមគ្នាលាន់ កាយញាត់ៗ។ -ឯក្មេងនៅស្រែ មិនសូវទំនេរ ច្រើនតែនឿយហត់ ឃ្វាលគោក្របី រំពៃប្រយ័ត្ន ក្រែងលោវាបាត់ ខានជួយភ្ជួរពុក។ -ចងគោ វាលស្មៅ មិនឈប់ស្ងៀមនៅ រកអ្វីស្លរស្លុក ជួនបានទំពាំង ជួនបាចនៅថ្លុក បានត្រីដាក់ទុក គ្រាន់នឹងផ្ញើរម៉ែ។ -ជួនបានក្តាមខ្យង រីករាយកន្លង ផ្សែផ្សំម្អមស្រែ បានទាំងក្រសាំង ក្តិបអំពិលដែរ កំពឹសអបក្បែរ បុកឆ្ងាញ់ពិសារ។ -ភ្លៀងធ្លាក់ខ្ជោកខ្ជាំ ល្អផលដំណាំ ដាំក្នុងចម្ការ ននោងត្រសក់ ត្រឡាចចេញផ្កា រីល្ពៅខំវារ ឯបនឹងឱឡឹក។

River Love

8/7/12

កំណាព្យ =ស្ទឹងស្នេហ៍ប្រែចិត្ត

  • សម្បថមាត់ស្ទឹងទ្រឹងចងចាំ បក្សីច្រៀងផ្តាំរាល់សន្ធិយា ផ្កាត្របែកព្រៃសួរអូនថា តើដល់ពេលណាអ្នកវិលវៃ។
  • ដងស្ទឹងប្រែល្អក់ព្រោះខកចិត្ត នឹកសែនអាណិតឆោមពិសី អង្គុយចាំផ្លូវរៀងរាល់ថ្ងៃ ចាំស្ងាត់បាត់ថ្លៃអ្នកទៅណា?
  • រលីងរលោងស្ទើរស្រែកយំ សម្បថស្នេហ៍មុំប្រែអសា ម្តេចរេក្រឡះក្បត់សន្យា ឱ ស្ទឹងស្នេហា ស្ងាត់ស្ងៀមឈឹង។
  • សម្តីព្រោកប្រាជ្ញប្រែឥតន័យ ច័ន្ទបាត់រស្មី គ្មានពំនឹង ស្រពាប់ស្រពោនគ្មានព្រលឹង លែងយល់លែងដឹង ចិត្តវង្វេង។
  • ខឹងចិត្តខ្លួនឯងម្តេចនៅនឹក? ចាំរាល់ល្ងាចព្រឹកទ្រូងចំបែង ស្នេហ៍និរាសបាត់ដូចជាផ្សែង ខកចិត្តគិតឈ្វេង រែងវិយោគ។
  • គួររាងចាលហើយក្តីស្នេហ៍ក្បត់ ពាក្យផ្អែមប្រែចត់ ចិត្តសោយសោក ស្នេហ៍អស់តម្លៃ សល់ពាក្យបោក ដួងចិត្តវិប្បយោគ រស់គ្រាំគ្រា។
  • ព្រលិតរំចង់ ស្រីធ្លាប់ដក ស្រូវស្រែបែរស្កក ជាមួយគ្នា បេះដូងខ្ទាំខ្ទេច ក្តិចឈឺផ្សា សល់ទឹកនេត្រាសម្រាប់យំ។
  • ផ្តាច់និស្ស័យស្នេហ៍ត្រឹមប៉ុណ្ណឹង ភ្លេចហើយពាក្យចាំ ភ្លេចទ្រនុំ នឹកឃើញពាក្យម្តាយធ្លាប់អប់រំ ចចើងចិត្តធំនាំទឹកភ្នែក។
  • កូនខុសហើយម៉ែ ភ្លេចបណ្តាំ ស្នេហ៍ចិត្តប្រេះស្រាំពេលឃ្លាតបែក ទម្រាំតែដឹងខ្សោះទឹកភ្នែក ស្នេហ៍កម្មមកជ្រែកឲ្យឃ្លាតឃ្លា។

Khmer Rouge: Children Song

ចម្រៀង=កុមារបដិវត្ត

  • ១.សុរិយាបដិវត្តក្រហមឆ្អិនឆ្អៅ ចាំងចែងសន្ធៅ ឭ្ធដ៏នភាល័យ ស្រោចស្រពពសុធានៃកម្ពុជាថ្មី ភ្លឺផ្លេកពណ្ណរាយ រុងរឿងអស្ចារ្យ។
  • ២.យើងខ្ញុំកុមារ មានសុភមង្គល សុខដុមពេកសល់ រស់នៅថ្លៃថ្លា ក្រោមការគ្រប់គ្រង អង្គការមហិមា បដិវត្តន៍កម្ពុជា ភ្លឺស្វាងបំផុត។
  • ៣-យើងបោសសំអាតអនាម័យរួម ធ្វើការក្នុងភូមិ ប្រយុទ្ធខ្លាំងក្លា ខំកសាងខ្លួននៅក្នុងចលនា ដើម្បីធានា អនាគតបដិវត្តន៍។

