កំណាព្យ =ស្ទឹងស្នេហ៍ប្រែចិត្ត
- សម្បថមាត់ស្ទឹងទ្រឹងចងចាំ បក្សីច្រៀងផ្តាំរាល់សន្ធិយា ផ្កាត្របែកព្រៃសួរអូនថា តើដល់ពេលណាអ្នកវិលវៃ។
- ដងស្ទឹងប្រែល្អក់ព្រោះខកចិត្ត នឹកសែនអាណិតឆោមពិសី អង្គុយចាំផ្លូវរៀងរាល់ថ្ងៃ ចាំស្ងាត់បាត់ថ្លៃអ្នកទៅណា?
- រលីងរលោងស្ទើរស្រែកយំ សម្បថស្នេហ៍មុំប្រែអសា ម្តេចរេក្រឡះក្បត់សន្យា ឱ ស្ទឹងស្នេហា ស្ងាត់ស្ងៀមឈឹង។
- សម្តីព្រោកប្រាជ្ញប្រែឥតន័យ ច័ន្ទបាត់រស្មី គ្មានពំនឹង ស្រពាប់ស្រពោនគ្មានព្រលឹង លែងយល់លែងដឹង ចិត្តវង្វេង។
- ខឹងចិត្តខ្លួនឯងម្តេចនៅនឹក? ចាំរាល់ល្ងាចព្រឹកទ្រូងចំបែង ស្នេហ៍និរាសបាត់ដូចជាផ្សែង ខកចិត្តគិតឈ្វេង រែងវិយោគ។
- គួររាងចាលហើយក្តីស្នេហ៍ក្បត់ ពាក្យផ្អែមប្រែចត់ ចិត្តសោយសោក ស្នេហ៍អស់តម្លៃ សល់ពាក្យបោក ដួងចិត្តវិប្បយោគ រស់គ្រាំគ្រា។
- ព្រលិតរំចង់ ស្រីធ្លាប់ដក ស្រូវស្រែបែរស្កក ជាមួយគ្នា បេះដូងខ្ទាំខ្ទេច ក្តិចឈឺផ្សា សល់ទឹកនេត្រាសម្រាប់យំ។
- ផ្តាច់និស្ស័យស្នេហ៍ត្រឹមប៉ុណ្ណឹង ភ្លេចហើយពាក្យចាំ ភ្លេចទ្រនុំ នឹកឃើញពាក្យម្តាយធ្លាប់អប់រំ ចចើងចិត្តធំនាំទឹកភ្នែក។
- កូនខុសហើយម៉ែ ភ្លេចបណ្តាំ ស្នេហ៍ចិត្តប្រេះស្រាំពេលឃ្លាតបែក ទម្រាំតែដឹងខ្សោះទឹកភ្នែក ស្នេហ៍កម្មមកជ្រែកឲ្យឃ្លាតឃ្លា។
0 comments:
Post a Comment