Monday, August 13, 2012

Happy with the rain

7/7/12

កំណាព្យ =រីករាយជាមួយតំណក់ភ្លៀង

-រាប់លានតំណក់ ឮសូរក្លិកក្លក់ ស្រក់ចាកមេឃា អង្គុយម្នាក់ឯង ក្នុងខ្ទមជរា ញ័រញាក់រងា ឯងឯកាកាយ។ -តែឃើញរុក្ខជាតិ សន្ទូងខ្មីឃ្មាត រីកស្រស់ត្រសាយ សម្លេងទឹកហូរ នៅក្នុងប្រឡាយ ក្មេងៗប្រញាយ លប្រណាំងគ្នា។ -ខ្លះរាវក្តាមខ្យង ស្រែកហ៊ោអឺងកង កញ្ជ្រៀវខ្ញៀវខ្ញា ធ្វើឲ្យខ្ញុំនឹក កាលវ័យកុមារ សប្បាយម្ល៉េះណា រត់ក្រោមទឹកភ្លៀង។ -ពេលភ្លៀងម្តងៗ កង្កែបហ៊ីងហង ឆ្លើយឆ្លងទាត់ទៀង ននោងលាស់ត្រួយ បោះពួយអួតរាង រីឯស្លឹកល្ងៀង ឈ្មៀងនេត្រគយគន់។ -ពោះកូរសញ្ញា នឹកឃ្លានអាហារ ប្រញាប់រួសរាន់ បាយកកប្រហុក ម្ហូបឆ្ងាញ់មិនអន់ ដណ្តើមគ្នាលាន់ កាយញាត់ៗ។ -ឯក្មេងនៅស្រែ មិនសូវទំនេរ ច្រើនតែនឿយហត់ ឃ្វាលគោក្របី រំពៃប្រយ័ត្ន ក្រែងលោវាបាត់ ខានជួយភ្ជួរពុក។ -ចងគោ វាលស្មៅ មិនឈប់ស្ងៀមនៅ រកអ្វីស្លរស្លុក ជួនបានទំពាំង ជួនបាចនៅថ្លុក បានត្រីដាក់ទុក គ្រាន់នឹងផ្ញើរម៉ែ។ -ជួនបានក្តាមខ្យង រីករាយកន្លង ផ្សែផ្សំម្អមស្រែ បានទាំងក្រសាំង ក្តិបអំពិលដែរ កំពឹសអបក្បែរ បុកឆ្ងាញ់ពិសារ។ -ភ្លៀងធ្លាក់ខ្ជោកខ្ជាំ ល្អផលដំណាំ ដាំក្នុងចម្ការ ននោងត្រសក់ ត្រឡាចចេញផ្កា រីល្ពៅខំវារ ឯបនឹងឱឡឹក។

0 comments:

Post a Comment