Saturday, August 11, 2012

When a bribe enters the door , laws get out at the chimney

យុត្តិធម៌

-យុត្តិធម៌ស្តាប់ទៅសែនពិរោះ បញ្ជាក់ភាពស្មោះល្អឥតបី តែមនុស្សចិត្តខ្មៅមកបំភ្លៃ យុត្តិធម៌ឆ្ងាយក្រៃដូចមេឃខ្ពស់។
-សង្គមឥឡូវស្រេចលោកប្រាក់ យុត្តិធម៌ត្រូវទាក់ធ្នាក់ទុរយស ប្រជារងទុក្ខជាប់ឃ្នាងខ្នោះ អយុត្តិធម៌សាបព្រោះដោយជនពាល។ -ចង់បានសង្គមល្អផូរផង់ យុត្តិធម៌ល្អទ្រង់ វង្សត្រកាល រាស្រ្តមានសេរី រស្មីច្រាល ដោយយុត្តិធម៌ក្រាលស្មើភាពគ្នា។
-សង្ឃឹមថ្ងៃមួយយុត្តិធម៌ប្រែ មាំមួនមិនរេ ឫទ្ធិមហិមា ជាទីកក់ក្តៅដល់ប្រជា មិនបម្រើមហិច្ឆតាជនទុច្ចរិត។
-ព្រោះច្បាប់ឥឡូវយ៉ាកហួសហេតុ លោកប្រាក់ព្រោះផែត ឃ្លាតការពិត ខ្មៅប្តូរជា ស ស្រេចតែចិត្ត រាស្រ្តរងវិប្បរិត អយុត្តិធម៌។ -បើសិនជាច្បាប់មានប្រសិទ្ធភាព ច្បាប់ជាយន្តឃ្នាបល្អបវរ សង្គមរៀបរយល្អសែនល្អ យុត្តិធម៌ផ្តល់ពណ៌ ចិញ្ចែងអើយ។

The Caraway

10/7/12

កំណាព្យ =ម្អមស្រែប្រែក្លិន

-រសម្អមធ្លាប់ឈ្ងុយលោមនាសា ឱ កែវធីតាគាប់ហឫទ័យ នឹកគ្រាដកស្ទូងហាក់ថ្មីៗ រៀមជួយភ្ជួរដី ឲ្យនាងស្ទូង។
-ប្អូនទៅធ្វើការនៅរោងចក្រ ឃ្លាតខានជួបភ័ក្រ្តចិត្តស្រយ៉ង់ តែនាងសន្យា ស្នេហ៍ស្មោះត្រង់ ទោះបីនួនល្អងឃ្លាតឆ្ងាយក្តី។
-សច្ចាធិដ្ឋានស្នេហ៍លុះសូន្យ ស្មោះភក្តីស្ងួនឥតពីរបី រៀមអរកន្លងបានជួបស្រី តែងនឹកស្រម័យថ្ងៃមង្គល។
-ស្រាប់តែខែមុននាងមកផ្ទះ ចិត្តនាងប្តូរផ្លាស់ភ្លេចសូន្យសល់ ឡានទំនើបថ្មីជូននាងដល់ រៀមរែងពិភាល់ឆ្ងល់កន្លង។
-កម្លោះអភិជនជាគូរគាប់ ស្រីភ្លេចលែងរាប់ លែងចាំបង ម្អមស្រែប្រែក្លិន ភ្លេចស្រែផង ភ្លេចទាំងកម្រងអនុស្សា។
-រៀមសែនចុកចាប់ឥតពាក្យស្តី សម្បថគ្មានន័យ ឆ្ងាយសន្យា ភ្លេចខ្ទមចាំស្រែ ណាត់ជួបគ្នា ម្អមស្រីសាវ៉ា ភ្លេចក្តាមខ្យង។
-ស្នេហ៍រៀមរង្គោះព្រោះចិត្តក្បត់ សល់ពាក្យជូរចត់ សម្រាប់បង ស្លឹកល្ងៀងលាស់ត្រួយចាំនួនល្អង ម្អមស្រែលែងប៉ងជួបល្ងៀងហើយ។
-ឱ រន្ទះផ្គរជាសាក្សី ម្អមស្មាលាដីស្រែ លែងឆ្លើយ ក្តាមខ្យង ឈប់សួរ គ្មានចម្លើយ ម្អម ធ្វើព្រងើយ លែងនឹកនា។
-ស្រីឈ្លក់ទឹកម៉ាស៊ីនភ្លេចទឹកស្ទឹង ភ្លេចខ្ទមឈរឆ្កឹង ស្នេហ៍វីឡា ភ្លេចរទេះគោ ស្រែចម្ការ ឡានថ្មីហ៊ឺហា ថ្ពក់ចិត្តអូន។

