Sunday, August 26, 2012

Rural Children in Cambodia

កំណាព្យ =កុមារនៅស្រុកស្រែ

-ក្រោកពីព្រលឹមជួយការងារ សំអាតទីធ្លាឲ្យបានស្អាត រែកទឹកដាក់ពាងពេញៗព្រៀប ចានក្បានរៀងរៀបឲ្យត្រឹមត្រូវ។
-រួចរៀបចំខ្លួនទៅសាលា ម្នីម្នាយាត្រាដើរតាមផ្លូវ ចងចាំពាក្យម៉ែតែងប្រដៅ កូនខំរៀនទៅទាន់នៅក្មេង។
-ត្រឡប់ពីរៀនស្ទុះដាំបាយ រវៀងរាងអាយ ប្អូនរត់លេង បញ្ចុកប្អូនឃ្លាន និងបន្លែង លាតខ្សែឲ្យវែងយោលឲ្យដេក។
-ឆ្លៀតជួយពុកម៉ែ ឃ្វាលគោទៀត រវាំងឆ្លាស់ឆ្លៀត ដៃញាប់ស្អេក ត្បាញមួក ដេប៉ះ អាវរហែក មិននៅជជែកឥតបានការ។
-ជួនបេះព្រលឹតគ្រាន់ស្លរស្លុក ក្រសាំងគ្រាន់បុក ឆ្ងាញ់ពិសារ ឬក៏ស្ទូចត្រីផ្សែផ្សំគ្នា ជួនបានច្រវា ឬត្រីរ៉ស់។ -មិននៅទំនេរកូនអ្នកស្រែ បានជួយពុកម៉ែចិត្តសោមនស្ស ស្រោចទឹកដំណាំ ឲ្យល្អស្រស់ ស្លឹកគ្រៃលូតលាស់ពណ៌បៃតង។
-ននោង ត្រសក់ ផ្ទី ពពាយ ត្រឡាចមិនណាយ ទ្រើងរនង ឃ្លោក ត្រប់ ម្ទេសផ្លោក មិនរំលង ដុះក្បែររបង ច្រើនស្អេកស្កះ។
-បន្លែធម្មជាតិដាំខ្លួនឯង ខ្ញុំចេះចាត់ចែងដាំក្រោយផ្ទះ បើយើងទិញគេ នាំអស់ប្រាក់ សន្សំលុយកាក់ទិញសៀវភៅ។
-រសៀលត្រជាក់ គោចូលក្រោល ការងាររួចរាល់ យប់ក៏ជ្រៅ មើលមេរៀនទៀត ស្វាធ្យាយពៅ វិជ្ជាត្រាយផ្លូវបានរុងរឿង។

0 comments:

Post a Comment