Friday, August 10, 2012

កំណាព្យ =ផ្តាច់ការ ...::

-ផ្តាច់ការ ផ្តាច់កោះអស់របស់ខ្មែរ រាស្រ្តក្រុងរាស្ត្រស្រែព្រួយសែនព្រួយ ដោះដូរ ដូរដោះ ផ្លោះបោះពួយ សង្គមលើកស្ទួយ អ្នកមានខ្សែ។
-ខ្ញុំមានខ្សែដែរ ខ្សែអ្នកក្រ ត្រកូលស្មោះសរ សុទ្ធឈាមខ្មែរ ឥឡូវឯបកៀន មិនហ៊ានក្បែរ ខ្មៅសុទ្ធអ្នកស្រែពីដូនតា។
-ខ្មែរខ្ញុំត្បិតក្រ មិនក្បត់ជាតិ ឧត្តមគតិមិនឃ្លាត ជាតិខេមរា នាមាថ្លៃឆ្នើម ស៊ូការពារ ដែនព្រំសីមាមិនរាថយ។
-មិនឈ្លក់វង្វេងល្មោភបុណ្យស័ក្តិ ដែលជាអន្ទាក់លំអុតឲ្យ អស់ដីអស់ព្រៃ បង់គិតធ្លោយ សម្លេងដង្ហោយជាតិ ដាស់ខ្មែរ។
-បើខ្មែរមិនរួមជាតិនឹងបង់ ចូរគិតតម្រង់សង្រ្គោះថែ ប្រយោជន៍ជាតិធំគួរគិតគ្នេរ សាមគ្គី កូនខ្មែរ ទើបជាតិរស់។

The Rain

កំណាព្យ =ភ្លៀងធ្លាក់ខ្ជោកខ្ជាំ...

-ផ្គរលាន់គ្រឹមៗគ្រហឹមប្រាប់ រន្ទះសាស័ព្ទប្រាប់ផែនដី ភ្លៀងធ្លាក់ខ្ជោកខ្ជាំ សន្ទូងខ្ចី ទឹកព្រៀបប្រឡាយ ហូរឈូឆរ។
-អ្នកក្រុងលូស្ទះទឹកជន់លិច មិនដឹងធ្វើម៉េច រកពុទ្ធោ លប់បឹងកក់មួយ ក្រុងថ្ងួចថ្ងូរ ទឹកហូរជន់ជោរវាលល្ហាចល្ហឹម។
-សម័យឥឡូវអភិវឌ្ឍន៍ប្លែក លប់បឹងលប់ព្រែក លប់សង្ឃឹម អ្នកក្រដេកព្រួយ លប់ញញឹម សង្គមល្អត្រឹម រាស្រ្តយំយែក។
-បើភ្លៀងជន់ខ្លាំងលិចស្រែស្រូវ រាស្រ្តក្រហ្មងសៅទ្រូងស្ទើរបែក បាត់ព្រៃបាត់ឆោម និរាសខ្ញែក ទលិទ្ធភាពជ្រែក ទុក្ខប៉ុនភ្នំ។
-សម័យតេជះ ក្រាស់ខាងលក់ លក់ខ្ទេចវីវក់ ឈ្លក់បុណ្យធំ រូបយើងបានសើចឯងបានយំ រូបយើងបានហំឯងបានហីន។
-យាយី យូរយា រលាយខ្ទេច ហីនហោចរោចលិច បំផ្លាញប៉ិន រាស្រ្តយំល្ហែបៗ ព្រួយមកកិន ទុរគត នៅក្រិន មិនព្រមឃ្លាត។
-ពីដើមសម្បូរសប្បាយណាស់ រាស្រ្តមានមិនខ្វះដំណាំព្រាត ឥឡូវយ៉ាប់យ៉ឺនទ្រូងចង្អៀត គិតហើយគិតទៀត គិតយ៉ាងណា?

The Moon and the Sun

12/7/12

កំណាព្យ =ច័ន្ទផ្លាស់សុរិយា

-ដួងព្រះទិនករបររាជរថ ហៀបអស្តង្គតរស្មីសែង្យ ច័ន្ទចរគ្រឿនៗមកកន្លែង ចោលឆពណ្ឌចែងបំភ្លឺលោក។
-សត្វប្រញាប់ខ្មីរកទ្រនុំ ក្រោយពេលភ្លៀងធំខ្យល់បក់បោក ខ្ទមស្លឹកទ្រុឌទ្រោមធ្លុះរហោក ទីទុយមៀមក្រោកចាកដំណេក។
-សន្សើមក៏ធ្លាក់លោមរាត្រី ច័ន្ទល្អឥតបី ចាំងពេញមេឃ តារាហែហមច្រើនអនេក ពពកដាសដេកលើមេឃខ្ពស់។
-បុប្ផាក្រពុំចោលក្លិនសាយ ថែថើបមិនណាយក្រអូបម្ល៉ោះ កន្លង់ហើរឆ្វែលចិត្តអាឡោះ មិនទៅណាសោះប៉ងក្រេបផ្កា។
-ច័ន្ទអើយ រស្មីសែនស្រទន់ ល្អអើយល្អគន់គាប់នេត្រា សម្ផស្សធម្មជាតិល្អដល់ម្ល៉ា ញ៉ាំងឲ្យកាមាប្រលោមភ្លឹក។
-សោភ័ណនាពេលរាត្រីស្ងាត់ កង្កែបហុីងក្អាត់ច្រើនសន្ធឹក ច្រៀងឆ្លើយឆ្លងគ្នាលាន់រអឹក រីករាយនឹងទឹកភ្លៀងពេញស្រែ។
-សន្ទូងយោលយោគរេតាមខ្យល់ កើនក្តីសុខសល់ អ្វីម្ល៉េះទេ ម្អមចោលក្លិនឈ្ងប់ពេញវាលស្រែ លួងលោមអ្នកម៉ែឲ្យបេះស្លរ។
-ដួងខែ រះអើតខ្នើតរាត្រី សន្ទូងខៀវខ្ចីចាំងឆ្លុះពណ៌ វិចិត្រករបានយល់ម្ល៉េះអំណរ គូររចនាល្អទស្សនីយភាព។
-មើលច័ន្ទ បណ្តែតមនោសញ្ចេតនា រៀបរាប់ឃ្លោងឃ្លា...........

Drink or not drink?

កំណាព្យ =វាចាអ្នកតឹងវ៉ឹង

-ផឹកស៊ីជារឿងល្អទេតើ ផឹកមិនបាច់ដើរផឹកឲ្យគេសែង ផឹកស៊ីនៅបារមានស្រីស្រស់ក្មេង លូកលាន់ប្រឡែងយកចិត្តយកថ្លើម។
-ស្រាបៀរឥឡូវត្រូវរង្វាន់ បានម៉ូតូលាន់ លុយរៀលសម្បើម ពួកយើងគិតផឹក ៗអត់ដង្ហើម ផឹករលួយថ្លើមបានមេដៃមាស។
-សម័យឥឡូវកុំខ្វល់ច្រើនពេក កើតមកក្រោមមេឃសប្បាយទើបឈ្លាស ផឹកទើបយើងហំ សង្គមវិប្បល្លាស គេផឹកតែពាស មិនមែនតែយើង។
-ផឹកស៊ីតឹងវ៉ឹងក្លាខ្លំសំដី ជីវិតមានន័យគ្រួសាររុងរឿង ផឹកៗ គ្រឿងក្លែមទន់មាត់ចិត្តសឿង អាណារករឿងយើងវ៉ៃទាត់ធាក់។
-កើតមកមួយជាតិធាតុតែមួយចាន ក្រពះចំណាន ផឹកលោកនាងអ្នក ផឹកខើចអាយុព្រោះភ្នែកវាធ្លាក់ ផឹកព្រោះមោទនះ ដើមទ្រូងប្រាំហ័ត្ថ។
-ផឹកស៊ីម្តងៗសប្បាយខ្ញៀវខ្ញា មីនាងអាវ៉ា កុំឡូឡាកាត់ ពុកធ្វើគម្រូកូនចៅស្ងៀមស្ងាត់ ផឹកៗប្រយ័ត្នខ្ទេចខ្ទីគ្រឿងក្នុង។
-សម្បូរផៅភឿនពេលផឹកម្តងៗ ក្អាកក្អាយអឺងកងហិនហោចឡុងចុង ឥឡូវខ្លួនឈឺវរវឹកជាប់ជុង ឆ្អិនថ្លើម បម្រុង ទាររកក្តាមជ្ឃូស។
-ឥឡូវភ្ងាក់ខ្លួនតែហួសអស់ហើយ អ្នកផឹកដង្ហើយ ថាមិនគួរខុស ផឹកបង្ហិនលុយខ្លីទាំងអាយ៉ូស បងសូមខមាទោសម៉ែមីង៉ាឯងផង។

Thursday, August 9, 2012

Love Poem

13/7/12

កំណាព្យ =ស្នេហ៍ជាអមតះ

-: សំណាងបងណាស់បានអូនជាគូរ ស្នេហ៍ជាគម្រូល្អូកល្អឺនពេកក្តាត់ អូនមើលលើមេឃសត្វហើរច្រវាត់ ហ្វូងច្រើនពេកក្តាត់សាក្សីស្នេហ៍យើង។
-:អូនក៏ដូច្នោះសែនសប្បាយពេក ស្នេហ៍យើងភ្លឺផ្លេកពណ្ណរាយរុរឿង ទោះព្យុះព្យោមាមកគាស់រំលើង ក៏ស្នេហ៍នៃយើងមិនផ្លាស់ប្តូរឡើយ។
-:រស្មីនៃច័ន្ទពណ៌គាប់គួរគន់ ស្នេហ៍ស្រីតូចតន់ ស្មោះមិនកន្តើយ រៀមសូមសន្យាជូនអូនដល់ត្រើយ ភក្តីចម្លើយស្នេហ៍លុះក្សិនក្ស័យ។
-:អរគុណដល់បងដែលមេត្តាអូន សណ្តោងសណ្តូនស្នេហ៍ឲ្យមានន័យ បងជាម្ចាស់ចិត្តវិសេសឥតបី រស់មានតម្លៃជ្រកក្រោមទ្រូងបង។
-ប+ស:សន្យាថាស្នេហ៍ជាអមតះ ថ្កើងថ្កានអន័គ្ឃចារជាកម្រង ស្នេហ៍យើងទាំងពីរបរិសុទ្ធឥតហ្មង វេញជាចំណងលុះស្លាប់រៀងៗ។

Wednesday, August 8, 2012

Cambodia Taxi Driver

14/7/12

កំពង់ចាម ...កំពង់ធំ ...ហា...ត្រូវប៉ាន់ ....ញាត់អត់អាណិត....

-ពេលបុណ្យម្តងៗត្រូវប៉ាន់ណាស់ កុំថាខ្ញុំផ្តាស់ លុយក្រាស់ក្រែល ប៉ូលីសអត់ផាកអត់ក្រវែល ព្រោះលុយខ្ញុំហែលចូលហោប៉ៅ។
-សុំទោសម្តងចុះពូ មីងអុំ កុំប្រកាន់ខ្ញុំ នាំចិត្តក្តៅ យូរៗបានម្តងកុំង៉ូវៗ យល់ចិត្តខ្ញុំទៅយើងម៉ូយគ្នា។ -ឲ្យតែឡានខ្ញុំវាទៅមុខ ឥវ៉ាន់ដាក់ទុកវាហូរហៀ សំពីងសំពោងអត់បញ្ហា ប៉ូលីសនោះណាសុទ្ធគ្នាឯង។
-ស្រុកយើងឥឡូវច្បាប់មិនគិត សំខាន់យល់ចិត្ត លុយឫកខែង បើសិនស្មោះត្រង់នាំឆ្ងាយវែង លុយផ្លុក ស្តាំឆ្វេងឯងទៅចុះ។
-ម្យ៉ាងដែរស្រុកខ្ញុំអត់ខ្លាចច្បាប់ បើចង់ប្រញាប់ រឿងត្រូវខុស តាស្រម៉ូមហុច ល្អទាំងអស់ ខ្មៅប្រែឥតខ្ចោះ ស្រុកចាយលុយ។
-បើឈឺគ្មានប្រាក់កុំទៅពេទ្យ មើលគ្រូស្តោះផែត សុទ្ធប្រថុយ បើរស់សំណាង ចិត្តយើងស្លុយ បើស្លាប់ៗផុយ ព្រោះយើងក្រ។
-នេះហើយសម័យសែនចិត្តសឿង ឆ្លងកាត់ព្យុះភ្លើងទាំងត្រដរ ទ្រាំរស់ឬស្លាប់ តាមជីវោ យើងជាអ្នកក្រអញ្ចឹងហើយ។

Two women and a child

15/7/12

ប្រជុំរឿងព្រេងខ្មែរ =រឿងស្រីពីរនាក់ដណ្តើមកូនគ្នា

-មានស្រី្តម្នាក់ ទឹកភ្នែកសស្រាក់ម្នាក់ឯង។ កំសត់ហួសថ្លែង ព្រោះមិនមានកូននឹងគេ។ មេម៉ាយតោកយ៉ាក រស់សែនពិបាកទុក្ខទ្វេ។ ម្តេចកម្មបុព្វេ ចារមកឲ្យយ៉ាងដូច្នោះ។ ដើរទៅដើរមក ស្រាប់ឃើញកូនគេរូប ស្រស់ ចិត្តត្របាញ់ឆ្ពោះ កើតគំនិតសែនអប្រិយ។ ឱ ម៉ែមីង៉ា យើងសែនសង្កាណាស់វ៉ឺ ឯងសំណាងក្រៃ មានទាំងបុត្រីល្អម្ល៉េះ សុំពរបន្តិច ប្រឡែងចង់បិចថ្ពាល់អេះ ពរជាប់ចង្កេះ ម្តាយគេសុំវិញមិនឲ្យ។ កូនអញទេណា ម្តេចឯងវាចានាំស៊យ មីកន្ទិនហយ មើលមុខមើលក្រោយមុនហារ។ រឿងឈ្លោះកើតឡើង ចចើកចចើងមោហា ប្តឹងដល់រាជា ឲ្យទ្រង់ជួយកាត់សេចក្តី។ ព្រះអង្គទ្រង់ត្រាស់ ពិបាកខ្លាំងណាស់មន្ត្រី ឥឡូវលកលៃ ដាក់កូនឲ្យនៅកណ្តាល។ បើដណ្តើមបាន មានសិទ្ធធរមានត្រកាល ស្រី្តជ្រួលច្រាល ស្ទុះទៅដណ្តើមកូនគ្នា។
-ស្រី្តម្នាក់នោះ ទាញយកពីឈ្នះហានក្លា ម្នាក់ទៀតសោកា សុខចិត្តលែងឲ្យគេឈ្នះ។ ព្រះអង្គឈ្វេងយល់ ពិចារណ៍ហេតុផលសច្ចះ ទ្រង់ដឹងថាម្នាក់ ដែលចាញ់នោះពិតជាម្តាយ។
-ធម្មតាចិត្តម៉ែ អាណិតថ្នមថែឆោមឆាយ បេះដូងប្រេះធ្លាយ ខណះឮសូរកូនយំ។ ឱកូនពន្លក ម៉ែស៊ូវិយោគ រណ្តំ ចាញ់ចុះណាមុំ ឲ្យតែកូនបានសុខកាយ។
-រាជាដាក់ទោស ស្រីម្នាក់នោះចិត្តព្រាយ ១០០រំពាត់លើកាយ ថ្ងៃក្រោយឲ្យនាងរាងចាល។ ព្រហ្មវិហារនៃម្តាយ ដល់បុត្រទាំងឡាយត្រកាល ចោលរស្មីច្រាល ក្រាលដោយទឹកចិត្តមេត្តា។

Visit Angkor Wat

16/7/12

ចម្រៀងយីកេ =ទស្សនាប្រាសាទអង្គរខ្មែរ (លំនាំបទស្តេចផ្ទុំ )

-ប្រាសាទអង្គរល្អឯក គាប់ភ្នែកទេសចរទាំងឡាយ(ពីរដង) ក្បាច់ចម្លាក់សែនល្អឆើតឆាយ​ ស្នាដៃជនជាតិខេមរា (ពីរដង)
-មានទាំងបាគូស្រះស្រង់ ល្អខ្ញង់ពេញបុទុមា (ពីរដង ) វិស័យអម្រឹតសួគ៌ា ទេវតាលោកប្រទានមក (ពីរដង)
-ប្រាសាទវិមានស្កឹមស្កៃ ស្ញើចក្រៃល្អល្អះលើលោក(ពីរដង ) បុព្វបុរសខ្មែរសាងទុកមក គួរភ្នកជួយរក្សាថែ (ពីរដង)
-សុរិយាវរ្ម័ន្នទីពីរ អញ្ជលីផ្ចិតផ្ចង់ណាស់ដែរ(ពីរដង) រជ្ជកាលនៃទ្រង់ថ្កើងទ្វេ ប្រជារស់នៅសុខសាន្ត(ពីរដង)។
-ពង្សាវតាបានប្រាយប្រាប់ រ៉ាយរ៉ាប់ទុកជាពត៌មាន(ពីរដង) សិលាចារឹកជាដាន មាតុភូមិយើងថ្កានរន្ទឺ (ពីរដង)
-ចម្លាក់ច្រើនឥតគណនា​ មហស្ចារ្យល្បីល្បាញដឹងឭ(ពីរដង ) មហានគរផូរផង់ច្រាលភ្លឺ គួរខ្មែរយើងនឹកស្រណោះ (ពីរដង)
-ខ្មែរច្បាំងធ្លាប់ទទួលជ័យ ខ្មាំងភ័យខ្លបខ្លាចឫទ្ធិនោះ(ពីរដង) ធ្វើសឹកសង្រ្គាមល្បីឈ្មោះ ក៏ព្រោះកម្លាំងសាមគ្គី (ពីរដង)
-ប្រាសាទជាមនាបភ័ណ្ឌ ល្អគន់ស្ញប់ស្ញែងគ្មានពីរ(ពីរដង ) ប្រជាមោទនះអញ្ជលី សក្ខីប្រាប់ថាខ្មែរថ្កើង (ពីរដង)
-ពេលបានទស្សនាម្តងៗ អារម្មណ៍ខំផ្ចង់ខ្មែរយើង(ពីរដង ) ថែកេរ្ត៍មរតករុងរឿង ដើម្បីកូនខ្មែរជាន់ក្រោយ (ពីរដង)

What is the most salty lake in the world?

What is the most salty lake in the world? Pls write comment if you know...

Short Story: My Life

កម្រងរឿងខ្លី =ឱ ជីវិតខ្ញុំអើយ .....

នួន (ឈ្មោះសន្មត ) ជាស្រ្តីមេម៉ាយម្នាក់ដែលមានរូបលោមពណ៌ បែបនារីខ្មែរ គួរជាទីប្រតិព័ទ្ធនៃបុរសទាំងឡាយ។នាងមិនព្រមជ្រើសរើសជីវិតគូរទៀតទេ ព្រោះតែនាងខ្លាចគេធ្វើបាបកូនស្រីតែម្នាក់គត់ ដែលនាងស្រឡាញ់ស្មើកែវភ្នែក។ ក្នុងភាពជាគ្រូបង្រៀន និងជាមាតានៃបុត្ត នួនតែងតែប្រកាន់ខ្ជាប់នូវសេចក្តីមេត្តា ការអភ័យទោស ក្តីស្រឡាញ់និងព្យាយាម អប់រំ ដល់កូន និងសិស្ស ដើម្បីឲ្យក្លាយជាពលរដ្ឋល្អរបស់ប្រទេស។ កូនស្រីរបស់នាង ក៏ពេញរូបរាង ហើយក៏មានគូរស្រករ។ នួន ឥឡូវនេះកាន់តែចាស់ណាស់ទៅហើយ មិនយូរប៉ុន្មាននឹង ចូលនិវត្ត។ គាត់ក៏បានផ្ទេរកេរ្ត៍មរតក មានផ្ទះសម្បែងឲ្យទៅកូនស្រីរបស់គាត់។ វេលានេះ កូនស្រីដែលធ្លាប់ជាកូនល្អ មិនដូច ពីមុនទេ គេប្រែជាកូនអកត្តញ្ញូដោយដាច់ចិត្តបណ្តេញម្តាយឲ្យចេញ ពីផ្ទះដើម្បីផ្គាប់ចិត្តស្វាមី។ នួន វេចបង្វិចចាកចេញពីផ្ទះ ទាំងជលនេត្រហូរសស្រាក់ ដោយមិននឹកស្មានថា កូនស្រីសំណព្វចិត្តហ៊ានធ្វើបែបនេះ។ ឥឡូវនេះ គាត់រស់នៅក្នុង បន្ទប់ជួលតូចតែម្នាក់ឯង ដោយគ្មានកូននៅក្បែរដូចមុនឡើយ។ ក្តីស្រម័យ បានឃ្លាតឆ្ងាយបន្តិចម្តងៗ ..... ក្តីស្រម័យថាបានជួបជុំកូន ចៅ ......នៅពេលចាស់ជរា ....ពេលនេះសល់តែភាពទទេ អស់សង្ឃឹម .....! អំពើល្អ ដែលគាត់ខំសាង ស្ទើរតែពេញមួយជីវិត....ម្តេចក៏ជួបកម្មអាក្រក់បែបនេះ ....

17/7/12

Poem Tomnuk Bompe ទំនុកបំពេរ

17/7/12

ទំនុកបំពេរ ..:::::

-ឱណាកូនអើយ កូនគេងទៅ រូបម៉ែនិត្យនៅក្បែរនេះទេ ម៉ែអង្គុយបក់ឲ្យមាសមេ និងច្រៀងបំពេរឲ្យនាងគេងលក់ស្កប់។ -កើតមកជាមនុស្យរស់លើផែនដី ចរិយាប្រពៃ ថ្លៃថ្លាបំផុត ហេតុនេះកូនអើយរំពឹងឲ្យសព្វ មាគ៌ាជាម្លប់គឺព្រះធម៌ថ្លៃ។ -កូនត្រូវខំរៀនចំណេះជាទ្រព្យ ល្អប្រសើរគាប់ ចែងចាំងរស្មី ដុសខាត់ចរិយាឲ្យមានតម្លៃ រាប់រកមេត្រីកុំបីឆ្មៃឆ្មើង។ -កូនអើយស្មោះស្ម័គស្រឡាញ់មាតុភូមិ ភូមិករសុខដុមអាស្រ័យរាស្រ្តយើង បើមានចំណេះត្រិះរិះជាតិថ្កើង ប្រទេសរុងរឿងភ្លឺថ្លាពណ្ណរាយ។ -កុំក្បត់ទឹកដី ក្បត់ជាតិខេមរា គួរពិចារណាឲ្យបានវែងឆ្ងាយ ជាតិជាជីវិត ខេមរាគ្រប់កាយ ច្នេះបុត្រឆោមឆាយត្រូវថែរក្សា។ -បច្ចវេក្ខណញ្ញាណជាគោល គតិផុសធ្គោលព្រមមនសិកា ពលីព្រោះជាតិ ពង្សាវតាចារ វិរភាពអស្ចារ្យមហាបុរសខ្មែរ។ -អរិយធម៌ខ្ពស់យសសែនប្រពៃ កិត្តិនាមល្បាញល្បី តាំងពីបុព្វេ ស្ថាបត្យកម្មល្បីពេញអគ្នេយ៍ គួរផ្ចង់រិះរេកុំឲ្យបាត់បង់។ -បូរណភាពទឹកដីព្រំដែនសីមា តាំងពីដូនតាថែឲ្យគង់វង្យ ប្រាង្គប្រាសាទខ្មែរកេរ្ត៍ពីយូរលង់ រចនាផ្ចិតផ្ចង់គួរឲ្យស្ញប់ស្ញែង។ -កូនអើយត្រូវចាំបណ្តាំមាតា ជាបុត្រខេមរាល្អល្អះលើសលែង មើលពង្សាវតាចារប្រាប់ថ្លាថ្លែង ប្រយ័ត្នប្រយ៉ែងល្បិចខ្មាំងឫស្យា។

The secret of success is to start from scratch , and keep on scratching.

Date: 18/07/2012 The secret of success is to start from scratch , and keep on scratching.
-ស្មៅមួយសរសៃ ជញ្ជូនរាល់ថ្ងៃ លៃក្រងត្បាញថែ អាចផ្តុំពូនជ្រុំ សម្បុកស្ថិតស្ថេរ ស្នាក់នៅរាប់ខែ ផុតពីខ្យល់ភ្លៀង។ -ទឹកមួយតំណក់ លានដងដែលស្រក់ អាចធ្លុះថ្មបាន រីក្តីព្យាយាម គង់តែដល់ថ្កាន ច្នេះស៊ូគ្រប់ប្រាណ នឹងបានជោគជ័យ។ -រីអំបោះសូត្រ ត្បាញចិត្តអំណត់ រាប់លានសរសៃ គង់កើតជាហូល ផាមួងល្អក្រៃ ដោយសារស្នាដៃ អ្នកត្បាញប្រឹតប្រឹង។ -គ្រាប់ពូជតូចមួយ ដាំដុះថែជ្រួយ អាចលូតសន្ធឹង កើតជាព្រៃស្តុក ជង្រុកចម្រឹង ម្រឹគអាចរំពឹង ស្នាក់អាស្រ័យបាន។ -រីលេខអក្ខរា កូនខំសិក្សា រាល់ថ្ងៃអាចឈាន ជាអ្នកចេះដឹង ប្រាជ្ញយល់ចំណាន អនាគតថ្កើងថ្កាន ដោយកូនស្វាធ្យាយ។ ផ្កាស្រស់កន្លង់់ចោម ...... -ផ្កាស្រស់ចោលក្លិនក្រអូបសាយ កន្លង់មិនណាយក្រេបលំអង ចោមរោមហិចហើរក្រវែលផង បានដូចបំណងតែងហើរចោល។ -ជាតិជាស្រ្តីប្រៀបដូចផ្កា បុរសសោតណាដូចកន្លង់ ហេតុនេះកូនអើយត្រូវប្រាណប្រុង កុំបីឆោតល្ងង់ឆាប់ជឿគេ។ -ផ្អែមណាស់ពាក្យលោមឲ្យលង់ចិត្ត បានប្រាណឱបរិត ភ្លេចពាក្យម៉ែ កូនខ្លួនជាស្រីត្រូវគ្នាន់គ្នេរ ប្រពៃណីខ្មែរល្អផូរផង់។ -សង្គមឥឡូវព្រានអាងប្រាក់ ដុល្លាជាធ្នាក់ ឲ្យជាប់ជុង ភ្លើតភ្លើនភ្លេចខ្លួនខូចពូជពង្ស អាស្រូវអស់អង្គនាំមន្ទិល។ -កើតមកជាកុលធីតាខ្មែរ កុំឈ្លក់ភាន់ប្រែ រឿងខូចខិល សំអាតចរិយា ល្អសុរិល ដុសខាត់ឲ្យរិលរឿងមិនល្អ។ -ត្រកូលយើងខ្មែរត្រូវរៀបសារ ស្លៀកពាក់សោតណាសមបវរ កុំខើចឃើញភ្លៅសាច់ខ្ចីស ខូចអរិយធម៌ ខ្មែរមានយស។ -កុំឈ្លក់វង្វេងវប្បធម៌គេ ហូលផាមួងកេរ្ត៍ត្រូវបង់បោះ កូនអើយនាងចាំកុំភ្លេចសោះ ទំនៀមខ្មែរខ្ពស់យសប្រពៃ។ -បើកូនឃ្លាតកាយ ចិត្តនៅចាំ រាល់អស់បណ្តាំ ប្រាប់កូនស្រី ថែខ្លួនប៉ផូរកិត្តិយសថ្លៃ ទោះយើងក្រក្រី មាយាទល្អ។ -ប្រពៃណីខ្មែរពីបុរាណ ល្អល្អះចំណានជាយាយូរ មង្គលសេរី ថ្ងៃបរិបូរ ផ្កាស្លា ជូនពរពីមេបា។